អង្គការ​ជាតិ និង​អន្តរជាតិ​សហការ​បើក​យុទ្ធនា​បង្ការ​ភាព​ក្រិះ​ក្រិន​នៅ​កម្ពុជា

អង្គការ​ជាតិ និង​អន្តរជាតិ​សហការ​បើក​យុទ្ធនា​បង្ការ​ភាព​ក្រិះ​ក្រិន​នៅ​កម្ពុជា



ភ្នំពេញ ​៖​ អង្គការ​ជាតិ និង​ដៃគូ​អន្តរជាតិ បានដាក់​ឲ្យ​ដំណើរការ​ជា ផ្លូវការ​នូវ​យុទ្ធនា ការរួមបញ្ចូល​គ្នា ដើម្បី​បង្ការ​ភាព​ក្រិះ​ក្រិន ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុងប្រទេស​កម្ពុជា។ នេះ​បើតាម អង្គការ​សង្គ្រោះ​កុមារ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​នេះ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​”​នូ​រី​ស​” គាំទ្រ​ដោយ​មូលនិធិ​ទីភ្នាក់ងារ​សហរដ្ឋ អាមេរិក​ដើម្បី អភិវឌ្ឍន៍​អន្តរជាតិ។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះដែរ អង្គការ​ជាតិ និង​អន្តរជាតិ លើក​ឡើង​ថា សុខភាព​កុមារ​ភាគច្រើន នៅ​កម្ពុ​ជា​មាន​ដំណើរការ​ទៅ​មុខជា​លំដាប់​ក៏ដោយ តែ​កង្វះ​អាហារូបត្ថម្ភ​នៅតែ​ជា​បញ្ហា​ប្រឈម។ ពោល​គឺ កុមារ​ម្នាក់​នៅ​ក្នុង​ចំណោម​កុមារ​៥​នាក់ មាន​អាយុ​ក្រោម​៥​ឆ្នាំ មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ ឬ​ក៏​ក្រិះ​ក្រិន​។ ក្រិះ​ក្រិន គឺជា​ស្ថាន ភាព​មួយ​ដែល​កុមារ​មាន​កម្ពស់​ទាប​ខ្លាំង​បើ​ធៀប​នឹង​អាយុ ជា​លទ្ធផល​នៃ​ការ​កង្វះ អាហារូបត្ថម្ភ​ក្នុងអំឡុងពេល​មួយ​ពាន់​ថ្ងៃ​ដំបូង។ នៅមាន​កត្តា​ផ្សេងៗ ទៀត​ដែល​បណ្ដាល ឲ្យ​មាន​ភាព​ក្រិះ​ក្រិន គឺ​របប​អាហារ​មិន​គ្រប់គ្រាន់ របស់​ម្ដាយ ជំងឺឆ្លង កង្វះ​អនាម័យ​ខ្លួនប្រាណ អនាម័យ​សាធារណៈ រួមទាំង​ភាពក្រីក្រ​ផងដែរ​។ បញ្ហា​នេះ ក៏​ប៉ះពាល់​ដល់​ការសិក្សា អប់រំ​របស់​កុមារ​ផងដែរ ដោយ​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​សមត្ថភាព​នៃ​ការគិត​មាន​ភាព​ខ្សោយ​។ នៅក្នុង នោះដែរ អ្នកសេដ្ឋកិច្ច​បាន​ប៉ាន់ប្រមាណ ពី​ភាព​ក្រិះ​ក្រិន​របស់​កុមារ​នេះ ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់ ប្រាក់​រហូតដល់ ១២៨​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយសារតែ​លទ្ធផល​ការងារ និង ផលិតកម្ម​មាន​កម្រិត​ទាប​។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្ថែមទៀត​ថា ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ និង​គំនិត​ផ្ដួចផ្ដើម លើកកម្ពស់​សន្តិសុខ ស្បៀង​ជា​ស​កល ដើម្បី​ចិញ្ចឹម​អ្នក​ជំនាន់ក្រោយ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក គម្រោង ”​នូ​រី​ស​” កំពុង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​មួយ​ចំនួន រួមមាន ​៖ វិស័យ​សុខាភិបាល អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ដើម្បី​សម្រេច​បាន​នូវ ការកាត់បន្ថយ​ភាព​ក្រិះ​ក្រិន​នៅ​កម្ពុជា​។ អង្គការ​ជាតិ និង​អន្តរជាតិ ដែលជា​ដៃគូ​បាន​បើក​យុទ្ធនា ការរួមបញ្ចូល​គ្នា​ដើម្បី​បង្ការ​ភាព ក្រិះ​ក្រិន​ដែល​មាន​ឈ្មោះថា “​លូតលាស់​ទាំង​អស់គ្នា​” ក្នុង​គោលបំណង​រួមគ្នា ធ្វើយ៉ាងណា ធានាថា​ក្រុម​គ្រួសារ និង​សហគមន៍​ជា​កន្លែង​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ មាន​សុខ​មាល​- ភាព និង​ការ​រួបរួម​ដែល​អាច​ឲ្យ​កុមារ​លូតលាស់​បានល្អ​។ យុទ្ធនាការ​នេះដែរ ត្រូវបាន​ប្រារព្ធ ឡើង​នៅក្នុង​ខេត្ត​មួយចំនួន​មានដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​។ តាម​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ គឺ​រកចំណូល តិចជាង​បុគ្គល​ទូទៅ​២៥%​។

ផ្អែក​ទៅតាម​ការ ស្រាវជ្រាវ​ដដែល​នោះ​បាន បញ្ជាក់ ទៀតថា គម្រោង “​នូ​រី​ស​” ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០១៥ នោះ​គឺ​យុទ្ធនាការ “​លូតលាស់​ទាំងអស់គ្នា​” នឹង​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ឥរិយាបថ​សំខាន់ៗ​ទៅលើ​ផ្នែក សុខភាព ទឹកស្អាត​ និង​អនាម័យ ហើយ​និង​ផ្នែក​កសិកម្ម​។ តាមរយៈ​ដំណោះស្រាយ​ព្រម គ្នា​ឥរិយាបថ​ទាំងនេះ នឹងធ្វើ​ឲ្យ​ជីវិត​របស់​កុមារ​ជាច្រើន​មាន​ភាពខុសប្លែក​ពីមុន ហើយ​ម្យ៉ាង ទៀត គ្រប់​មាតា បិតា សហគមន៍ ថ្នាក់ដឹកនាំ និង​ផ្នែក​ឯកជន ត្រូវតែ​រួបរួមគ្នា ដើម្បី​ធ្វើ​ឲ្យ​មាន ការផ្លាស់ប្តូរ និង​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព និង​ការទទួលបាន​អត្ថប្រយោជន៍ ទាំងនេះ​ក្នុង​រយៈពេល យូរអង្វែង​សម្រាប់​អ្នកជំនាន់ក្រោយ៕