អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ បញ្ចៀស​ការ​លិចលង់​នៅ​រដូវវស្សា

អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​លូ បញ្ចៀស​ការ​លិចលង់​នៅ​រដូវវស្សា



ភ្នំពេញ ៖ អភិបាលខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត បាន​ចេញ​សេចក្តី​ជូន​ដំណឹ​ង​មួយ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ទីតាំង​អាជីវកម្ម ដែល​មាន​ក្បាលដី​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង រណប​ជ្រោយចង្វារ ឲ្យ​ចូលរួម​សហការ​បង្ក​លក្ខណៈ​ងាយស្រួល​ជាមួយ​អាជ្ញាធរ ដើម្បី​ស្ថាបនា​ផ្លូវ​ទំហំ​១០០​ម៉ែត្រ ប្រព័ន្ធ​លូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត ស្របតាម​ប្លង់​មេ​នៃ​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់​មុន​រដូវវស្សា​មកដល់ ការពារ​ការ​លិចលង់​ដោយ​ទឹកភ្លៀង។

លោក ឃ្លាំង ហួត បាន​សរសេរ​ក្នុង​លិខិត​ថា «​សាលាខណ្ឌ​ជ្រោយចង្វារ សូម​ជម្រាប​ជូនដំណឹង​ដល់​អស់លោក លោកស្រី ម្ចាស់​ទីតាំង​អាជីវកម្ម ដែលមាន​ក្បាលដី​ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍ ទីក្រុង​រណប​ជ្រោយចង្វារ​ឲ្យ​បាន​ជ្រាបថា ដើម្បី​ជំរុញ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ​ឲ្យ​បាន​ជោគជ័យ និង​ឆាប់រហ័ស សាលា​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ផ្លូវ ប្រព័ន្ធ​លូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត ស្របតាម​ប្លង់​មេ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​នៅមុន​រដូវវស្សា​ខាងមុខ​នេះ​។

ដូចនេះ សូម​អស់លោក លោកស្រី ដែល​មាន​ក្បាលដី​ពាក់ព័ន្ធ ចូលរួម​សហការ​ក្នុងការ​ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរទឹក​ភ្លៀង និង​ការស្ថាបនា​ផ្លូវ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ ក៏ដូចជា​រំដោះ​ទឹកភ្លៀង​កុំ​ឲ្យ​ដក់​លិចលង់​ភូមិ​ដ្ឋាន​ក្នុង​តំបន់​»៕