លោកស្រី ស៊ូ​ជី នៅតែ​ជា​ប្រធាន​បក្ស ទោះ​កាន់តំណែង​រដ្ឋមន្ត្រី​៤​ក្រសួង​

​នៅ​ថ្ងៃទី​៣០ ខែមីនា​ម្សិលមិញ​នេះ ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ស្បថ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​៤​ក្រសួង​ក្នុង​រដ្ឋាភិបាល​ស៊ីវិល​របស់​ប្រធានាធិបតី ធិ​ន ច ។ ប៉ុន្តែ​លោកស្រី នឹង​នៅតែ​បន្ត​ដឹកនាំ​គណបក្ស​ដដែល ទោះជា​រដ្ឋធម្មនុញ្ញ​ហាម​មិន​ឲ្យ​រដ្ឋមន្ត្រី​ណាមួយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​គណបក្សនយោបាយ​ក៏ដោយ​។

​អ្នកនាំពាក្យ​គណបក្ស NLD លោក Zaw Myint Maung និយាយថា ប្រមុខ​គណបក្ស​នេះ​លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​បន្ត​តួនាទី​ជា​ថ្នាក់ដឹកនាំ​ដដែល បើទោះជា​លោកស្រី​បាន​ក្លាយជា​រដ្ឋមន្ត្រី​៤​ក្រសួង​ទៅហើយ​ក្ដី​។ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០០៨ ចែងថា សមាជិក​គណៈរដ្ឋមន្ត្រី​ដែលជា​សមាជិក​បក្សនយោបាយ មិនត្រូវ​ចូលរួម​ក្នុង​សកម្មភាព​បក្សនយោបាយ​ក្នុង​អាណត្តិ​ខ្លួន​នោះទេ ពោលគឺ​ចាប់ពី​ថ្ងៃ​ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​សហភាព​។ 

​លោក Zaw Myint Maung បាន​ប្រាប់​សារព័ត៌មាន​The Irrawaddy នៅ​ថ្ង​ទី​២៩ ខែមីនា ថា លោកស្រី ស៊ូ​ជី នឹង​នៅតែ​ជា​មេដឹកនាំ​បក្ស​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ដែល​លោកស្រី​បាន​បង្កើត​នៅ​ឆ្នាំ​១៩៨៨​។ លោក​ថា លោកស្រី ស៊ូ​ជី នឹងមិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្នុង​បក្ស​ទៀត​ទេ តែ​លោកស្រី​នឹង​នៅតែ​ជា​មេដឹកនាំ​បក្ស​ដដែល​។ លោក​បកស្រាយ​ថា រដ្ឋធម្មនុញ្ញ​មិនបាន​និយាយថា អ្នក​ត្រូវតែ​ចាក​ចេញពី​បក្ស​នៅពេលដែល​អ្នក​កាន់តំណែង​រដ្ឋមន្ត្រី​នោះទេ​។ 

​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ក្លាយជា​សមាជិក​គ​ណៈ​រដ្ឋមន្ត្រី​ថ្មី​របស់លោក ធិ​ន ច ហើយ​លោកស្រី​ទើបតែ​ស្បថ​កាន់តំណែង​នៅ​ថ្ងៃទី​៣០ ខែមីនា​ផងដែរ​។ លោកស្រី​នឹង​កាន់តំណែង​ជា​រដ្ឋមន្ត្រី​៤​ស្ថាប័ន​គឺ ក្រសួងការបរទេស ក្រសួង​អប់រំ ក្រសួង​អគ្គិសនី​និង​ថាមពល និង​ចុងក្រោយ​នោះ​គឺ​ការិយាល័យ​ប្រធានាធិបតី ខណៈ​រដ្ឋាភិបាល​ថ្មី​នឹងត្រូវ​ចូលកាន់​តំណែង​ចាប់ពី​ថ្ងៃទី​១ ខែមេសា​តទៅ​។

​លើសពីនេះ ក្នុងពេលដែល​លោកស្រី ស៊ូ​ជី មិនអាច​ចូលរួម​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​បក្ស អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់ថា បក្ស NLD នឹងត្រូវ​គ្រប់គ្រង​ដោយ​លេខាធិការដ្ឋាន​មួយ​មាន​សមាជិក​៥​នាក់ និង​គណៈកម្មាធិការ​ក​ណ្ដា​លប​ក្ស (CEC)​។ សមាជិក​ទាំង​៥​នោះ សុទ្ធតែ​ឥស្សរជន​ជាន់ខ្ពស់​របស់​គណបក្ស NLD ដែល​រួមទាំង​លោក Zaw Myint Maung ផងដែរ​។ 

​ទាក់ទិន​នឹង​ការសម្រេចចិត្ត​វិញ លោក Zaw Myint Maung បកស្រាយ​ថា សមាជិក​របស់​CEC មាន​បទពិសោធ​គ្រប់គ្រាន់​ដើម្បី​សម្រេចចិត្ត និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​។ លោក​ថា បញ្ហា​នៅពេលនេះ​មិនសូវ​ជា​ធ្ងន់​ធ្ងន់​ដូច​កាល​មុន​នោះទេ​។

​ជុំវិញ​បញ្ហា​នេះដែរ ភាពមិនច្បាស់លាស់​ក្នុងការ​បែងចែក​រវាង​ការងារ​បក្ស​និង​ការងារ​រដ្ឋាភិបាល ក៏ត្រូវ​បាន​មើលឃើញ​តាំងពី​អាណត្តិ​លោក ថេ​ន សេន មក​ម្លេះ​។ នៅ​ឆ្នាំ​២០១៥ លោក ថេ​ន សេន ដែលជា​ប្រធានាធិបតី បាន​កាន់តំណែង​ជា​ប្រធាន​បក្ស​សហភាព រួបរួម​និង​អភិវឌ្ឍន៍ ខណៈ​ប្រធាន​បក្ស ស្វេ ម៉ាន ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​៕