ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​រក​វិធី​ពង្រាយ​គ្រូ​ ពី​កន្លែង​លើស ​ ទៅកាន់​កន្លែង​ខ្វះ

ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​រក​វិធី​ពង្រាយ​គ្រូ​ ពី​កន្លែង​លើស ​ ទៅកាន់​កន្លែង​ខ្វះ



ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង កីឡា ខិតខំ​រក​វិធី​ដើម្បី​ពង្រាយ​គ្រូ​ឲ្យ​បាន​ទៅដល់​ជនបទ ដោយ​សម្តេច​បានផ្តល់​ជា​គំនិត​ថា បញ្ហាសំខាន់​បំផុត​ដើម្បី​ឲ្យ​គ្រូ​ទៅកាន់​ទី​ជនបទ​គឺ​សាលារៀន​ត្រូវតែ​មាន​ផ្ទះ​សម្រាប់​គ្រូ​ស្នាក់នៅ ឬ អាច​ផ្តល់​ប្រាក់​ថ្លៃ​ជួល​ផ្ទះ​សម្រាប់​លោកគ្រូ អ្នកគ្រូ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែប​នេះ​ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា នា​ល្ងាច​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ ២០១៦ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការខ្វះខាត​គ្រូ​នៅ​ជនបទ​វា​មិនមែនជា​រឿង​ថ្មី​នោះទេ ដូច​សម្តេច​ធ្លាប់បាន​លើកឡើង​ជាមួយ​ក្រសួងសុខាភិបាល​នាពេល​កន្លងមក​រួចហើយ​ថា គ្រូពេទ្យ ៧០ ភាគរយ​បម្រើ​ប្រជាជន ៣០ ភាគរយ​នៅ​ទីក្រុង​និង ទីប្រជុំជន។ ចំណែក​គ្រូពេទ្យ ៣០ ភាគរយ​បម្រើ​ប្រជាជន រហូត ៧០ ភាគរយ​នៅ​ទី​ជនបទ ប៉ុន្តែ​បញ្ហា​នេះ​ក្រសួងសុខាភិបាល​បានធ្វើ​ហើយ។ សម្តេច​បន្តថា ឥឡូវ​ដល់ពេល​ក្រសួង​អប់រំ​ហើយ​ដែល​ត្រូវ​ពង្រាយ​គ្រូ​ឲ្យ​ទៅកាន់​ទីជនបទ។ បញ្ហាសំខាន់​ត្រូវធ្វើ​បែបណា​ជំរុញ​លើកទឹកចិត្ត​គ្រូ​ឲ្យ​ទៅកាន់​ទីជនបទ ហើយ​បញ្ហាសំខាន់​គឺត្រូវធ្វើ​ផ្ទះ​សម្រាប់​គ្រូបង្រៀន​ស្នាក់នៅ ឬ ផ្តល់ប្រាក់​លើកទឹកចិត្ត ឬ ផ្តល់ប្រាក់​សម្រាប់​ជួល​ផ្ទះ​ដល់​លោកគ្រូ​អ្នកគ្រូ។

បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា ការ​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រូ និង លើស​គ្រូ​នៅក្នុង​តំបន់​មួយ​ចំនួន ​ដែល​ទាមទារ​ឲ្យ​មានការ​ពង្រាយ​គ្រូបង្រៀន​ពី​កន្លែង​លើស​គ្រូ ទៅ​កន្លែង​ខ្វះ​គ្រូ។ សូម្បីតែ នៅ​រាជធានី​ភ្នំពេញ​ចំនួន​សិស្ស​នៅ​តាម​សាលា​នៅ​កណ្ដាល​ក្រុង​ខ្លះ​ធ្លាក់ចុះ​ពាក់​កណ្តាល ហើយ​សិស្ស​រៀន នៅតាម​ខណ្ឌ​ជាយក្រុង​កើន​ឡើង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ចំនួន​សិស្ស​តាម​ថ្នាក់រៀន​កើន​ឡើង​ដល់ ៦០ នាក់​ក្នុង មួយ​ថ្នាក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ។

ពាក់ព័ន្ធ​ការ​យឺតយ៉ាវ​ក្នុងការ​តែងតាំង​នាយក​សាលា​ក្នុង​ខេត្ត​មួយ​ចំនួន ដែល​ក្នុង​ករណី​ភាគច្រើន​នៅ​កកស្ទះ​នៅ​ក្រុមប្រឹក្សា​ស្រុក ធ្វើ​ឲ្យ​នាយក​ស្តីទី ឬ គណៈ​គ្រប់គ្រង​សាលា​មិន​អាច​ទទួលបាន​នូវ​ប្រាក់​បំណាច់​មុខងារ​នាយក។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បញ្ហា​នេះ​ក្រសួង​អប់រំ​បាន​ប្រគល់​អំណាច​ទៅ​ឲ្យ​ថ្នាក់ក្រោម​ហើយ ប៉ុន្តែ​ថ្នាក់ក្រោម​មិនចេះ​ប្រើ​អំណាច​នេះ។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​មាន បញ្ហា​សម្តេច​បានសម្រេច​ថា​ក្នុង​រយៈពេល​មួយខែ ប្រសិនជា​ថ្នាក់ក្រោម​មិនអាច​តែងតាំង​បានទេ គឺ​រដ្ឋមន្ត្រី ក្រសួង​អប់រំ ត្រូវ​សម្រេច​ធ្វើការ​តែងតាំង​តែម្តង។ ​ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ពេលបច្ចុប្បន្ន​នេះ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សិស្ស​សរុប​ចំនួន ៣.១៧១.៦៦៨​នាក់ និស្សិត​សរុប​ចំនួន ២២៧.៣៨៥ នាក់ និង មាន​បុគ្គលិក​អប់រំ​ទូទាំង​ប្រទេស​មាន​ចំនួន ១១៥.៣០៥ នាក់។

លោក ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អង្គសន្និបាត​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន ១៤ ដើម្បី​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​និង​គ្រប់​ជ្រុងជ្រោយ​លើ​ចំណុចខ្លាំង ចំណុច​ខ្វះខាត​ដែល​នៅ​សេសសល់ បញ្ហា​ប្រឈម និង រួមគ្នា​កំណត់​វិធានការ​ដោះស្រាយ​ឲ្យ​បាន​កាន់តែ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​របស់​វិស័យ និង ជាពិសេស​ការសម្រេច​គោលនយោបាយ និង យុទ្ធសាស្ត្រ​នានា​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៤-២០១៨ និង ដើម្បី​ឈានទៅ​សម្រេច​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល។

តាម​របាយការណ៍​របស់​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​អគារសិក្សា​ជាច្រើន​នៅ​ទូទាំងប្រទេស​ពិសេស​តាម​តំបន់​ព្រំដែន និង តំបន់​ជួប​ការលំបាក​ក្នុង​គោលដៅ​បង្ខិតបង្ខំ​សាលារៀន​ឲ្យ​ទៅជិត​លំនៅឋាន​របស់​ប្រជាជន​ជា​លទ្ធផល​នៅ​ទូទាំង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​កម្ពុជា​មាន​សាលា​ម​ត្តេ​យ្យ​សិក្សា និង សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ ឯកជន​សរុប ១៣.៣៣៣ ក្នុង​នេះ​រួមមាន សា​លា​មត្តេយ្យ​សិក្សា​៤.០២៦ សាលាបឋមសិក្សា ៧.៤៤២​អនុវិទ្យាល័យ ១.២៩៤​និង​វិទ្យាល័យ​៥៧១​ដែល​ក្នុង​នោះ​មាន​អគារ​ចំនួន ៣.៦២៣​ខ្នង ស្មើនឹង ១៨.៨៨៦​បន្ទប់។

របាយការណ៍​ឲ្យ​ដឹងថា អត្រា​ពិត​នៃ​ការសិក្សា​របស់​កុមារ​នៅ​បឋមសិក្សា​សាធារណៈ និង​ឯកជន​មាន ៩៨,៤ ភាគរយ​(​ស្រី​៩៩,៣​ភាគរយ​)​។ ក្នុងនេះ​សិស្ស​សរុប​នៅ​គ្រប់​ភូមិ​សិក្សា​សាធារណៈ និង ឯកជន​ម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា មាន​ចំនួន​៣.១៧១.៦៦៨​នាក់​ស្រី ១.៥៥៧.៦០១​ស្មើ​​នឹង​៤៩,១១​ភាគរយ។ បុគ្គលិក​អប់រំ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​១១៥៣០៥​នាក់ ក្នុងនេះ​ស្រី​៥០១៤៥​នាក់ ត្រូវ​នឹង ៤៣,៤៩​ភាគរយ។ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មាន ១១៨​នាក់ ក្នុង​នោះ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​រដ្ឋ​៤៦​ និង​ឯកជន​៧២​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​រាជធានី​-​ខេត្ត​ចំនួន​១៩។ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំងនោះ​ស្ថិត​ នៅ ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​-​ស្ថាប័ន​ចំនួន ១៥។

សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​ក្រសួង​អប់រំ យុវជន​ និង​កីឡា មាន​ចំនួន​៧១ ​ក្នុង​នោះ​រដ្ឋ​១២ ​និង​ឯកជន​៥៩។ និស្សិត​ចាប់ពី​ថ្នាក់​បរិញ្ញាបត្ររង​ដល់​បណ្ឌិត​មាន​ចំនួន ២២៧.៣៨៥ នាក់ នារី​១០០.៤២៤​នាក់​ស្មើនឹង​៤៤,១៦​ភាគរយ។ ពេលនេះ​យន្តការ​ធានា​គុណភាព​អប់រំ​ត្រូវ​បាន​រៀបចំ​ និង​កំពុង​អនុវត្ត​ជា​ជំហាន​ៗ​ ដើម្បី​ពិនិត្យ​ និង​វាយតម្លៃ​លើ​ការសិក្សា​របស់​សិស្សានុសិស្ស​ និង​ការងារ​គ្រប់គ្រង​នៅ​តាម​គ្រឹះស្ថានសិក្សា​ទូទាំង​ប្រទេស៕

ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​រក​វិធី​ពង្រាយ​គ្រូ​ ពី​កន្លែង​លើស ​ ទៅកាន់​កន្លែង​ខ្វះ