រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​ពីក្រោយ​ហើយ​កិន​ស្លាប់​ក្មេងស្រី​២​នាក់ និង​របួស​ម្នាក់​

​ភ្នំពេញ ៖ មនុស្ស​ស្រី​៣​នាក់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រូវ​រថយន្ត​កុងតឺន័រ​បើក​ក្នុង​ទិស​ស្របគ្នា បុក​ចំ​ពីក្រោយ​ហើយ​កិន​ពីលើ​ស្លាប់​២​នាក់​ភ្លាមៗ និង​របួសស្រាល​ម្នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ជោគ​មង្គល ហៅ​វត្ត​ព្រែក​ព្នៅ នៅតាម​បណ្តាល​ជាតិ​លេខ​៥ ភូមិ​កណ្តាល ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​នោះ ទី​១ ឈ្មោះ សុ​ត សេង​ហ៊ាន់ ភេទ​ស្រី អាយុ​១១​ឆ្នាំ ទី​២ ឈ្មោះ ប៊ុន ស្រី​ម៉ិច ភេទ​ស្រី អាយុ​២២​ឆ្នាំ និង​អ្នករងរបួស​ស្រាល មានឈ្មោះ ជា វឿន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ពួកគេ​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-9806 បច្ចុប្បន្ន​អ្នក​ទាំង​៣ ស្នាក់នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក UD ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1328 ក្រោយ​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​ពី​ការទទួលខុសត្រូវ​។​

សាក្សី​ឃើញ​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ជនរងគ្រោះ​ជិះ​គ្នា ៣​នាក់ ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​កុងតឺន័រ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន លុះដល់​ចំណូ​ច​កើតហេតុ រថយន្ត​កុងតឺន័រ​បាន​បុក​ម៉ូតូ​ពីក្រោយ​ហើយ​កិន​ទាំង​មនុស្ស​ទាំង​ម៉ូ បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​បាន​រងរបួស​ស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយពី​កើតហេតុ​បាន​លោត​ចុះ​រត់​គេចខ្លួនបាត់ ។ ហើយ​សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង​ធ្វើ​កំណត់ហេតុ នាំយក​រថយន្ត​ខាងលើ និង​ម៉ូតូ​មក​រក្សា​ទុក្ខ​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើងគោ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បានប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ​សព ៕

KA-31-03-2016-30 KA-31-03-2016-31 KA-31-03-2016-32