មាន​វិធីសាស្ត្រ​យ៉ាងដូចម្តេច​ដើម្បី​ការពារ​សក់​ជ្រុះ?

ការ​ជ្រុះ​សក់​គឺជា​បាតុភូត​ធម្មជាតិ​មួយ​ដែល​មនុស្ស​ជា​ច្រើន​តែង​ជួប​ប្រទះ ។ មាន​មនុស្ស​ជា​ច្រើន​ពិតជា​មិន​បានដឹង​ថា ការ​ជ្រុះ​សក់​គឺ​កើតឡើង​ពី​ធម្មជាតិ​ទេ ។ និយាយ​រួម​គេ​ពិតជា​មិន​អាច​បញ្ឈប់​ទាំងស្រុង​នូវ​ការ​ជ្រុះ​សក់​បាន​ឡើយ ។ អ្វីមួយ​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ​កាត់​បន្ថយ​ចំនួន​នៃ​ការ​ជ្រុះ​ប៉ុណ្ណោះ ។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ធម្មជាតិ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​អនុវត្ត​បាន​ដោយ​ខ្លួនឯង​ដើម្បី​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ។

១-​ចូរ​រក្សា​សក់​ឱ្យ​ស្អាត​ជា​និច្ច​៖ ការ​ថែរក្សា​សក់​ឱ្យ​ស្អាត នឹង​ជួយ​ទប់ស្កាត់​ការ​រមាស់​ស្បែក​ក្បាល និង​ការ​កើត​អង្គែ ដ្បិត​ទាំង​២​នេះ​គឺជា​បុព្វហេតុ​ចម្បង​ដែល​នាំ​ឱ្យ​សក់​ជ្រុះ ។ ចូរ​ប្រើ​សាប៊ូ​កក់សក់ និង​ថ្នាំ​អប់​សក់​ដែល​ស័ក្តិសម​នឹង​ប្រភេទ​សក់​របស់​អ្នក ។

២-​កក់សក់​ជាមួយ​ទឹក​ត្រជាក់ និង​ត្រដុស​ស្បែក​ក្បាល​នឹង​ម្រាមដៃ​៖ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ជំរុញ​ដល់​លំហូរ​ឈាម ព្រមទាំង​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ។

៣-​ប្រើ​ទឹកឃ្មុំ​លាយ​ជាមួយ​ផ្នែក​លឿង​របស់​ស៊ុត ៖ គួរ​លាយ​ទឹកឃ្មុំ និង​ផ្នែក​លឿង​របស់​ស៊ុត​ឱ្យ​ចូល​គ្នា​សព្វ រួច​យក​ទៅ​កក់សក់​ទុក​ចោល​កន្លះ​ម៉ោង​បន្ទាប់​មក​លាង​ជម្រះ​ដោយ​ទឹក​ធម្មតា ។

៤-​ការ​ជ្រុះ​សក់​ក៏​អាច​ត្រូវ​បាន​ទប់ស្កាត់​ផង​ដែរ ដោយ​ការ​ប្រើប្រាស់​សាប៊ូ​កក់សក់​ដែល​ធ្វើ​ពី ទឹកក្រូច​ឆ្មារ និង​ទឹក​ផ្លែ​កន្ទួតព្រៃ ។ ប្រើ​សាប៊ូ​ប្រភេទ​នេះ​រាល់ពេល​គឺ​មាន​ប្រសិទ្ធភាព​ជួយ​ជំរុញ​ឱ្យ​សក់​ដុះ​លូតលាស់​ផង​ដែរ ។

៥-​ប្រើ​ស្លឹក​ជី​វ៉ាន់ស៊ុយ ៖ ចូរ​កិន​ស្លឹក​ជី​វ៉ាន់ស៊ុយ​ដោយ​ប្រើ​ម៉ាស៊ីន​ក្រឡុក​ផ្លែ​ឈើ​ឱ្យទៅ​ជា​ទឹក​ចំណុះ​១​ពែង ហើយ​កក់សក់​រៀង​រាល់ពេល​ងូតទឹក ។

៦-​លាង​សម្អាត​ស្បែក​ក្បាល​ដោយ​ប្រើ​ខ្ទិះដូង​ក៏​ជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​មួយ​ផង​ដែរ  ដើម្បី​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ។

៧-​យក​គ្រាប់​ក្រូចឆ្មារ​ពេញ​១​ស្លាបព្រា​កាហ្វេ​កិន​លាយ​បញ្ចូល​គ្នា​ជាមួយ​ម្រេចខ្មៅ​១​ស្លាបព្រា​កាហ្វេ​ដូច​គ្នា​រួច​ចាក់ទឹក​ចូល​បន្តិច ហើយ​យក​ទៅ​កក់សក់ ។ នេះ​ក៏​ជា​វិធីសាស្ត្រ​មួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់​ផង​ដែរ ៕

ប្រភព៖ everyday

  • មាន​វិធីសាស្ត្រ​យ៉ាងដូចម្តេច​ដើម្បី​ការពារ​សក់​ជ្រុះ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: