អាមេរិក​សរសើរ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ និង វិស័យ​ធនាគារ​មាន​ភាព​រីកចម្រើន

អាមេរិក​សរសើរ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ និង វិស័យ​ធនាគារ​មាន​ភាព​រីកចម្រើន



ភ្នំពេញ ​៖ ​លោក William. A. Heidt. ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ដល់ រាជរដ្ឋាភិបាល និង ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​កន្លង​មកនេះ​ពិតជា​មានការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ និង​ វិស័យ​ធនាគារ​មានការ​ប្រែប្រួល​ប្រកបដោយ​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់។

លោក​William. A. Heidt បាន​និយាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា នេះ ថា ភាព​រីកចម្រើន​របស់​វិស័យ​ធនាគារ​នៅ​កម្ពុជា​នេះ បាន​ជួយ​សម្រួល និង​បាន​គាំទ្រ​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ។

លោក​បន្តថា ដូចនេះ ដើម្បី​ឲ្យ​វិស័យ​ធនាគារ​របស់​កម្ពុ​ជា​កាន់​តែ​មាន​ការ​រីកលូតលាស់​ថែម ទៀត​នោះ ជា​គោលជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក គឺ​នៅតែ​បន្ត​ជួយ​ជំនួយ​បច្ចេកទេស​ដល់ ធនាគារ​ជាតិ​នៃ​កម្ពុជា​ជា​បន្ត​ទៀត និង បាន​សន្យា​ថា​នឹង​ជួយ​ជំរុញ​អ្នកវិនិយោគទុន​អាមេរិក​ឲ្យ​មក បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែមទៀត។

ការ​លើក​ឡើង​​​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​រូប​នេះ គឺ​នៅ​ខណៈ​ដែល ឯកឧត្ដម​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ក្នុងជំនួប​នោះដែរ លោក ជា ចាន់តូ បាន​លើកឡើងថា ការ​រីកចម្រើន​ទាំងឡាយ​នៅក្នុង វិស័យ​ធនាគារ​របស់​កម្ពុជា ក៏មាន​ការរួមចំណែក​យ៉ាងសកម្ម​ពី​សហរដ្ឋអាមេរិក​ផង​ដែរ តាមរយៈ​ការផ្ដល់ ជំនួយ​​បច្ចេកទេស។

លោក ជា ចាន់តូ បាន​ជម្រាប​ជូន​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថា បច្ចុប្បន្ន​នេះ វិស័យ​ធនាគារ​នៅ​កម្ពុជា​គឺ​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់ ជាក់ស្ដែង​អត្រា​អតិផរណា​កន្លង​មកនេះ គឺ​ប្រែប្រួល​ត្រឹម​កម្រិត​តែ​៣% ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ចំណែក​អត្រា​ប្ដូរ​ប្រាក់​វិញ​ គឺ​ធនាគារ​ជាតិ​នៃ កម្ពុជា​គ្រប់គ្រង​បាន​ល្អ​ ដែល​ជា​ការ​រួមចំណែក​ដ៏​សំខាន់​ ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​រក្សា​បាន​កំណើន សេដ្ឋកិច្ច​ក្នុង​រង្វង់​៧% នា​ឆ្នាំ​កន្លង​មក​នេះ។

អត្រា​ប្ដូរ​ប្រាក់ និង​អត្រា​អតិផរណា​ប្រែប្រួល​ក្នុង​រង្វង់​គ្រប់គ្រង​បែបនេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ពង្រឹង បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង ជំរុញ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ​បាន​ល្អ​ទៀត​ផង។ ជាក់ស្ដែង នៅ​កម្ពុជា​បច្ចុប្បន្ន​​នេះ​ មាន​ធនាគារ​ពាណិជ្ជ​មាន​រហូតដល់ ៣៦ ធនាគារ​ឯកទេស​មាន ១៦ និង មាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៥១ ស្ថាប័ន។
លោក​បន្តថា តាមរយៈ​នេះ ​គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​វឌ្ឍនភាព​វិស័យ​ធនាគារ​កម្ពុជា ក្នុង​នោះ​បាន​ធ្វើ​ឲ្យ​មានទ្រព្យ​សកម្ម​សរុប​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើន​ឡើង​ប្រមាណ ​២៤ កោដិ​ដុល្លារ អាមេរិក​បើ​ធៀប​នឹង​ផលទុន​សរុប​របស់​ជាតិ (GDP) ហើយ​ប្រាក់​បញ្ញើ​វិញ ​បាន​កើន​ប្រមាណ​១៣ កោដិ​ដុល្លារ​អាមេរិក​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ជាមួយ​នេះ​ដែរ អ្វី​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ គឺ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ពេញវ័យ មាន​ប្រមាណ ៥០% ចេះ​ប្រើប្រាស់​សេវា​ធនាគារ និង ហិរញ្ញវត្ថុ៕