ពុល​ត្រី​កំពត ស្លាប់​ម្នាក់​និង​៧​នាក់​ទៀត សង្គ្រោះ​ទាន់​ពេល

ខេត្តសៀមរាប ៖ ពលរដ្ឋ​៨​នាក់​​បាន​ផឹកស្រា និង​ក្លែម​ជាមួយ​ត្រី​កំពត ក៏​ស្រាបតែ​ពុល ក្អួតចង្អោរ ស្លាប់​ម្នាក់ និង​៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ក្រុម​គ្រូពេទ្យដឹក​យក​ទៅ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ ។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៣​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​គោក​វត្ត ឃុំ ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្ត សៀមរាប ។ លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ នគរបាល​ស្រុក​វ៉ា​រិ​ន បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា ក្រោយ​ពី​មាន​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​មនុស្ស​ពុល​ត្រី​កំពត​រហូត​ដល់​ស្លាប់ ទើប​កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗពេល​នោះ ក៏​ធ្វើការ​សាកសួរ​ពី​មូលហេតុ ​។

លោក​បន្ត​ថា ពលរដ្ឋ​ទាំងនោះ​បាន​ពុល​ត្រី​កំពត រហូត​មាន​អ្នក​ស្លាប់​ម្នាក់ និង​៧​នាក់​ផ្សេង​ទៀត​កំពុង​ជួយ​សង្គ្រោះ បណ្តាល​មក​ពី​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​បាច​ត្រី​នៅ​ចំណុច​ត្រពាំងរុន​ខាងជើង ភូមិ​ល្វា ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ហើយ​បាន​ត្រី​កំពត ​ក៏​នាំ​គ្នា​យក​មក​បំពង​ក្លែមស្រា​សរ​តែ​ម្ដង ។ លុះដល់​ព្រឹក ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ទើប​ពលរដ្ឋ​ទាំង​៨​នាក់ ក្អូ​ត​ចង្អោរ​តែ​ម្តង ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់​មក​លោក ក៏​បាន​ហៅ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ ។ លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ចំនួន​៨​នាក់ ក្នុង​នោះ​ស្លាប់​ម្នាក់ ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ស្រែ​ណូ​យ មានឈ្មោះ មឿ​ត ម៉ែ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។

ចំណែក​៧​នាក់​ទៀត​មាន ទី​១/​ឈ្មោះ យ៉េ​ត លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​២/​ឈ្មោះ  ឡ​ម ភ័​ណ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទី​៣/ ឈ្មោះ ទី ថង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ទី​៤/​ឈ្មោះ ហៀ​ត ហឿ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​៥/​ឈ្មោះ ញ៉ា​វ រ៉េ​ត ភេទ​ប្រុស អាយុ​៣៩  ទី​៦/​ឈ្មោះ សូ សា​រោ​ន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ទី​៧/​ឈ្មោះ រ៉េ​ត ផា​នេ​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ហើយ​អ្នក​ទាំង​៨​នាក់​នោះ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។ លោក​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​ទាំង​៧​នាក់​ដែល​បាន​រួច​ពី​ស្លាប់​នោះ មក​ដល់​រសៀល​ថ្ងៃ​ទី​៣១​ខែមីនា ឆ្នាំ​២០១៦ បាន​ធូរស្រាល និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ ។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា​ក្រោយ​ពី​ធ្វើការ​ពិនិត្យ​របស់​សមត្ថកិច្ច​ចម្រុះ បាន​បង្ហាញ​ថា នៅ​លើ​ដងខ្លួន​សព​ជន​រង​គ្រោះ និង​ពលរដ្ឋ​ដែល​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ទាន់​ពេលវេលា​នេះ ពិតជា​បាន​ពុល​ដោយសារ​ត្រី​កំពត ពិតប្រាកដ​មែន មិនមែន​ពុល​ស្រាស​នោះ​ទេ ។ សូម​រំលឹក​ផង​ដែរ​ថា នេះ​គឺជា​លើក​ទី​១​ហើយ សម្រាប់​ខេត្តសៀមរាប​ដែល​ពលរដ្ឋ​បរិភោគ​ត្រី​កំពត ពុល និង​ក្អួតចង្អោរ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ម្នាក់ និង​៧​នាក់​ទៀត ដែល​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ៕