កម្ពុជា​-​កូរ៉េខាងត្បូង​កំពុង​រៀបចំ​ទស្សនកិច្ច​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ មក​កម្ពុជា​

​ភាគី​កម្ពុជា និង​កូរ៉េខាងត្បូង កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ មក​កម្ពុជា តាម​សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ការបញ្ជាក់​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​លោក Kim Hyoung-zhin នៅ​ព្រឹក​នេះ​នា​ទីស្តីការក្រសួង​។

​ថ្លែង​ចំពោះមុខ​អ្ន​កាសែត​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ ស​ន្ទ​រី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ពី​គម្រោង ដោយ​ការកំណត់​ពេលវេលា​សម​ស្រប​ណាមួយ ក្នុងការ​សម្របសម្រួល​កម្មវិធី​សម្រាប់​ភាគី​ទាំងពីរ ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​មក​កម្ពុជា​។ លោក ជុំ ស​ន្ទ​រី មិនទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា គម្រោង​នៃ​ការអញ្ជើញ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ មក​កម្ពុជា​នេះ គឺ​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។​

​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោក Kim Hyoung-zhin ក៏បាន​ពិភាក្សាគ្នា​ពី​គម្រោង​ក្នុង​ការទទួល​ដំណើរ​របស់​លោកស្រី ប៉ាក គឿន​ហេ មក​កម្ពុជា​ផងដែរ​។ បើតាម​លោក ជុំ សុន្ទរី លោកស្រី ប៉ាក គឿន​ហេ អាច​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​នេះ តែ​មិនទាន់មាន​ការបញ្ជាក់​ពី​ពេលវេលា​ជាក់លាក់ នៅឡើយ​នោះទេ​។​

​ខណៈដែល​កម្ពុជា​កំពុង​រៀបចំ​គម្រោង​អញ្ជើញ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ មក​កម្ពុជា​នេះ លោក ហោ ណាំហុង ក៏បាន​បដិសេធ​បំណង​របស់​ឯកអគ្គរ​ដ្ឋ​ទូត​កូរ៉េខាងជើង​ចប់​អាណត្តិ លោក ហុង គី​ច​យ កាលពី​ថ្ងៃទី​១៧ ខែមីនា កន្លងមក ។ លោក ហុង គី​ច​យ បាន​អះអាងថា ប្រធានរដ្ឋសភា និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​កូរ៉េខាងជើង ចង់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ហើយ​កូរ៉េខាងជើង ក៏​ចង់​អញ្ជើញសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ផងដែរ តែ​ត្រូវបាន​លោក ហោ ណាំហុង បដិសេធថា សម្តេច ហ៊ុន សែន មាន​កិច្ចការ​ជាតិ​ជាប់​មមាញឹក និង​ការងារ​អន្តរជាតិ​ច្រើន​ទៀត ដែល​មិនទាន់មាន​ពេលវេលា​ក្នុង​ការទទួល​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង និង​អាច​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​បាន​នោះទេ​៕