មន្ត្រី​ក្រសួងការបរទេស​ម្នាក់​ត្រូវ​បាន​ ACU​ ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រត់ការ​ឯកសារ​ឲ្យ​ក្រុមហ៊ុន​បរទេស​

​នៅ​វេលា​ម៉ោង​១១​ព្រឹក​ នា​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ មន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ម្នាក់​ ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ចាប់​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ករណី​រត់ការ​ឯកសារ​មិន​ប្រក្រតី​មួយ​ចំនួន​ឲ្យ​ក្រុមហ៊ុន​ឯកជន​បរទេស​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​មាន​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ ជា​រដ្ឋមន្ត្រី​ ។​

​មន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​ ACU​ ធ្វើការ​ចាប់​ឃាត់ខ្លួន​នេះ​ មិន​ត្រូវ​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៅឡើយ​ទេ​ ខណៈ​ ACU​ កំពុងធ្វើការ​ស៊ើបអង្កេត​បន្ត​ទៀត​ទាក់ទង​នឹង​ករណី​នេះ​ ។​

​ដោយឡែក​ នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ដែរ​ ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ ប្រកាស​ជូន​ដល់​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​ក្នុង​ក្រសួង​ទាំងអស់​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​រក្សា​ភាព​ស្ងប់ស្ងាត់​ ព្រមទាំង​បន្តការងារ​របស់​ខ្លួន​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ទាក់ទង​នឹង​ករណី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​ម្នាក់​ ដោយសារ​មាន​ព័ស្តុតាង​ច្បាស់លាស់​អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស​ ដើម្បី​ប្រថាប់ត្រា​បញ្ជាក់​លើ​ឯកសារ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ក្រសួងការបរទេស​ទេ​ ៕​

មន្ត្រី​ក្រសួងការបរទេស​ម្នាក់​ត្រូវ​បាន​ ACU​ ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រត់ការ​ឯកសារ​ឲ្យ​ក្រុមហ៊ុន​បរទេស​

Related