សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៦

ខេត្តកំពង់ឆ្នាំង ៖ តើ​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ មាន​ប៉ុន្មាន ចំណុច? និង​មាន​អ្វីខ្លះ? តើ​យើង​ជា​មន្ត្រី​នគរបាល ចាំ​គ្រប់​ដែរ​ឬទេ?  លោក​ជំទាវ យក់ សុខា អគ្គស្នងការរង​នគរបាល​ជាតិ បាន​លើក​ជា​សំណួរ​បែប​នេះ នៅ​ក្នុង​ពិធី​បិទ​អង្គសន្និបាត បូក​សរុប​ការងារ ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ថ្មី​ឆ្នាំ​២០១៦  របស់​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០១៦ នៅ​សាល​ប្រជុំ​របស់​ស្នងការដ្ឋាន ដោយ​មាន​សមាជិក​ចូល​រូ​ម​ជាង​២០០​នាក់ ។

លោក​ជំទាវ​អគ្គស្នងការ​រង បាន​បន្ត​ថា យើង​ជា​មន្ត្រី​នគរបាល​ត្រូវ​ទន្ទេញ​ឱ្យ​ចាំ នៅ​គោលការណ៍​ទាំង​ប៉ុន្មាន​ចំណុច​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ។ ត្រូវ​គ្រប់គ្រង​មុខសញ្ញា​ដែល​ចេញពី​ព​ន្ឋ​នាគារ មុខសញ្ញា​ចាប់​តាម​ដីកា មុខសញ្ញា​គ្រឿងញៀន និង​មុខសញ្ញា​ជួញដូរ​មនុស្ស ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។ ចំណែក​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៏ ត្រូវ​អនុវត្ត​ឱ្យ​បាន​នូវ​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ដោយ​ត្រូវ​អនុវត្តិ​នូវ គោល​ការ​ណ៏ សុភាព​រាបសា ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ក្នុង​ការងារ គឺ​សុភាព​រាបសារ ទន់ភ្លន់​នោះ គឺ​ចំពោះ​ប្រជាពលរដ្ឋ តែ​ម៉ឺងម៉ាត់​នឹង​ការងារ​នោះ គឺ​សំដៅ លើ​អ្នក​មិន​គោរព​ច្បាប់​ចរាចរ បើកបរ​ក្នុង​ពេល​ស្រវឹង ហើយ ជិះ​ម៉ូតូ​គ្មាន​ពាក់មួក និង​ស្រែក​ជេរ​សមត្ថកិច្ច​ក្នុង​ពេល​បំពេញការងារ យក​ម៉ាស៊ីនថតរូប ថត​សមត្ថកិច្ច​ជាដើម គឺ​មិន​ទុក​គាត់​ឱ្យ​ចង្អុល មុខ​សមត្ថកិច្ច​នោះ​ទេ គឺ​អញ្ជើញ​គាត់​ទៅ​ប៉ុស្តិ៍​រក​កន្លែង​ឱ្យ​គាត់​សម្រាក​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​បើ​នៅ​តែ​មិន​ស្រប​តាម​ដាក់ គឺ​ខ្នោះ​តែ​ម្តង​ទៅ ព្រោះ​កន្លង​មក​ធ្លាប់​មាន​ហើយ ។

ត្រូវ​ចេះ​អប់រំ​ប្រជាពលរដ្ឋ​ពី​គ្រោះ​អគ្គិភ័យ ព្រោះ​ជា​រដូវប្រាំង​រាំង​ស្ងួត  និង​ជា​រដូវក្តៅ​ខ្លាំង​ណាស់នា​ឆ្នាំ​នេះ ដោយ​ឱ្យ​ពួក​គាត់​ចេះ​ប្រការ​ដោយ​ខ្លួនឯង ត្រូវ​មានទឹក​ក្នុង​ពាង​ពេញ​ជា​ប្រចាំ ដើម្បី​ជួយ​សង្គ្រោះ​ដោយ​ខ្លួនឯង​មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ទៅ​ដល់ ព្រោះ​ពេល​ខ្លះ​កន្លែង​កើតហេតុ​នៅ​ឆ្ងាយ  និង​ជា​ចុង​ក្រោយ សូម​ក្មួយ​ៗ​ជា​នគរបាល​ចូល​ថ្មី ក្មេង​ៗ​ត្រូវ​ខិតខំ​រៀត​សូត្រ ទាំង​ការងារ​រៀនសូត្រ ទាំង​ចំណេះ​ទូរ​ទៅ និង​ពិសេស គឺ​រៀនសូត្រ​ពី​បច្ចេកវិទ្យា​សម័យ​ថ្មី ព្រោះ​អ្វី​ក៏​ត្រូវការ​កុំព្យូទ័រ​ដែរ​ទាំង​ការ​គ្រប់​គ្រង់​ទិន្នន័យ​ផ្សេង​ៗ​ជាដើម សម្រាប់​នគរបាល​ចាស់​ៗ គឺ​ជិត​ចូល​និវត្តន៍​អស់ហើយ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋ អភិបាលរង​ខេត្ត បាន​លើក​ឡើង​ពី​ការងារ​ដែល​កំពុង​អភិវឌ្ឍ និង​គម្រោង​អភិវឌ្ឍន​ក្នុង​ពេល​ខាង​មុខ របស់​សាលាខេត្ត​កំពង់ឆ្នាំង ដូច​ជា​ការ​ធ្វើ​សួនច្បារ​មាត់ទន្លេ ការ​ជម្លាស​ប្រជាពលរដ្ឋ​លើ​ផ្ទះ​បណ្តែត​ទឹក ការ​ធ្វើ​ផ្លូវ​ថ្មី​តាម​មាត់ទន្លេ និង​ធ្វើ​ផ្សារ​ថ្មី​លើ​ដី​ចុង​កោះ ព្រម​ជា​មូ​យ​ការ​យក​ផែ​ណ្តែ​ត​ទឹក​ទាំង​៣ មាន​ផែ​ទេសចរណ៍ ផែ​ដាក់​ទំនិញ និង​ផែ​ដឹក​ជញ្ជូន​អ្នកដំណើរ​ជាដើម ។ ដោយឡែក​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​បាន​រាយ​ការ​ណ៏​ពី​ការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៦ ដើម្បី​ធានា​បាន​សុខ​សន្តិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ  រស់នៅ​ដោយ​សេចក្តីសុខ ប្រកប​មុខរបរ​ចិញ្ចឹមជីវិត សំដៅលើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម ។ នៅ​ក្នុង​ពី​នេះ​ផង​ដែរ ក៏​មាន​បំពាក់​មេដាយ មាស​ការងារ ជូន​ដល់​មន្ត្រី​នគរបាល​ដែល​មាន​ស្នាដៃ​ចំនួន១៩​នាក់ ក្នុង​ចំណោម​១៤៥​នាក់ និង​លិខិត​សរសើរ​ចំនួន​១៣​រូប​ក្នុង​ចំណោម​៥៥​រូប​ផង​ដែរ ៕