ជិះ​ម៉ូតូ​វ៉ា​មិន​ប្រយ័ត្ន បុក​រ៉ឺ​ម៉ក បោក​ក្បាល​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បើក​ម៉ូតូ​ឡើង​វ៉ា​ជែង​មិន​ប្រយ័ត្ន ទៅ​បុក​នឹង​រ៉ឺ​ម៉ក បណ្តាល​ឲ្យ​ដួល​បោ​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ ព្រោះតែ​មិន​បាន​ពាក់មួក​សុវត្ថិភាព ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅ​វេលា​៤​រសៀល ថ្ងៃ​ទី​៣១​ខែមីនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ភូមិ​ព្រែករ​ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ 

យុវជន​ដែល​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ បាន​បញ្ជូន​ទៅ​សង្គ្រោះ ជា​អកុសល​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក បាន​ស្លាប់​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ។លោក ផុ​ន ទី​ណូ នាយ​រង​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ ឈ្មោះ ហេ​ន ហួ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ចំការ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1D-0797 ។

លោកនាយ​រង​ផ្នែក​បាន​បញ្ជាក់​ថា តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន និង​វ៉ា​ជែង​រថយន្ដ ច្រាសទិស​គ្នា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រ៉ឺ​ម៉ក​ដឹកឈើ បន្ទាប់​មក​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ប៉ុន្ដែ​តែ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ សល់ ភេទ​ប្រុស នៅ​ភូមិ​នឹង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ បច្ចុប្បន្ន វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕