​បាត់​១​យប់​ ព្រឹក​​ឡើង​​ផ្អើល​ពេញភូមិ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើលបន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​​អណ្ដែត​ក្នុង​​ទឹក​​​បឹង​កំប្លោក​​មួយ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ស្ថិត​ក្នុងភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។ សព​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​​​​​​​ទឹម សុ​ភ័ក្ត្រ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។

បើ​តាម​សមត្ថកិច្ច​ថា នៅ​ក្បែរ​សាកសព​បុរស​ខាងលើ ប្រទះ​ឃើញ​មាន​ឧបករណ៍​ឆក់​ត្រី​មួយ​កំ​ប្លេរ ដែល​គេ​សង្ស័យ​ថា បុរស​នោះ​ទៅ​ឆក់​​​ត្រី​​ក្នុង​បឹង តែ​ភ្លាត់ស្នៀត​ក៏​ឆក់​ខ្លួនឯង​ស្លាប់​តែ​ម្ដង ។

ជន​រង​គ្រោះ​ត្រូវ​គេ​ដឹង​ថា បាន​ស្ពាយ​ឧបករណ៍​ទៅ​ឆក់​ត្រី​នៅ​ចំណុច​ខាងលើ កាលពី​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី​៣០ មីនា តែ​មិន​ឃើញ​​​​​ត្រឡប់​មក​វិញ​ទេ ។ លុះ​ព្រឹក​ឡើង ស្រាប់តែ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹក​ក្បែរ​ឧបករណ៍​ឆក់​ត្រី​នោះ ហើយ​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ច​តែ​ម្ដង​ទៅ ។