សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​៣​ខ្សែ ក្នុងភូមិ​ពោធិ​បន្ទាយ​ជ័យ

ខេត្តសៀមរាប ៖ ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​១​ខ្សែ​ប្រវែង​១.១២០​ម៉ែត្រ និង​ផ្លូវ​បេតុង​ចំនួន​២​ខ្សែប្រវែង​៥៨៩​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​នឹង​ក្រុង​សៀមរាប ត្រូវ​បាន​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ ណ្ឌល​សៀមរាប និង​លោក អ៊ឹ​ង ហឿ​ន ប្រធាន​ស្តីទី ក្រុមប្រឹក្សា​ខេត្តសៀមរាប នា​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០១៦ ។ ក្នុង​របាយ​កាណ៍​របស់​លោក សោម សម្បត្តិ អភិបាលរង​ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១២ គណៈកម្មការសាងសង់​ផ្លូវ​បាន​ប្រជុំ​ឯកភាពសម្រេច​ធ្វើការ​សាងសង់​លើ​កំណាត់​​ផ្លូវ​៣​ខ្សែ ក្នុងភូមិ​ពោធិ​បន្ទាយ​ជ័យ ដោយ​ចាប់ផ្តើម​សាងសង់ ពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១២ និង​រួចរាល់​ជា​ស្ថាពរ នា​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៣ ដោយ​ចំណាយ​ថវិកា​១២៦.០៦៨​ដុល្លារ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ក៏​បាន​គូសបញ្ជាក់​ថា ផ្លូវថ្នល់ គឺជា​សរសៃឈាម​សេដ្ឋកិច្ច ដ៏ សំខាន់​ក្នុង​ការ​ដឹកនាំ​នូវ​ភោគផល​កសិកម្ម​របស់​បងប្អូន ដែល​ផលិត​បាន​យក​ទៅ​កាន់​ទីផ្សារ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​ជីវភាព​ក្រុម​គ្រួសារ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ ម្យ៉ាងទៀត ផ្លូវ​៣​ខ្សែ​នេះ​បាន​ផ្តល់​នូវ​សារសំខាន់​ដល់​បងប្អូន កូនចៅ បង្ក​ភាព​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​មក​សិក្សា​រៀនសូត្រ ឬ​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ពេល​យប់ ព្រលប់​ផង​ដែរ ។ លោក ក៏​បាន​លើក​ឡើង​ថា នៅ​ពេល មាន​ផ្លូវថ្នល់​ហើយ​នោះ យើង​ពិតជា​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ឱ្យ​ចូល​មក​ទស្សនា​កម្សាន្ត នៅ​តាម​តំបន់​មូលដ្ឋាន​ដើម្បី​ស្វែង​យល់​ពី​ជីវភាព​រស់នៅ​របស់​បងប្អូន ហើយ​ទាំងនេះ​គឺជា ប្រភព​ចំណូល របស់​បងប្អូន​ផង​ដែរ ដែល​ទទួល​បាន​ពី​ការ​លក់ដូរ​ផលិតផល​របស់​ខ្លួន ស្រប​តាម​គោលនយោបាយ ភូមិ​មួយ ផលិតផល​មួយ ។

លោក ក៏​មាន​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោយ​ពី​ពេល​មាន​ផ្លូវ​នេះ​ហើយ​នោះ អ្នក​ដែល​ទទួលផល​ពី​ការ ប្រើប្រាស់​ផ្លូវ​នេះ គឺ​បងប្អូន​ដែល​មាន​លំនៅ​ឋាន​ស្រប​តាម​ដងផ្លូវ ហើយ​សម​ទ្ធិ​ផល​ទាំងនេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ ៕