អស់រលីង​ហើយ ! សូម​អាជ្ញាធរ​ជួយ​មើល​ផង

ខេត្ត​ប៉ៃលិន ៖ កាលពីមុន ប្រជាពលរដ្ឋ​បានដឹង​ថា ភ្នំ​កេះ​ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​តូច​ធំ ដុះ​ទ្រុប​ទ្រុល​បញ្ចេញ​ពណ៌​ខៀវស្រងាត់​គួរ​ឱ្យ​ចង់​គយគន់ ថែម​ទាំង​មាន​សត្វព្រៃ​គ្រប់​ប្រភេទ​ដូច​ជា ជ្រូកព្រៃ ប្រើស កា្ត​ន់ ខ្ទីង ខ្លា និង​សត្វ​ផ្សេង​ៗ​ជា​ច្រើន​ទៀត អាស្រ័យ​នៅ​ទីនោះ បញ្ចេញ​សម្លេង​ខ្ញៀវខ្ញា កងរំពង​ពេញ​ព្រៃ​យ៉ាង​សុខសាន្ត ។ ប៉ុន្តែ​ពីរ​បី​ឆ្នាំ​ក្រោយ​ក្រោយមក រហូត​ដល់​បច្ចុប្បន្ន​នេះ ខណៈ​ប្រជាពលរដ្ឋ ដែល​ស្រឡាញ់​ព្រៃ​ព្រឹក្សា គ្រាន់តែ​ក្រឡេក​ឃើញ​ភ្នំ​មួយ​នេះ បាន​អួល​ណែន​ក្នុង​ដើមទ្រូង ស្ទើរ​ស្រក់​ទឹកភ្នែក រក​និយាយ​មិន​ចេញ ព្រោះ​បាត់​ដើមឈើ​អស់រលីង គ្មាន​សត្វព្រៃ​សូ​ម្បី​តែ​មួយ​ក្បាល មាន​តែ​ភ្នំ​ថ្ម​ត្រងោល និង​ដំណាំ​ពោត ដំឡូង​មី ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​រៀបរាប់​ទាំង​ហួសចិត្ត​ឱ្យ​ដឹង​ថា ភ្នំ​កេះ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ច​ង្ងាយ​ពី​ទីរួមស្រុក​សាលា​ក្រៅ ប្រហែល​៩​ទៅ​១០​គីឡូម៉ែត្រ នៅ​ទិស​ខាងកើត ហើយ​ភ្នំ​នេះ ទើបតែ​បាត់បង់​ព្រៃឈើ​ជា​បណ្តើរ​ៗ នា​ពេល​សព្វថ្ងៃ​នេះឯង ខណៈ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ដូច​ជា​មេព្រៃ និង​បរិស្ថាន មិន​ព្រម​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ ដែល​ជា​សម្បត្តិ​ធម្មជាតិ ដ៏​សំខាន់​ដែល​អាច​ទាក់ទាញ​ទឹកភ្លៀង ថែម​ទាំង​ផ្តល់​លំនឹង​អាកាសធាតុ​ទៀត​ផង​នោះ​ទេ ។ ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ពួក​គាត់​បានឃើញ​ជនល្មើស​ជា​ច្រើន​នាក់ យក​ម៉ាស៊ីន​ទៅ​អារ​ដើមឈើ​កណ្តាលថ្ងៃត្រង់ លុះ​ទូរស័ព្ទ​ប្រាប់​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក ឱ្យ​ចុះ​ទៅ​មើល ស្រាប់តែ​គ្មាន​នរណា​ម្នាក់​មាន​ឆន្ទៈ​យកចិត្តទុកដាក់ ចុះ​ទៅ​ហាមឃាត់ ឬ​ពិនិត្យ​នោះ​ឡើយ ដោយ​ចេះ​តែ​បណ្តែតបណ្តោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រ​ហូ ត​ទាល់តែ​រលាយ​ហិនហោច​អស់រលីង​តែ​ម្តង ។

ពួក​គាត់​បញ្ជាក់​ទៀត​ថា ពេល​ខ្លះ​បាន​នាំ​គ្នា​ដើរទៅ​ហាមឃាត់​កុំឱ្យ​ជនល្មើស​បន្ត​កាប់​ព្រៃ​ថែម​ទៀត​ដែរ តែ​ត្រូវ​ជនខិលខូច​ទាំងនោះ​ដេញ​កាប់​រត់​ចែក​ជើង​គ្នា​ព្រោងព្រាត លុះ​ប្តឹង​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ បែរជា​ធ្វើ​ព្រងើយ ហាក់ដូចជា​ឃុបឃិត​ជាមួយនឹង​ជនល្មើស​ទាំងនោះ ។ បើ​តាម​ប្រភព​ពី​លោក វ័​រ រួម ជំ​ទាប់​ទី​១ ឃុំ​ស្ទឹង​ត្រង់ បាន​រៀបរាប់​ឱ្យ​ដឹង​ថា អ្នក​ដែល​នាំ​គ្នា​កាប់​ព្រៃ​ភ្នំ​កេះ គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខាងត្បូង​ភ្នំ​នេះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​អស់រលីង​ទៅ​ហើយ ថែម​ទាំង​យកឈ្មោះ​ពួក​គេ​ឡើង​ទៅ​ស្រុក រហូត​ដល់​ថ្នាក់​ខេត្ត​ផង​ដែរ ។ ប៉ុន្តែ​ក្រោយមក​គ្មាន​ដំណឹង​សោះ ដូច្នេះ​ខាង​លោក​ដែល​ជា​អាជ្ញាធរ​ឃុំ គ្មាន​អំណាច​អ្វី​ចុះ​បង្ក្រាប​នោះ​ឡើយ មាន​តែ​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ទៀត​ថា ព្រៃ​ភ្នំ​កេះ​នេះ ទើបតែ​អស់រលីង​នា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន មិន​អើពើ ចុះ​ទៅ​ពិនិត្យ និង​ចាត់វិធានការ លុះ​ក្រោយ​ពី​អស់​ដើមឈើ ស្រាប់តែ​បណ្តាល​ឱ្យ​បាក់​ដី​ថ្មភ្នំ ហូរ​ទៅ​លើ​ដំណាំ ប្រជាពលរដ្ឋ​ខូចខាត​អស់​ជា​ច្រើន​ថែម​ទៀត​ផង ។ ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ព្រៃ​ភ្នំ​កេះ​នេះ មិន​ទាក់ទង​នឹង​ដែន​ការពារ​របស់​លោក​ទេ គឺ​ខាង​រដ្ឋបាល​ព្រៃឈើ​ស្រុក​សាលា​ក្រៅ និង​ខេត្ត​ប៉ៃលិន ជា​អ្នក​មើលថែ​រក្សា និង​ទទួលខុសត្រូវ​ចំពោះ​ព្រៃ​ភ្នំ​មួយ​នេះ  ៕