បុណ្យចូលឆ្នាំ​៖ ផ្ទះសំណាក់​និង​សណ្ឋាគារ​នៅ​សៀមរាប​ចាប់ផ្តើម​ឡើងថ្លៃ​

​សៀមរាប​៖ នេះ​ទើប​ថ្ងៃទី​៣១ ខែមីនា គឺ​មិនទាន់​ចូល​ខែមេសា ដែលជា​ខែ​ចូលឆ្នាំ​ផង ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​មួយចំនួន​ក្នុង​ទីក្រុង​សៀមរាប បានប្រកាស​ពី​ការដំឡើងថ្លៃ​សេវា​បន្ទប់​របស់ខ្លួន​រួចទៅហើយ​។ មានផ្ទះ​សំណាក់​ខ្លះ ឡើងថ្លៃ​ពាក់កណ្តាល ធៀប​នឹង​តម្លៃ​បន្ទប់​ចំពោះ​ថ្ងៃ​ធម្មតា​។

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ឲ្យ​មក​កម្សាន្ត​ខេត្តសៀមរាប​។ ភ្ញៀវទេសចរ​ដែល​ចង់​ដើរ​កម្សាន្ត​ពេល​អង្គរ​សង្ក្រាន្ត ឫ​ថ្ងៃ​ចូលឆ្នាំ​នៅ​សៀមរាប ត្រូវ​កក់​បន្ទប់​សម្រាក​ជាមុន ព្រោះថា បន្ទប់​សណ្ឋាគារ ជាពិសេស​បន្ទប់​ផ្ទះសំណាក់ ដែល​ពេញនិយម​សម្រាប់​ទេសចរ​ក្នុងស្រុក​នោះ អាច​នឹង​អស់​ក៏​ថា​បាន​។​

​ម្ចាស់ផ្ទះ​សំណាក់ ច្នៃ​ជា​កូន​វីឡា​មួយ​ដ៏​ស្រស់ស្អាត​នៅ​ភូមិ​ស្ទឹង​ថ្មី ក្បែរ​តំបន់​ផ្សារ​ចាស់ លោក គី​រី​ន បាន​ឲ្យ​ដឹងថា បន្ទប់​ស្នាក់​នៅផ្ទះ​វីឡា​របស់គាត់ ឡើងថ្លៃ​ដល់​៣០​ដុល្លារ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​។ សម្រាប់​ថ្ងៃ​ធម្មតា គឺ​បន្ទប់​ស្នាក់​នេះ មានតម្លៃ​ពី​១៥ ទៅ​២០ តែប៉ុណ្ណោះ​។ លោក គី​រី​ន ដែលជា​ម្ចាស់​ផ្ទះសំណាក់​ខ្មែរឥស្លាម​ដំបូង​នៅ​សៀមរាប ធ្លាប់បាន​ប្រាប់​ពី​មូល​ហេតុថា លោក​ដំឡើងថ្លៃ​តាម​គេឯង​ពេល​មាន​បុណ្យទាន​ម្តងៗ ។ «​វា​ជា​រឿង​ធម្មតា​ទេ កន្លែង​ណា​ក៏​គេ​ដំឡើង​ដែរ​។ ពេល​បុណ្យទាន​ម្តងៗ តែ​ប៉ុណ្ណឹង​»​។​

​បើទោះជា​លោក គី​រី​ន ម្ចាស់ផ្ទះ​សំណាក់ គី​រី​ន​ម៉ា​រី មិនបាន​ពន្យល់​ពី​មូលហេតុ​ឲ្យ​ជាក់លាក់​ក៏ដោយចុះ តែ​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក ជា​មូលហេតុ​។ បុគ្គលិក​មិនត្រូវ​បាន​ឈប់សម្រាក​នោះទេ ដូច្នេះ​ពួកគេ​ត្រូវ​ទទួលបាន​ប្រាក់​បន្ថែម​នៅ​ថ្ងៃបុណ្យ​នោះ​។ នេះ​ជាការ​លើកឡើង​របស់លោក ទិ​ត្យ សុធា​រ៉ា ម្ចាស់​សណ្ឋាគារ ៣០៦ នៅ​ម្តុំ​ផ្លូវ​លោកតា​ណឺ​យ​។​

​យ៉ាងណាក៏ដោយ ម្ចាស់​សណ្ឋាគារ​ថ្មីថ្មោង លោក ទិ​ត្យ សុធា​រ៉ា អះអាងថា កន្លែង​របស់លោក​នឹង​ឡើងថ្លៃ​តិចតួច​តែប៉ុណ្ណោះ បើ​ធៀប​នឹង​កន្លែង​ដទៃ​។ លោក​ពន្យល់ថា ការដំឡើងថ្លៃ​សេវា គឺ​លោក​ដើម្បី​ឲ្យ​លោក​យកទៅ​បំពេញ​ប្រាក់​ឈ្នួល​បុគ្គលិក ដែល​ត្រូវ​បន្ថែម​ពេល​ពួកគេ​ធ្វើការ​ក្នុង​ថ្ងៃ​ត្រូវ​ឈប់សម្រាក​។ «​ក្រៅពី​ដំឡើងថ្លៃ​ឈ្នួល​ហើយ កន្លែង​ខ្ញុំ​ក៏មាន​រៀបចំ​បាយ​ឲ្យ​ពួកគេ​ហូប​នៅក្នុង​សណ្ឋាគារ​ដែរ ព្រោះថា​ពេលនោះ ភ្ញៀវ​ច្រើន​មែនទែន មិនអាច​ដកខ្លួន​បាន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សុធា​រ៉ា មុននឹង​លោក​បន្តថា លោក​មិនទាន់​កំណត់​តម្លៃ​ដែល​ត្រូវ​ឡើង​ពេល​ចូលឆ្នាំ​នេះ​ទេ​។​

​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៥ មីនា​កន្លងទៅ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ ធ្លាប់បាន​ប្រកាស​កុំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ គួរ​កុំ​ឡើងថ្លៃ​ហួសហេតុ​ពេក​។ ការណ៍​នេះ លោក សេង​កាក់ ដឹង​ច្បាស់​ហើយ​ថា រាល់ពេល​មានបុណ្យ​ទាន​ម្តងៗ ពិសេស​ពេល​អង្គរ​សង្ក្រាន្ត ឈ្នួ​ញ​តែង​ដំឡើងថ្លៃ​សេវា តាមតែ​មាត់​របស់​ពួកគេ​។ លោក សេង​កាក់ អះអាងថា ធ្លាប់មាន​ប្រជាពលរដ្ឋ​រអ៊ូ​ដាក់​ត្រចៀក​លោក និង​ស្នើ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ផង​៕