រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​មួយ​កន្លែង ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​ទាំង​កណ្ដាល​រាត្រី

រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​មួយ​កន្លែង ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​ទាំង​កណ្ដាល​រាត្រី



រតនគិរី ​៖​ រោង​សិប្បកម្ម​មួយ​ខ្នង ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ ​រួម​ទាំង​គ្រឿង​សង្ហារិម​ និង​ម៉ាស៊ីន​កែច្នៃ​ឈើ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​អូរ​សុភមង្គល ក្នុង​ភូមិ​អូរ​កន្ទិល ​សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង ខេត្ត​រតនគិរី។

ក្រោយ​ពី​កើតហេតុ​ នៅ​​​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ​​​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើ​កំណត់ហេតុ ​ហើយ​បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ ដែល​ភ្លើង​ឆេះ​នេះ​គឺ​ជា​ផ្ទះ​លោក​យូ កា​វិមាន​ ​​អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ដែល​គេ​ដក​តំណែង​ជា​​​យូរ​ឆ្នាំ​មក​ហើយ។ តែ​រូប​គាត់​បាន​ជួល​​​ទៅ​ឲ្យ​បុរស​ម្នាក់​ជនជាតិ​វៀតណាម​មាន​ឈ្មោះ​ឡាំ អាយុ​៥៤​ឆ្នាំ ​មាន​មុខ​របរ​បើក​ធ្វើជា​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ផ្ទះ​ ដែល​ឆេះ​មាន​ទំហំ​៦x១២​ម៉ែត្រ​ ផ្ទះ​តៀម​ ធ្វើ​អំពី​ឈើ​ ជញ្ជាំង​បាំង​ក្ដារ​ ដំបូល​ប្រក់​ស័ង្កសី​ ត្រូវ​ភ្លើង​ឆេះ​អស់​ទាំង​ស្រុង ​រួម​ជាមួយ​សម្ភារៈ​​ ម៉ាស៊ីន​តាប​១​គ្រឿង ម៉ាស៊ីន​ច្រៀក​១​គ្រឿង និង​ខូចខាត​គ្រឿង​សង្ហារិម​មួយ​ចំនួន​រួម​ទាំង​ឈើ​ប្រណិត​មិន​ទាន់​កែច្នៃ។

សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​កើតហេតុ​នោះ ​មាន​រថយន្ត​បាញ់​ទឹក​របស់​ស្នងការដ្ឋាន​ខេត្ត​ បង្ការ និង​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ បាន​ទៅ​ជួយ​ពន្លត់​ផង​ដែរ ក៏ប៉ុន្តែ​ទៅ​ជួយ​មិនទាន់​នោះ​ទេ​ ដោយសារតែ​ផ្លូវ​តូច​ចង្អៀត​ចូល​មិន​ដល់​កន្លែង​ភ្លើង​ឆេះ។ មូលហេតុ​នៃ​ការ​ឆេះ​នេះ សមត្ថកិច្ច​មូលដ្ឋាន​មិន​បាន​បញ្ជាក់​ប្រាប់​ថា​ ឆេះ​ដោយសារ​អ្វី​ទេ ដោយសារតែ​ម្ចាស់​ឈ្មោះ​ឡាំ ជា​ជនជាតិ​វៀតណាម​មិនបាន​ដេក​នៅ​កន្លែង​កើតហេតុ គឺ​ដេក​ផ្ទះ​មួយ​ទៀត​នៅ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​គ្នា៕

រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​មួយ​កន្លែង ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​ទាំង​កណ្ដាល​រាត្រី