ជំនួបកំពូល​អន្តរជាតិ​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ

ជំនួបកំពូល​លើក​ទី៤ ​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ ​ កំពុងតែ​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​ក្រោម​អធិបតីភាព​របស់​លោក​បារ៉ាក់ អូបាម៉ា ​និង​លោក​នាយក​ភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ។ ស្រប​ពេល​ដែល​ពិភពលោក ​កំពុងតែ​រងគ្រោះ​ដោយសារ​អំពើ​ភេរវកម្ម​ កាច​សាហាវ​ឥត​ឈប់ឈរ ​ បណ្តា​ប្រទេស​ធំៗ​ ដែល​មាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ​កំពុងតែ​ជួប​ប្រជុំ​គ្នា​នា​ពេល​នេះ ​ដើម្បី​រកវិធី​ ការពារ​បច្ចេកវិទ្យា​នុយក្លែអ៊ែរ ​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ក្រុម​ភេរវកម្ម។ ដោយឡែក​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ​ក៏នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ផងដែរ។

នេះ​ជាលើក​ទី៤​ហើយ​ ដែល​មាន​ការ​ជួបជុំ​ជា​លក្ខណៈ​អន្តរជាតិ​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ។ វា​ជា​គំនិត​ផ្តួចផ្តើម​ទាំង​ស្រុង​របស់​លោក​ បារ៉ាក់ អូបាម៉ា ​នៅ​ឆ្នាំ​២០១០។ លោក​អូបាម៉ា ​បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​ដែល​លោក​ចង់​បាន​ពិភពលោក​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ វា​មិនមែន​ជា​ការ​ងាយ​ទេ ​ដើម្បី​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង ​តែ​ការងារ​នេះ​ត្រូវ​ចាប់​ផ្តើម​ឡើង​ តាម​រយៈ​ការ​ជួប​និយាយ​គ្នា ​បង្ហាញ​តម្លាភាព​ពី​វិស័យ​នុយក្លេអ៊ែរ​របស់​ប្រទេស​នីមួយៗ ​ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​គេ​យក​ទៅ​ប្រើ​ផ្តេសផ្តាស។ ក្នុង​ពេល​នេះ ​ជំនួប​កំពូល​នេះ​មាន​ប្រទេស​ចូលរួម​ប្រមាណ​ជា​ជាង​៥០ ​ព្រម​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​នុយក្លេអ៊ែរ​របស់​ទីភ្នាក់ងារ​ AIEA ​និង​អ្នក​ជំនាញ​ពី​ប្រទេស​នីមួយៗ។

ជំនួបកំពូល​អន្តរជាតិ​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរសកម្មជនប្រឆាំងនុយក្លេអ៊ែរ ធ្វើបាតុកម្ម​នៅក្រុង​តូក្យូ ថ្ងៃទី ៣១ មីនា ២០១៦

ក្រុម​ភេរវកម្ម​អាច​ច្នៃ​គ្រាប់បែក​នុយក្លេអ៊ែរ ​រឺ​អាច​បំផ្លាញ​ស្ថានីយ​នុយក្លេអ៊ែរ៖
បរិបទ​អន្តរជាតិ​បច្ចុប្បន្ន​នេះ​ គឺ​ពិភពលោក ​កំពុងតែ​រង​ការ​គម្រាម​កំហែង ​ ពី​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ជីហាដ។ ដូច្នេះ​អ្វី​ដែល​គេ​ព្រួយ​បារម្ភ​បំផុត ​ គឺ​ខា្លច​ក្រុម​ភេរវកម្ម ​ប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ​ដើម្បី​ធ្វើ​សកម្មភាព​សម្លាប់​មនុស្ស។ ការ​ព្រួយ​បារម្ភ​នេះ​មាន​ពីរ​ករណី៖

ទីមួយគឺ​គេ​កំពុង​តែ​ព្រួយ​បារម្ភ​ថា ​ ក្រុម​ភេរវកម្ម​អាច​ផលិត​គ្រាប់បែក​ច្នៃ​ចេញ​ពី​ជាតិ​អ៊ុយរ៉ានីញ៉ូម ​និង​ជាតិ​ព្លុយតូនីញ៉ូម។ គ្រាប់បែក​ច្នៃ​បែប​នេះ ​វា​មិន​មាន​កម្លាំង​ផ្ទុះ​ដូច​គ្រាប់បែក​បរមាណូ​មែន​ ប៉ុន្តែ​វា​នឹង​ផ្ទុះ​បំបែក​ចំហាយ​ធាតុ​អ៊ុយរ៉ានីញ៉ូម ​រឺ​ធាតុ​ព្លុយតូនីញ៉ូម ​រឺដែល​យើង​ហៅ​ជា​ទូទៅ​ថា​ ធាតុ​វិទ្យុសកម្ម​នេះ​ឯង។ ចំហាយ​ធាតុ​វិទ្យុ​សកម្ម​នេះ ​ មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ ដល់​សុខភាព​មនុស្ស។ នេះ​មិន​មែន​ជា​ការ​ចេះ​តែស្មានៗ​ទេ ​ការ​ព្រួយ​បារម្ភ​នេះ ​វា​អាច​កើត​ឡើង​ពិតមែន ​ ព្រោះ​បើ​តាម​ការ​ស៊ើបអង្កេត​ជុំវិញ ​ភេរវកម្ម​នៅ​ក្រុង​ព្រុចសែល ​គឺ​គេ​មាន​ភស្តុតាង ​ដែល​បញ្ជាក់​ថា ​ក្រុម​ភេរវកម្ម​បាន​កំពុងតែ​រៀបចំ​ធ្វើ​គ្រាប់បែក​ច្នៃ​ផ្សំ​ពី​ធាតុ​នុយក្លេអ៊ែរ។

ការ​ព្រួយ​បារម្ភ​ទីពីរ​គឺ​ទាក់ទិន​នឹង​សុវត្ថិភាព​ នៅ​តាម​ស្ថានីយ៍​នុយក្លេអ៊ែរ​ធំៗ​ នៅ​ទូទាំង​ពិភពលោក។ ក្នុង​សម័យ​នេះ ​ស្ថានីយ៍​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ​គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ អ្វី​ដែល​គេ​ព្រួយ​បារម្ភ​គឺ​ថា ​ គឺ​ខ្លាច​ក្រុម​ភេរវកម្ម​អាច​ចូល​ទៅ​បំផ្លាញ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ដែល​គ្រប់គ្រង​ស្ថានីយ៍​ទាំង​នោះ ​ ដើម្បី​ធ្វើ​ឲ្យ​ខូច​ដំណើរការ​រ៉េអាក់ទ័រ ​ ​រឺ​ធ្វើ​ឲ្យ​ផ្ទុះ​រ៉េអាក់ទ័រ ​ និង​បញ្ចេញ​ធាតុ​វិទ្យុសកម្ម​មក​ខាង​ក្រៅ។

គ្រប់គ្រង​ចរាចរណ៍​ជាតិ​អាតូម​នុយក្លេអ៊ែរ៖

ជំនួបកំពូល​អន្តរជាតិ​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ

វត្ថុរាវ​ផ្ទុក​ដោយសារធាតុ​​នុុយក្លេអ៊ែរ​ នៅ​តំបន់​ឈែណូប៊ីល ភាគខាង​កើត​អ៊ុយក្រែន

យន្តការ​ចាំបាច់​ក្នុង​ការ​ធានា​សុវត្ថិភាព​នុយក្លេអ៊ែរ ​គឺ​ទីមួយ​ត្រូវ​ធានា​គ្រប់គ្រង​ឲ្យ​បាន​តឹងរឹង​ នូវ​ប្រព័ន្ធ​គ្រប់គ្រង​ស្ថានីយ៍​នុយក្លេអ៊ែរ​ និង​គ្រប់គ្រង​ចរាចរណ៍​សារធាតុ​ផ្សំ​នុយក្លេអ៊ែរ។ ធាតុផ្សំ​សំខាន់ ​ដែល​ជា​អាតូម​អ៊ុយរ៉ានីញ៉ូម ​រឺ​ព្លុយតូនីញ៉ូម​នេះ ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ធ្វើការ​ចម្រា​ញ់រាប់សិប​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ធាតុផ្សំ​ទាំងនោះ ​មាន​នៅ​សេសសល់ ​ស្តុក​ទុក​ចោល​តាម​ប្រទេស​ជាច្រើន។ យោង​តាម​របាយការណ៍​ផ្លូវការ​នៅ​ឆ្នាំ​២០១៥ ​នៅ​ទូទាំង​ពិភពលោក​នេះ ​មាន​នៅ​សេសសល់​ធាតុ​អ៊ុយរ៉ានីញ៉ូម​ និង​ធាតុ​ព្លុយតូនីញ៉ូម ​ដែល​អាច​ផលិត​គ្រាប់បែក​បរមាណូ​បាន​ដល់​ទៅ​២សែន​គ្រាប់​ឯណោះ។

យើង​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ឆ្លងកាត់​ការ​ប្រជុំ​គ្នា ​មាន​ប្រទេស​កាន់​តែ​ច្រើន​ ដែល​បាន​សន្យា​ធ្វើការ​បំផ្លាញ​ចោល​ធាតុ​អាតូម​នុយក្លេអ៊ែរ។ កាលពី​ឆ្នាំ​២០១០​ មាន​ប្រទេស​១៤​ដែល​បាន​សន្យា​ បំផ្លាញ​ធាតុ​អាតូម​ទាំង​នោះ​ចោល។ កាល​ពី​ឆ្នាំ​២០១៤​ មាន​ប្រទេស​ទាំងអស់​៣៤ ​ដែល​បាន​សន្យា​ខិតខំ​ បំផ្លាញ​ចោល​ធាតុផ្សំ​នុយក្លេអ៊ែរ​ទាំង​នោះ។ ប៉ុន្តែ​ការ​លំបាក​គឺ​ថា​កន្លង​មក ​ប្រទេស​ធំៗ ​ដូច​ជា​ចិន ​ប៉ាគីស្ថាន ​និង​ឥណ្ឌា ​មិន​បាន​សន្យា​ជាមួយ​គេ​ជាមួយ​ឯង​ទេ។ ដ៏រាប​ណា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ធំ​ទាំង​នេះ ​នៅ​តែ​មិន​ចូល​រួម​ឲ្យ​ខ្លាំង ​គឺ​ថា​គ្រោះថ្នាក់​នៅ​តែមាន។

យ៉ាងណាមិញ​ ក្នុង​ជំនួប​កំពូល​លើក​នេះ  ​គេពុំ​ឃើញ​មាន​វត្តមាន​របស់​ប្រធានាធិបតី​រុស្ស៊ី ​និង​ប្រធានាធិបតី​អ៊ីរ៉ង់​ចូលរួម​ទេ។ អ៊ីរ៉ង់​ដែល​ទើប​ទេ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រាង​ស្តី​ពី​កម្មវិធី​នុយក្លែអ៊ែរ ​ បែរ​ជា​មិន​ចូលរួម​ក្នុង​ជំនួប​កំពូល​នេះ​ មាន​ន័យ​ថា​អ៊ីរ៉ង់​មិន​មាន​ចេតនា​ច្បាស់លាស់​ ក្នុង​ការ​បង្ហាញ​តម្លាភាព​នៃ​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ។

ចំណុច​ធំមួយ​ទៀត​ដែល​គួរ​ពិចារណា ​ហើយ​ដែល​អ្នក​ជំនាញ​មួយ​ចំនួន​គេ​ទាមទារ ​ គឺ​សុំ​ឲ្យ​បញ្ចូល​អាវុធ​នុយក្លេអ៊ែរ​ ទៅ​ក្នុង​ក្របខណ្ឌ​នៃ​ជំនួប​កំពូល​នេះ​ដែរ។ រហូត​ពេល​នេះ ​គឺ​គេ​និយាយ​តែ​ពី​ធាតុផ្សំ​នុយក្លេអ៊ែរ ​ដែល​ប្រើ​ក្នុង​វិស័យ​ស៊ីវិល​តែ​ប៉ុណ្ណោះ។ តែ​កំភ្លេច​ថា​ការ​គ្រប់គ្រង​ធាតុ​ផ្សំ​នុយក្លេអ៊ែរ ​ដើម្បី​ផលិត​អាវុធ​ ក្នុង​វិស័យ​យោធា​របស់​ប្រទេស​នីមួយៗ ​ក៏​ត្រូវតែ​លើក​មក​និយាយ​ដែរ​ ព្រោះវា​មាន​គ្រោះថ្នាក់​ដូចគ្នា។

នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ ជា​សំណុំ​រឿងក្តៅ៖
កូរ៉េ​ខាងជើង​ ជា​ឧទាហរណ៍​មួយ​យ៉ាងច្បាស់ ​អំពី​ការ​ប្រើ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ​ដែល​មិន​សមស្រប​ យក​មក​គំរាម​គេ​គំរាម​ឯង។ ឆ្លៀត​ឱកាស​ជំនួប​កំពូល​នេះ ​លោក​បារាក់ អូបាម៉ា ​បាន​រៀបចំ​ជំនួប​ដាច់​ដោយ​ឡែក​ពីរ​ផ្សេងទៀត ​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាងជើង។

ជំនួបកំពូល​អន្តរជាតិ​ស្តីពី​សន្តិសុខ​នុយក្លេអ៊ែរ

គីម ជុងអ៊ុន មេដឹកនាំផ្តាច់ការ​របស់​​កូរ៉េខាងជើង​

ទីមួយ​លោក​អូបាម៉ា ​នឹង​ជួប​ជាមួយ​លោក​ស្រី​ប៉ាក់ គិនហឺ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​និង​លោក​ស៊ិន ហ្សូអាបេ ​នាយករដ្ឋមន្ត្រី​ជប៉ុន។ ប្រទេស​ទាំងបី​នេះ​ មាន​គម្រោង​ទាមទារ ​ ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​តឹងតែង​ ទៅ​តាម​វិធានការ​ច្បាប់​អន្តរជាតិ ​ ដើម្បី​ដាក់​គំនៀប​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ​និង​ក្រុមហ៊ុន ​រឺ​មនុស្ស​ដែល​រកស៊ី​ជាមួយ​កូរ៉េ​ខាងជើង​ក្នុង​វិស័យ​នុយក្លេអ៊ែរ​នេះ។ ជាក់ស្តែង​សេចក្តី​សម្រេច​ចិត្ត​លេខ ​2270 ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ កាល​ពី​ថ្ងៃ​ទី​២​ មីនា ​ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ​គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ បន្ថែម​ពី​នេះ ​ប្រទេស​ទាំងបី ​និង​និយាយគ្នា​អំពី​គម្រោង​ដាក់​បញ្ឈរ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​បាលីស្ទីកTHAAD ​នៅ​កូរ៉េ​ខាងត្បូង​ផង​ដែរ។

ប៉ុន្តែ​តួអង្គ​សំខាន់​មួយ ​ក្នុង​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ​គឺ​ចិន។ អញ្ចឹង​ហើយ ​បាន​ជា​លោក​អូបាម៉ា ​ក៏​មាន​គម្រោង​ជួយ​ដាច់​ដោយ​ឡែក​ជាមួយ​ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង ​ក្នុង​ឱកាស​នេះ​ដែរ។ ចិន​ ថ្វី​បើ​ថ្មីៗ​នេះ ​បាន​ធ្វើការ​ថ្កោលទោស​លើ​កូរ៉េ​ខាង​ជើង​មែន ​ តែ​គេ​ជឿថា​ចិន​អាច​ធ្វើ​បាន​ច្រើន​លើស​នេះ​ទៀត ​ ដើម្បី​បញ្ចុះបញ្ចូល​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង ​កុំឲ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ មួយវិញ​ទៀត​ បច្ចេកវិទ្យា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ​ក៏​មាន​ចំណែក​របស់​ចិន​ដែរ។

ក្នុងនាម​មហាអំណាច​ទាំង​សេដ្ឋកិច្ច​ ទាំង​នុយក្លេអ៊ែរ ​ចិន​និង​អាមេរិក​ មាន​តួនាទី​ចំបង ​ ក្នុង​ការ​ធានា​ស្ថិរភាព​តំបន់។ បទ​ពិសោធន៍​ល្អ​មួយ​ ដែល​ប្រទេស​មហាអំណាច​បាន​ធ្វើ​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ គឺ​ជា​ជោគជ័យ​ធំ​ណាស់។ ដូច្នេះ​លើក​នេះ​ ប្រទេស​មហា​អំណាច ​ត្រូវ​រក​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា ​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាងជើង ​ ចៀងវាង​យក​កំហឹង​ទល់​កំហល់។

គេ​ជឿ​ថា​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង​ក៏​មាន​ចំណុច​ខ្សោយ​ដែរ។ អ្វី​ដែល​ជំរុញ​ឲ្យ​គីម​ ជុងអ៊ុន​ បញ្ចេញ​សាច់ដុំ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ គឺ​មួយ​ផ្នែក​ជា​យុទ្ធសាស្ត្រ​ផ្ទៃក្នុង ​ព្រោះ​គីម ជុងអ៊ុន​ចង់​បាន​ការ​គាំទ្រ​ពី​សមាជិក​បក្ស​កុម្មុយនីស្តិ​កូរ៉េ​ខាង​ជើង ​មុន​ពេល​មាន​មហាសន្និបាទ​ធំ ​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ។ ដូច្នេះ​បន្ទាប់​ពី​នេះ​ទៅ ​គេ​សង្ឃឹម​ថា​អាច​និយាយ​ជាមួយ​កូរ៉េ​ខាងជើង​បាន​ នៅ​ពេល​បរិយាកាស​ស្ងប់​បន្តិច៕

ប្រភពៈ RFI