ក្រសួង​ការងារ​រៀបចំ​ប្រកួត​ជំ​រុះ​«​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦»​នៅ​ថ្ងៃទី​០៣​មេសា​

ក្រសួង​ការងារ​រៀបចំ​ប្រកួត​ជំ​រុះ​«​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦»​នៅ​ថ្ងៃទី​០៣​មេសា​



ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាស​ដល់​បេក្ខជន​បេ​ក្ខ​នារី​ដែលជា​កម្មករ​ក​ម្មា​ការី​ដែល​បាន​ប្រលង​ជាប់​វគ្គ​ជំ​រុះ​ជុំ​ទី​១​នៅ​មណ្ឌល​ប្រលង​រាជធានី​ភ្នំពេញ​សូម​អញ្ជើញ​មក​ចូលរួម​ប្រកួត​វគ្គ​ជំ​រុះ​បន្ត​ក្នុង «​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦»​នៅ​ថ្ងៃទី​០៣​ខែមេសា​ឆ្នាំ​២០១៦​នៅ​ទីស្តីការក្រសួង​វេលា​ម៉ោង​២​និង​៣០​នាទី​តទៅ​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​មីនា​បាន​ឲ្យ​ដឹង​ថា ​បេ​ក្ខ​ជ​បេ​ក្ខ​នារី​ដែល​បាន​ជាប់​នៅ​ជុំ​ទី​១​មាន​សរុប​ចំនួន​១៩​នាក់​ដែល​ធ្វើការ​នៅតាម​រោងចក្រ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​។​

ដើម្បី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា និង​ដើម្បី​បង្កើត​ឱកាស​សប្បាយរីករាយ ដល់​បងប្អូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្រសួង​ការងារ បាន​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ស្ថានីយទូរទស្សន៍ PNN អង្គការ​វិជ្ជាជីវៈ និង​ដៃគូ​ពាក់ព័ន្ធ​នានា​នឹង​រៀបចំ​«​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦»​នៅ​ថ្ងៃទី​0១ ខែឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ ។​

ការ​ទទួល​ពាក្យ បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦​ដល់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ ហើយ​សម្រាប់​ទីកន្លែង​ទទួល​ពាក្យ គឺ​ស្ថិតនៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង​។​

នេះ​គឺជា​លើក​ទី​២​ដែល​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានរៀបចំ​ប្រលង​សម្រស់ឯក​សម្រាប់​បងប្អូន​កម្មករ​កម្ម​ការ​នី​។ កាលពីមុន​ពាន​ន​រង្វាន់​ជ័យលាភី​កម្មការិនី​សម្រស់​ឯក​ប្រចាំឆ្នាំ​២០១៥​បាន​ទៅលើ​កញ្ញា ថ្លុ​ង សុគន្ធា​រី មកពី​រោងចក្រ CHC ក្នុង​រាជធានី ភ្នំពេញ​បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រកួតប្រជែង​ជាមួយ​កម្មការិនី​ប្រមាណ ៩៩​នាក់​មកពី​តាម​បណ្តា​រោងចក្រ​នានា ដែល សុទ្ធសឹង​មាន​សម្រស់​ស្រស់​សោភា​។ ម្ចាស់​ជ័យលាភី ថ្លុ​ង សុគន្ធា​រី ទទួលបាន​ថវិកា ៤​លាន​រៀល​ពី​ក្រសួង​ការងារ​, ៣០០​ដុល្លារ ពី​សមាគម​រោងចក្រ កាត់ដេរ (GMAC) និង ៣០​ម៉ឺន​រៀល ពី​គណៈកម្មការ Gender របស់​ក្រសួង​ការងារ​ហើយនឹង​ទទួលបាន​ឱកាស​ថត​ជា​ខ្សែ​វី​ឌី​អូ​អប់រំ​ខ្លីៗ ដើម្បី​លើកកម្ពស់​វិស័យ​ការងារ និង​សិទ្ធិ​របស់​កម្មការិនី ថែម​ទៀតផង​។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​កញ្ញា ឈឹម សុនី​តា មកពី​រោងចក្រ Artnture ទទួលបាន​ប្រាក់រង្វាន់ ៣​លាន រៀល​ពី​ក្រសួង​ការងារ​, ២០០​ដុល្លារ​ពី GMAC និង ២០​ម៉ឺន​រៀល​ពី​គណៈកម្មការ Gender។

ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​កញ្ញា សូ​រ្រ ស្រី​ល័ក្ខណ៍ មកពី​រោងចក្រ យី​ង​ដុង ទទួលបាន​ប្រាក់ ២​លាន​រៀល ពី​ក្រសួង​ការងារ​, ១០០​ដុល្លារ​ពី GMAC និង ១០​ម៉ឺន​រៀល ពី​គណៈកម្មការ Gender​។​ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥ ទទួលបាន​ថវិកា​ស្មើគ្នា ៤០​ម៉ឺន​រៀល​ពី​ក្រសួង ២០​ដុល្លារ​ពី GMAC និង ១២​ម៉ឺន រៀល​ពី ក្រុមហ៊ុន​ទឹកបរិសុទ្ធ Gold Star។

នៅ​ក្នុង​សេច​ក្តី​ជួន​ដំណឹង​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ជ្រើសរើស​«​កម្មវិធី​សម្រស់​ឯក​វាយនភណ្ឌ​ឆ្នាំ​២០១៦»​នេះ​វគ្គ​ទី​១​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​ជ្រើស​រើសយក​ចំនួន​២០​នាក់​ស្រី​១០​នាក់​និង​ប្រុស​១០​នាក់​ខេត្តស្វាយរៀង​ជ្រើស​រើសយក​ប្រុស​៥​នាក់​និង​ស្រី​៥​នាក់​និង​ខេត្ត​ព្រះសីហនុ​ជ្រើសរើស​ប្រុស​៥​នាក់​និង​ស្រី​៥​នាក់។

គួរ​បញ្ជាក់​ថា ​កម្មករ​ក​ម្មា​ការី​ដែល​ចូលរួម​ប្រកួត​ក្នុង​«​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦»​នេះ​ត្រូវមាន​អាយុ​ចាប់ពី​១៨​ដល់​៣០​ឆ្នាំ​នឹងមាន​កំពស់​ចាប់ពី​១,៦២​សម្រាប់​បេក្ខជន​និង​១,៥៨​សម្រាប់​បេ​ក្ខ​នារី​ហើយ​កំពុង​បម្រើការ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង។

សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់​ព្រាត់​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​០១​ខែ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៧និង០០នាទី​រសៀល​នៅ​ស្ថានីយទូរទស្សន៍​PNN៕