ខ្ពង់​រាប​ និង​ជួរ​ភ្នំ​មួយ​ចំនួន​ក្នុង​ស្រុក​សំពៅ​លូន ​អាច​បាត់​ឈ្មោះ​ពី​ផែនទី

ខ្ពង់​រាប​ និង​ជួរ​ភ្នំ​មួយ​ចំនួន​ក្នុង​ស្រុក​សំពៅ​លូន ​អាច​បាត់​ឈ្មោះ​ពី​ផែនទី



បាត់ដំបង ​៖ ​តំបន់​ខ្ពង់រាប និង​កូនភ្នំ​ជាច្រើន​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​សំពៅ​លូន​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ ថៃ អាច​បាត់ឈ្មោះ​ពី​ក្នុង​ផែនទី​នា​ពេល​ដ៏​ខ្លី​ខាងមុខ​ដរាបណា​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​ឆ្លៀតឱកាស​ចង​សម្ពន្ធភាព​ជា​ប្រព័ន្ធ​ជាមួយ​នឹង​អង្គភាព​ជំនាញ​ ពិសេស​គឺ​ខាង​អាជ្ញាធរ​តែម្តង​ធ្វើ​ឲ្យ​ពួកគេ​អាច​ទាញ​យក​ផល​ចំណេញ​ពី​តំបន់​នេះ​បាន​យ៉ាង​ងាយ​ជាទីបំផុត។

បើ​តាម​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា ចាប់តាំង​ពី​ឆ្នាំ​១៩៩៣ ​ ដែល​កម្ពុជា​បាន​ធ្វើ​សមាហរណកម្ម​ជាមួយ​នឹង​កងទ័ព​ព្រៃ​រួច​មក​ គេ​​សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​តំបន់​ខាងលើ​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ចំណូល​ថ្មី បាន​ចាប់ផ្តើម​រុករាន​ទន្ទ្រានព្រៃ​ដើម្បី​កាប់ឆ្ការ​យក​មក​កាន់កាប់​ធ្វើជា​ដី​កម្មសិទ្ធិឯកជន។

ដោយសារតែ​បញ្ហា​នេះហើយ​ បានជា​តំបន់​ខ្ពង់រាប​មួយចំនួន​ដែល​កាលពីដើម​សុទ្ធសឹងតែ​ជា​ដី​របស់​រដ្ឋ បានប្រែក្លាយ​ទៅជា​មាន​ម្ចាស់​ទាំងអស់​កុំថាឡើយ​ត្រឹម​តំបន់​ខ្ពង់រាប​សូម្បីតែ​តួ​ភ្នំ​ក៏​សឹងតែ​មាន​អ្នក​ចង់​បានដែរ ព្រោះ​វា​ហុច​ផល​បាន​ច្រើនយ៉ាង ប៉ុន្តែ​ដោយសារ​តែ​បច្ចុប្បន្ន​ព្រៃឈើ​ក្នុង​តំបន់​នេះ​វា​បាន​ប្រែក្លាយ​ទៅជា​វាល​អស់​ទៅ​ហើយ​នោះ បានជា​ក្រុម​ឈ្មួញ​មួយចំនួន​បានចាប់ផ្តើម​បង្វែរ​ទិសដៅ​ទៅ​ប្រកប​របរ​កាយ​យក​អាចម៍ដី​លក់​ទៅវិញ​ ហើយ​ដី​ដែល​ពួកគេ​ដាក់​គ្រឿងចក្រ​ចុះទៅ​កាយ​នោះ​គឺជា​ដី​ក្នុង​តំបន់​ជួរ​ភ្នំ​តែម្តង។

បើ​តាម​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា ប្រការ​ ដែល​ក្រុម​ឈ្មួញ​រកស៊ី​កាយ​ដី​លក់​មាន​សិទ្ធិ​បែប​នេះ​គឺ​មិន​ខុស​អំពី​ការ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា ​ចង​ជា​ប្រព័ន្ធ​នោះ​ទេ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ ម្ល៉េះ​គ្រឿងចក្រ​ត្រូវ​អាជ្ញាធរ ឬក៏​ខាង​ជំនាញ​ក្រសោប​តាំងពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ មិនមែន​​​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​នោះទេ។

បច្ចុប្បន្ន​តួ​ភ្នំ​មួយចំនួន​ដែល​ក្រុម​ឈ្មួញ​​កំពុង​បំផ្លាញ​សឹងតែ​អស់​មួយ​ចំហៀងៗ​ទៅហើយនោះ គឺ​មាន​ដូចជា​ភ្នំ​សំពៅ​លូន ភ្នំ​តា​ស្តា ភ្នំ​វាលវង់ ភ្នំ​ត្រាវ​ជូរ និង​ភ្នំ​គីឡូ​១១ ជាដើម​។​ល​។ ចំណែក​ភ្នំ​វាលវង់ គឺ​ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ​សាងសង់​ជា​ដីឡូត៍​ដើម្បី​លក់​ ដោយ​គេ​បាន​វាតទី​ទៅដល់​ចង្កេះភ្នំ​តែម្តង ដែល​មើលទៅ​ដូចជា​មិន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ ឬក៏​អាជ្ញាធរ​បន្តិច​ណា​ទាល់តែសោះ បើ​នៅតែ​របៀប​នេះ មិនយូរ​ទេ​ក្មេង​ជំនាន់​ក្រោយ​លែង​បាន​ស្គាល់​ភ្នំ​ទាំងនោះ​ហើយ​ដោយ​នៅ​សល់តែ​ឈ្មោះ​តែប៉ុណ្ណោះ ​ ហើយក៏​លែង​មាន​ឈ្មោះ​នៅ​ក្នុង​ផែនទី​តទៅទៀត​ដែរ៕
ខ្ពង់​រាប​ និង​ជួរ​ភ្នំ​មួយ​ចំនួន​ក្នុង​ស្រុក​សំពៅ​លូន ​អាច​បាត់​ឈ្មោះ​ពី​ផែនទី

ខ្ពង់​រាប​ និង​ជួរ​ភ្នំ​មួយ​ចំនួន​ក្នុង​ស្រុក​សំពៅ​លូន ​អាច​បាត់​ឈ្មោះ​ពី​ផែនទី