ក្រសួង​ហិរញ្ញវត្ថុ​ ចុះហត្ថលេខា ​ជាមួយ​JICA ទទួល​ហិរញ្ញប្បទាន​១៨២ លាន​ដុល្លារ

ក្រសួង​ហិរញ្ញវត្ថុ​ ចុះហត្ថលេខា ​ជាមួយ​JICA ទទួល​ហិរញ្ញប្បទាន​១៨២ លាន​ដុល្លារ



ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ក្រសួង​ហិរញ្ញវត្ថុ លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា អ៊ិត ស៊ុយ អា​ដា​ឈី IPSU DACHI ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន JICA ប្រចាំ​កម្ពុជា លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ចំនួន ៣ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ២២,០១៣ លាន​យ៉េន​ជប៉ុន ត្រូវជា​ប្រមាណ ១៨២ លាន​ដុល្លារ​អាមេរិក។

​ ​១ គម្រោង​ឥណទាន ដែលមាន​ទឹកប្រាក់ ចំនួន ១៧,២៩៨ លាន​យ៉េន ត្រូវជា​ប្រមាណ ១៤០ លាន​ដុល្លារ​អាមេរិក ជា​កញ្ចប់​ឥណទាន លើក​ទី​២ សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ស្ពាន​ព្រែក​ក្តាម ធ្លា​ម្អម (​ផ្នែក​ខាង​ត្បូង​)។ តាមរយៈគម្រោង​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ទទួល​បាន​ហិរញ្ញប្បទាន សម្រាប់​អភិវឌ្ឍន៍​កំណាត់​ផ្លូវជាតិ លេខ ៥ (​ចាប់ពី​ស្ពាន​ព្រែក​ក្តាម ដល់​ធ្លា​ម្អម ខេត្ត​ពោធិ៍សាត់​) ប្រវែង ១៣៥ គីឡូម៉ែត្រ ដែល​នឹង​ត្រូវ​សាងសង់​ផ្លូវ​ជា ៤​កន្លង ក្នុង​នោះ​ផ្លូវ​មេ ប្រវែង ១១៩ គីឡូម៉ែត្រ និង​ផ្លូវ ​វាង​ប្រវែង ១៦ គីឡូម៉ែត្រ។ កំណាត់​ផ្លូវ​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​តំបន់​ច្រក​ល្បៀង​សេដ្ឋកិច្ច ភាគ​ខាង​ត្បូង (Saothen agonomich koritder ) ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅដល់​ប្រទេស​វៀតណាម តាមរយៈ​​ផ្លូវជាតិ​លេខ ១ និង​ស្ពាន ត្សឺ​បា​សា (ស្ពាន​អ្នក​លឿង ) ដែល​បាន​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​កាលពី​ថ្ង​ទី​០៦ ខែ​មេសា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព ដ៍​ខ្ពង់ខ្ពស់​របស់ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ រដ្ឋាភិបាល​ជប៉ុន ក៏បាន​សន្យា​ផ្តល់​ឥណទាន សម្បទាន នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ទៅតាម​តម្រូវការ និង​ការងារ​ជាក់ស្តែង សម្រាប់​អភិវឌ្ឍន៍​ផ្លូវជាតិ​លេខ​៥ (​ពី​ព្រែក​ក្តាម ទៅដល់​ក្រុង ប៉ោយប៉ែត ) ទាំងស្រុង​តែម្តង​។

​ ​២ គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន ៣,៣៤៣ លាន​យ៉េន​ជប៉ុន ត្រូវជា​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នៅ​ស្ពាន​ជ្រោយចង្វា។ តាមរយៈ​គម្រោង​នេះ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន នឹងមាន​ហិរញ្ញប្បទាន សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​សមត្ថភាព​ទ្រ​ទម្ងន់ និង​បង្កើន​អាយុកាល នៃ​ស្ពាន​ជ្រោយចង្វា តាមរយៈ​ការស្តា និង​ការកសាង ស្ពាន​នេះ​ឡើងវិញ ដែល​ទាំងនេះ នឹង​រួមចំណែក សម្រួល​សកម្មភាព ចរាចរណ៍​លើ​ស្ពាន ក៏​ដូចជា​ចរាចរណ៍​នៅតាម​ផ្លូវជាតិ​លេខ ៦ ផងដែរ។

៣ គម្រោង​ឥណទាន​ឥត​សំណង ១,៣៧២ លាន​យ៉េន​ជប៉ុន ត្រូវជា​ប្រមាណ ១២ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​សំភារៈ​បរិក្ខា សម្រាប់​សកម្មភាព ដោះ​មីន ដំណាក់កាល​ទី​៧។ តាមរយៈ​​គម្រោង​នេះ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ( CMAC) នឹង​មាន​ហិរញ្ញប្បទាន សម្រាប់ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សកម្មភាព​ការងារ បោសសម្អាត​មីន និង​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ (UXO) របស់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា តាមរយៈការ​ផ្គត់ផ្គង់​បន្ថែម នូវ​សម្ភារៈ​បរិក្ខារ សម្រាប់​បោសសម្អាត​មីន ដែល​ទាំងនេះ​នឹង​រួមចំណែក​ក្នុងការ លើកកម្ពស់​ការ​អភិវឌ្ឍន៍ សង្គម​នៅ​កម្ពុជា។

នៅ​ក្នុង​ឱកាស​នោះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​គូស​បញ្ជាក់ ពី​ការសន្យា​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ និង​ចំពោះ​ប្រជាជន​កម្ពុជា​ថា ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ទាំងនេះ នឹងត្រូវ​យក​ទៅ​ប្រើប្រាស់ ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី រក្សា​ឲ្យ​បាន​នូវ​ការ​ជឿ​ទុកចិត្ត ពី​ប្រជាជន​កម្ពុជា និង​ដៃគូ​​អភិវឌ្ឍន៍ ហើយ​រាជរដ្ឋាភិបាល​កម្ពុ​ជា​សង្ឃឹម​ថា រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត គោលនយោបាយ ហិរញ្ញប្បទាន​ សហប្រតិបត្តិការ​របស់​ខ្លួន ដល់​វិស័យ​អាទិភាព​នានា ដែល ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ ដូច​មាន​ចែង​ក្នុង​យន្តការ ឆ្នាំ​២០១៤- ២០១៨ និង​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប៉ិនប្រសព្វ ប្រកប ដោយ​ចក្ខុវិស័យ និង​គតិបណ្ឌិត របស់​សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ក្រសួង​ហិរញ្ញវត្ថុ​ ចុះហត្ថលេខា ​ជាមួយ​JICA ទទួល​ហិរញ្ញប្បទាន​១៨២ លាន​ដុល្លារ