សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នាវា​ដឹក​ប្រេង​បុក​ផែ

ព្រះសីហនុៈ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​ចុះ​ស្រាវជ្រាវ​ករណី​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ដែល​បាន​​បើក​បុក​កំពង់ផែ​ប្រេង​ឥន្ធនៈ​ក្រុមហ៊ុន​កម្ពុជា​តេលា​កាល​ពី​ថ្ងៃ​អង្គារ​ដែល​បាន​បង្ក​ការ​ខូចខាត​យ៉ាង​ដំណំ​ហើយ​យ៉ាង​ហោច​សន្តិសុខ​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ស្លាប់​។

លោក កុល ផាលី ស្នងការ​រង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិលមិញ​ថា​ផែ​ប្រេង​បណ្ដោយ​ប្រវែង​ជាង​ ១០០ ​ម៉ែត្រ​ និង​ទទឹង​ជាង​ ៨០ ​ម៉ែត្រ​បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​សមុទ្រ​បន្ទាប់ពី​នាវា​ដឹក​ប្រេង​ក្រុមហ៊ុន​តេលា​មួយ​មក​ពី​វៀតណាម​បាន​បើក​បុក​កាលពី​ល្ងាច​ថ្ងៃ​អង្គារ។

លោក​បាន​បន្ត​ថា​ក្រុម​កម្មករ​កំពង់ផែ​នោះ​ជាច្រើន​នាក់​ត្រូវ​បាន​ក្រុម​នាវិក​នៃ​នាវា​បង្ក​ហេតុ​នោះ​ជួយ​សង្គ្រោះ​បាន​ភ្លាមៗ​លើក​លែង​តែ​សន្តិសុខ​ម្នាក់​ឈ្មោះ សែម វណ្ណៈ អាយុ​ ១៨ ​ឆ្នាំ​ដែល​ស្នាក់​នៅ​ប្រចាំការ​ក្នុង​បន្ទប់​បុស្តិ៍​ត្រួតពិនិត្យ​លើ​ផែ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​គ្រា​ដែល​ប៉ុស្តិ៍​ត្រួតពិនិត្យ​នោះ​បាន​បាក់​​ព្រម​ជាមួយ​នឹង​អគារ​ការិយាល័យ​មួយ​ចំនួន​ទៀត។

សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នាវា​ដឹក​ប្រេង​បុក​ផែ

ប្រឡោះ​ផែ​ប្រេង (កន្លែង​ច្រហ) ក្រោយ​នាវា​ដឹក​ប្រេង​វៀតណាម​បុកដាច់។ រូបថត សហការី

លោក​ ផាលី បាន​ថ្លែង​ថា៖ «គិត​ត្រឹម​ម៉ោង​បី​រសៀល​ថ្ងៃ​ពុធ [ម្សិលមិញ] ​ជនរងគ្រោះ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ»។

ខណៈ​នេះ​ដែរ​ក្រុម​សមត្ថកិច្ច​កំពុង​សាកសួរ​ក្រុម​នាវិក​ និង​កម្មករ​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ឧបទ្ទវហេតុ​នេះ»។ លោក​ថា៖ «នេះ​ជា​ករណី​ដំបូង​ដែល​កើត​នៅ​កម្ពុជា»។

ចំណែក​លោក រស់ កី អធិការ​ស្រុក​ស្ទឹងហាវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​បុគ្គលិក​កម្មករ​មួយ​ចំនួន​ដែល​បម្រើការ​នៅ​លើ​ផែ​បាន​អះអាង​ថា​ការពិត​នាវា​ដឹក​ប្រេង​នោះ​ត្រូវ​បើក​ចូល​ចត​ដើម្បី​បូម​ប្រេង​ផ្ទេរ​ចេញ​ពី​នាវា​ទៅ​កាន់​ឃ្លាំង​ស្តុក​ប្រេង​ប៉ុន្តែ​មិន​ដឹង​ជា​មាន​បញ្ហា​បច្ចេកទេស​អ្វី​បាន​ជា​កាពីតែន​មិន​បន្ថយ​ល្បឿន​ធ្វើ​ឲ្យ​បុក​ចំ​ពាក់​កណ្ដាល​អគារ​ការិយាល័យ​ត្រួតពិនិត្យ និង​ប្ដូរ​ប្រេង​ដែល​ស្ថិត​នៅ​លើ​ផែ​នោះ​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថា៖ «ទោះ​ជា​បែប​ណា​ក្រុម​អ្នក​បច្ចេកទេស​,តំណាង​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បំភ្លឺ​ករណី​នេះ​ទេ​ដោយ​ពួកគេ​​ថា​កំពុង​ប្រជុំ​ពិភាក្សា​ និង​សិក្សា​ពី​ទំហំ​នៃ​ការ​ខូចខាត​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​ផ្សេង​ទៀត​ខណៈ​កាពីតែន​ជាតិ​វៀតណាម​ឈ្មោះ ឡាង ថា​មក​ពី​ខ្យល់​បក់​ខ្លាំង»។

នៅ​ថ្ងៃ​ម្សិលមិញ​ផង​ដែរ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ជំរុញ​ឲ្យ​​​ស៊ើប​អង្កេត​ល្អិតល្អន់​ដើម្បី​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ច្បាស់លាស់ និង​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​សហការ​សម្អាត​ប្រេង​ដែល​កំពុង​លេច​ធ្លាយ​ពី​នាវា​ចូល​ទៅ​ក្នុង​សមុទ្រ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត​ដល់​បរិស្ថាន និង​សត្វ​សមុទ្រ​ដែល​នៅក្នុង​តំបន់​ឆ្នេរ​នោះ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍