អាជ្ញាធរ​ខណ្ឌ​មានជ័យ​ចុះ​ណែនាំ​ម្ចាស់​ទីតាំង​ក្រឡុក​ស៊ីម៉ងត៍ ​ឲ្យ​រើ​ទីតាំង​ចេញ

អាជ្ញាធរ​ខណ្ឌ​មានជ័យ​ចុះ​ណែនាំ​ម្ចាស់​ទីតាំង​ក្រឡុក​ស៊ីម៉ងត៍ ​ឲ្យ​រើ​ទីតាំង​ចេញ



ភ្នំពេញ​ ៖ ​អាជ្ញាធរ​ខណ្ឌ​មានជ័យ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ បាន​ចុះទៅ​ណែនាំ​ម្ចាស់​ទីតាំង​ក្រឡុក​ស៊ីម៉ងត៍​ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ និង​រើ​ទីតាំង​ចេញ។ ប្រតិបត្តិការ​​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែ​មីនា ​ឆ្នាំ​២០១៦​ ដឹកនាំ​ដោយ​លោក​ឌី រ​ត្ន័​ខេ​ម​រុណ​ អភិបាលរង​ខណ្ឌ​មានជ័យ។

លោក​ឌី រ័ត្នខេ​ម​រុណ បាន​មានប្រសាសន៍ថា​ទីតាំង​ក្រឡុក​ស៊ីម៉ងត៍ ​ដែល​តម្រូវ​ឲ្យ​បញ្ឈប់​អាជីវកម្ម​នេះ​គឺ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ ហើយ​ទីតាំង​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ក្បែរ​វត្ត​ន​ន្ន​មុនី​ សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ។ ​មូលហេតុ ដែល​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​បញ្ឈប់​ធ្វើ​អាជីវកម្ម​ និង​ឲ្យ​រុះរើ​ទីតាំង​ចេញ​ទៅ​នៅ​ទីតាំង​ថ្មី​ ដោយសារ​ប៉ះពាល់​បរិស្ថាន​កាកសំណល់ ​និង​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ព្រមទាំង​លាន់ឮ​សំឡេង​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាជន​ និង​ព្រះសង្ឃ។

លោក​ឌីរ័ត្ន​ ខេ​ម​រុណ បាន​បញ្ជាក់​ថា​ នៅ​ពេលដែល​អាជ្ញាធរ​ចុះ​ធ្វើការ​ណែនាំ​ម្ចាស់​ទីតាំង​បាន​ទទួល​យក​តាម​សំណូមពរ​ ហើយ​ក្នុង​នោះ​ម្ចាស់​ទីតាំង​បាន​សំណូមពរ​សុំ​បន្ត​រក្សា​គ្រឿងចក្រ​នៅ​ទីតាំង​ចាស់​រយៈពេល​៧​ខែ​ទម្រាំ​ទីតាំង​ថ្មី​កំពុង​សាងសង់​បាន​៦០​ភាគរយ​ហើយ​នោះ។

លោក​អភិបាលរង​ខណ្ឌ​មានជ័យ​បាន​បញ្ជាក់​ថា ​ទីតាំង​នេះ​ប៉ះពាល់​ដល់​ការងារ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ខ្លាំង​ណាស់​ នៅ​ពេល​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មក​ឈប់​នៅ​មុខ​ទីតាំង​ ហើយ​ប្រជាជន​បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ ព្រោះ​រំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់៕

អាជ្ញាធរ​ខណ្ឌ​មានជ័យ​ចុះ​ណែនាំ​ម្ចាស់​ទីតាំង​ក្រឡុក​ស៊ីម៉ងត៍ ​ឲ្យ​រើ​ទីតាំង​ចេញ