លោក​ ហ៊ុន​ សែន​ ៖ ឈើ​​រឹប​អូស​បាន​ទាំង​អស់​នឹង​ត្រូវ​ប្រើ​ដើម្បី​សាងសង់​សាលារៀន​

កាល​ពីម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លុប​ចោល​ប្រព័ន្ធ​ដាក់​ដេញ​​​ថ្លៃ​​​ឈើរឹប​អូសបានខុស​ច្បាប់​​​ទាំង​អស់ដែលមិន​​​ដំណើរ​​​ការ​ក្នុង​ប្រទេស​ ដោយ​លើកឡើេង​ថា ​​​​​​នៅពេល​អនាគត​ ឈើ​ដែល​រឹប​​អូសបាន​ទាំង​​​អស់​​នឹង​ត្រូវ​ប្រគល់​ឱ្យ​​ក្រសួង​អប់​រំ​​ដើម្បី​យក​ទៅ​សាង​សង់សាលារៀន​ និង​ធ្វើ​តុសិស្ស។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ផង​​​ដែរ​ថា ព្រៃឡង់ ជា​ព្រៃស្រោង​នៅ​តំបន់​ទំនាប​​​​ ដ៏​ធំបំផុត​នៅ​អាស៊ីអាគ្នេយ៍ ដែល​លាត​សន្ធឹង​​កាត់​ខេត្ត​ចំនួន​បួន​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​តំប​ន់​ការ​ពារ​ ជាមួយ​នឹងព្រៃ​នៅ​​ភ្នំ​​​ក្រវាញ​ក្នុង​ខេត្ត​ពោធិ៍សាត់​ផងដែរ។

ថ្លែង​នៅ​ពិធី​​បិទ​សន្និបាត​បូក​សរុប​ការងារ​ របស់ក្រសួង​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិល​មិញ​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​​​ថា ​​​គំនិត​ផ្តួច​ផ្តើមថ្មី​​យកឈើ​មក​ប្រើ​ឡើង​វិញ​នេះ​​​​គឺជា​​​ដំណោះ​​​ស្រាយ​​​របស់​​​លោក​​​ចំពោះ​​​ការ​​​ត្អួញ​​​ត្អែរ​​​របស់​​​លោក​​​ ហង់ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​ក្រសួង​​​អប់​​​រំ​​​ ដែល​​​ថា ក្រសួង​​​មិន​​​មាន​​​ធនធាន​​​គ្រាប់​​​គ្រាន់​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ថ្លែង​​​ថា ប្រព័ន្ធ​​​បច្ចុប្បន្ន​​​​​​ដោះ​​​ស្រាយ​​​ឈើ​​​ដែល​​​រឹបអូសបាន​​​​ទាំងអស់​​​មិន​​​ដំណើ​​រ​​​ការ​​​ទេ។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​​​​ពី​​​ម្សិលមិញ​​​ថា “ក្នុង​​​ពេល​​​កន្លង​​​មក ​​​នៅ​​​ពេល​​​យើង​​​រឹប​​​អូស​​​បាន​​​ យើង​​​តែង​​​តែ​​​រក​​​អ្នក​​​ដេញ​​​ថ្លៃ​​​ដើម្បី​​​ធ្វើការ​នាំ​​​ចេញ​​​។ ប៉ុន្តែ នៅ​​​ពេល​​​ពួក​​​គេ​​​ទទួល​​​បាន​​​សិទ្ធិ​​​នាំ​​​ចេញ​​​ ការ​​​កាប់​​​ឈើ​​​នៅ​​​តែ​​​កើត​​​មាន​​​ដដែល​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “ចាប់​​​ពី​​​ថ្ងៃ​​​នេះត​​​​ទៅ​​​ ឈើ​​​ទាំង​​​អស់​​​ដែល​​​កាប់​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​​​​ក្រោយ​​​មក​​​ត្រូវបាន​​​​រឹប​​​អូស​​​នោះ​​​ នឹង​​​លែង​​​ដាក់​​​លក់​​​ដេញ​​​ថ្លៃ​​​ទៀត​​​ហើយ​​​។ ឥឡូវ​​​នេះ​​​សូម​​​បញ្ឈប់​​​…។ ចាប់​​​ពី​​​ថ្ងៃ​​​នេះ​​​ត​ទៅ​​​ យើង​​​​​​នឹង​​​ប្រគល់​​​ឈើ​​​ដែល​​​រឹប​​​អូប​​​បាន​​​ទាំង​​​អស់​​​ទៅ​​​ប្រើ​​​ក្នុង​​​វិស័យ​​​អប់​​​រំ​​​វិញ​​​”។

បើ​​​ទោះ​​​ជា​​​ច្បាប់​​​ព្រៃឈើឆ្នាំ​​​​២០០២​​​ចែង​​​ថា រដ្ឋាភិបាល​​​ត្រូវ​​​ដាក់​​​ឈើ​​​ដែល​​​រឹប​​​អូស​​​​​​បាន​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​ខុសច​​​្បាប់​​​ដេញ​​​ថ្លៃ​​​ជា​​​សាធារណៈ​​​ក៏ដោយ ក៏​​​មិ​​​ន​​​មាន​​​ភ័ស្តុ​​​តាង​​​ថា ​​​ការ​​​ដាក់​​​ដេញ​​​ថ្លៃ​​​នេះ​​​ពិត​​​ជា​​​ត្រូវ​​​បាន​​​ធ្វើ​​​ដែរ​​​ថ្វីបើ​​​ការ​​​ពិត​​​ថា ជំនួយការ​​​ផ្ទាល់​​​របស់​​​លោក ​​​ហ៊ុន សែន​​​ ជា​​​ប្រធាន​​​គណៈកម្មាធិការ​​​ដែល​​​ចាត់​​​ចែង​​​រឿង​​​នេះ​​​ក៏​​​ដោយ។ ផ្ទុយ​​​ទៅ​​​វិញ​​​លោក ទ្រី ភាព​​​ ឧកញ៉ា​ខាង​រកស៊ីឈើ ទទួល​​​បានសិទ្ធិ​​​ដំបូង​ក្នុងការ​ទិញ​​​ឈើ​​​ដែល​​​រឹប​​​អូស​​​បាន​​​ទាំង​​​​​​អស់​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​បង់​​​ប្រាក់​​​ក្នុង​តម្លៃចរចា​មួយ​ដល់​រដ្ឋាភិបាល​​​​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ការ​​​សាង​​​សង់​​​សាលា​​​រៀន និង​​​ការ​​​យក​​​ឈើ​​​​​​ធ្វើ​​​តុ​​​នឹង​​​ចាប់​​​ផ្តើម ដោយ​​​ឈើ​​​ចំនួន​​​ពី​​​៣០.០០០ ​​​ទៅ​​​៤០.០០០ម៉ែត្រ​​​គូប ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ដោយ​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​ដឹក​​​នាំ​​​ដោយ​​​លោក សៅ សុខា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លេើផ្ទៃ​​​ប្រទេស​​​ដែលត្រូវ​​​​បាន​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​មករា ដើម្បី​​​លុប​​​បំបាត់​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​ភាគ​​​ឦសាន​​​ប្រទេស​​​។

លោក​​​បាន​​​ថ្លែង​​​ថា“ ប្រសិន​​​បើ​​​ឈើ​​​នោះ​ពី​​​៣០.០០០ ឬ​​​៤០.០០០ម៉ែត្រ​​​គូប សូម​​​ឯក​​​ឧត្តម ហង់ ជួន ណារ៉ុន ចាត់​​​ចែង​​​ទៅ ចង់​​​យក​​​ទៅ​​​ធ្វើ​​​សាលា​​​ក៏​​​យក​​​ទៅ ចង់​​​យក​​​ទៅ​​​ធ្វើ​​​ទ្វារ​​​ធ្វើ​​​បង្អួច​​​សាលា​​​ក៏​​​ធ្វើ​​​ទៅ​​​ ធ្វើ​​​តុ ធ្វើ​កៅអី ក៏ធ្វើ​​​ទៅ ចង់​​​យក​​​ទៅ​​​ធ្វើ​​​ផ្ទះ​​​គ្រូ​​​ក៏​​​ធ្វើ​​​ទៅ​​​ ចូល​​​ក្នុង​​​វិស័យ​​​អប់​​​រំ​​​ទាំង​​​អស់​​​”។

លោក ហ៊ុន សែន ក៏​​​បាន​​​ប្រកាស​​​ផង​​​ដែរ​​​ថា លោក​​​ទទួល​បាន​សំណើ​​​រួម​​​មួយ​​​ពី​​​ក្រសួង​​​បរិស្ថាន​​​ និង​​​ក្រសួង​​​កសិកម្ម​​​ឲ្យ​​កំណត់​​​​ព្រៃ​​​ឡង់​​​និង​​​ព្រៃ​​​នៅ​​​​​​ភ្នំក្រវាញ​​​ជា​​តំបន់​​​ការ​​​ពារ​​​។ ​​​ច្រើន​​​​ឆ្នាំ​មក​ហើយ ក្រុមសកម្ម​​​ជន​​បាន​​​ប្រឹង​​​ប្រែង​​ធ្វើ​ឱ្យ​​​​ព្រៃ​​​ឡង់​​​ដែល​​​មាន​​​ទំហំ​​​​​​៦៥០.០០០​ហិក​តា​​​​​​ទទួល​​​បាន​​​ឋានៈផ្លូវ​ការ​​​ជា​​​ព្រៃ​​​ការ​​​ពារ​​​ ដោយ​​​លើក​​​ឡើង​​​ថា វា​​​ជា​​​ធន​​​ធាន​​​ធម្មជាតិ​​​ដ៏​​​មាន​​​តម្លៃ​​​បំផុត​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​សម្រេច​​​ដាក់​​​ព្រៃ​​​មួយ​​​ចំនួន​​​ទៅ​​​ជា​​​ព្រៃ​​​ការ​​​ពារ​​​តែ​​​ម្តង​​​ ដូច​​​ជា​​​ព្រៃ​​​ឡង់​​​នេះ ​​​ទុក​​​វា​​​ធ្វើ​​​អី​​​ទៀត​​​ ដូច្នេះ​ដាក់​​​វា​​​ជា​​​ព្រៃ​​​ការ​​​ពារ​​​តែ​​​ម្តង​​​ទៅ​​​”។ លោក​​​បាន​​​បន្ត​​​ថា សកម្ម​​​ជន​​​ព្រៃឈើ​​​ និង​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​​ដែល​​​បាន​​​ហែ​​​ក្បួន​​​ជា​​​ច្រើន​​​លើក​​​កាត់​​​ព្រៃ​​​ឡង់​​អំពាវនាវ​​​​ឲ្យ​​​មាន​​​ការ​​​យក​​​ចិត្តិ​​​ទុក​​​ដាក់​​​ចំពោះ​​​ការ​​​កាប់​​​បំផ្លាញព្រៃ​​​ឈើ និង​​​ការ​​​សឹក​​​រេច​​​រឹល​​​​​​បរិស្ថាន​​​នោះ គួរ​​​​​ចូល​​​រួម​​​ជាមួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា បទ​បញ្ជា​ឱ្យ​មាន​ការ​​​ការ​​​ពារ​​​នេះ​​​ត្រូវ​​​បាន​​​គោរ​​​ព​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ណា​​​ដែល​​​​​​ទៅ​​​បំបួស​​​ឈើ​​​ ឬអង្គការ​​​សង្គម​​​ស៊ីវិល ​​​ទាំង​​​អ្នក​​​ដែល​​​ទៅ​​​បំបួស ​​​រុំ​​​ឈើ​​​ស្អីៗ​​​ហ្នឹង​​​ ដាក់​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​ចលនា​​​ការពារ​​​ព្រៃ​​​ឈើតែម្តង​ទៅ​​​​”។

លោកបាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋ​​​មន្ត្រីក្រសួង​​​បរិស្ថាន​​​បន្ត​​​ដាក់​ស្នើ​​​​ព្រៃ​​​ថ្មី​​​ៗ​​​​​​ជា​​​ព្រៃ​​​សម្រាប់​ការពារ។

លោកបាន​​​​​​ស្នើ​​​ថា “ព្រៃ​​​ណា​​​ល្អៗ​​​ ដាក់​​​វា​​​ឲ្យជា​​​ព្រៃ​​​ការ​​​ពារ​​​ទៅ​​​ ដូច្នេះ​​​យើង​​​អាច​​​រក្សា​​​ព្រៃឈើ​​​របស់​​​យើង​​​”។

លោក ហឿន សុភាព សមាជិក​​​បណ្តាញ​​​មូល​​​ដ្ឋាន​​​ព្រៃ​​​ឡង់​​​បាន​​​សាទរ​​​សេចក្តី​​​សម្រេច​​​ដាក់​​​ព្រៃ​​​ឡង់​​​ជា​​​តំបន់​​​ការ​​​ពារ​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា វា​​​នឹង​​​ជា​​​ការល្អបំផុត​​​ប្រសិន​​​បើ​​​បណ្តាញ​​​មូល​​​ដ្ឋាន​​​នេះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​បន្ត​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ រួម​​​មាន​​​ការ​​​ល្បាត​​​ព្រៃ​​​ជា​​​ប្រចាំ​​​ដែល​​​អំឡុង​​​ការ​​​ល្បាត​​​នោះ ក្រុម​សកម្ម​​​ជន​​​ប្រឈម​​​មុខ​​​ជាមួយ​​​អ្នក​​​កាប់​​​ឈើ​​​ ហើយ​​រឹប​អូស​​​​យក​​​​សម្ភារ​​​ទាំង​នោះ​។

លោកបាន​​​ថ្លែង​​​ថា “យើង​​​បាន​​​ឃើញ​​​ព្រៃ​​​ការ​​​ពារ​​​ជាច្រើន​​​ដែល​​​ឡាយ​ព្រះហស្ត​​​លេខា​​​ដោយ​ព្រះ​មហាក្សត្រ​ ទទួលរង​ការ​កាប់​បំផ្លាញ​ ដូច្នេះ​​​​​​សហគមន៍ និង​​​សកម្ម​​​ជន​​​គួរ​​​ត្រូ​​​វ​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ការ​​​ជាមួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​ការ​​​ពារ​​​តំបន់​​​ព្រៃ​ការពារ​​​ទាំង​​​នេះ​​​”៕សារុន​

The post លោក​ ហ៊ុន​ សែន​ ៖ ឈើ​​រឹប​អូស​បាន​ទាំង​អស់​នឹង​ត្រូវ​ប្រើ​ដើម្បី​សាងសង់​សាលារៀន​ appeared first on ខេមបូឌា ដេលី.