អាមេរិក​ នឹង​ដំឡើង​ការ​ប្រាក់​បន្តិច​ម្តងៗ

ក្រុងញូវយ៉កៈ លោកស្រី​ Janet Yellen ទេសាភិបាល​ធនាគារ​កណ្តាល​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ចំពោះ​កំណើន​​សេដ្ឋកិច្ច​អាមេរិក​ និង​បាន​ឲ្យ​ដឹង​ថា​ធនាគារ​កណ្តាល​នឹង​​ដំឡើង​អត្រា​ការ​ប្រាក់​ក្នុង​កម្រិត​បន្តិច​ម្តងៗ​ ខណៈ​​វិបត្តិ​ដែល​បង្ក​ឡើង​ដោយសារ​កំណើន​សេដ្ឋកិច្ច​សកល​កាន់តែ​ទាប និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​មាន​ស្ថានភាព​ធូរ​ស្រាល។

នៅក្នុង​សុន្ទរកថា​សាធារណៈ​ដំបូង​របស់​លោកស្រី​ចាប់​តាំងពី​ធនាគារ​កណ្តាល​អាមេរិក​បាន​ប្រកាន់​យក​ជំហរ​សន្តិភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​​គោលនយោបាយ​រូបិយវត្ថុ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ខែ​មីនា​របស់​ខ្លួន​លោកស្រី​ Yellen បាន​បញ្ជាក់​ម្តង​ទៀត​ពី​ចក្ខុវិស័យ​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​អាមេរិក។

ប៉ុន្តែ​លោកស្រី​បាន​ប្រាប់​ក្លិប​សេដ្ឋកិច្ច​ក្រុង​ញូវយ៉ក​ថា​ធនាគារ​កណ្តាល​អាមេរិក​ត្រូវ​អនុវត្ត​ដោយ​ប្រុងប្រយ័ត្ន​។ ទន្ទឹម​នឹង​នោះ​ដែរ​ធនាគារ​នេះ​រំពឹង​ថា​នឹង​រឹត​បន្តឹង​គោលនយោបាយ​រូបិយវត្ថុ​បន្តិច​ម្តងៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​បន្ទាប់ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ខ្លួន​ពី​ខែ​ធ្នូ​។

អាមេរិក​ នឹង​ដំឡើង​ការ​ប្រាក់​បន្តិច​ម្តងៗ

លោកស្រី Janet Yellen ថ្លែង​កាលពី​ពាក់កណ្តាល​ខែ​នេះ។ រូបថត Bloomberg

លោកស្រី​បាន​បន្ត​ឲ្យ​ដឹង​ថា​ធនាគារ​កណ្តាល​អាមេរិក​កំពុង​រក្សា​ការ​ព្យាករ​របស់​ខ្លួន​ចំពោះ​កំណើន​​សេដ្ឋកិច្ច​របស់​អាមេរិក​ក្នុង​កម្រិត​មធ្យម​ហើយ​​អតិផរណា​ឆ្ពោះ​ទៅ​​រក​គោលដៅ​ ២ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាមេរិក​ក្នុង​រយៈពេល​មធ្យម។

ប៉ុន្តែ​បើ​ទោះ​ជា​មាន​ការ​អធិប្បាយ​នាពេល​ថ្មីៗ​នេះ​របស់​មន្ត្រី​ធនាគារ​កណ្តាល​អាមេរិក​​មួយ​ចំនួន​ថា​អតិផរណា​បាន​កើន​ឡើង​រួច​ទៅ​ហើយ និង​បាន​ស្នើ​ឲ្យ​ធនាគារ​កណ្តាល​​អាមេរិក​អាច​ដំឡើង​អត្រា​ការ​ប្រាក់​ម្តង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​​នេះ​ក្តី​ក៏​លោកស្រី Yellen បាន​លើក​ឡើង​ថា​លោកស្រី​នៅ​តែ​មិន​ទាន់​យល់​ស្រប​នៅ​ឡើយ។

លោកស្រី​មាន​ប្រសាសន៍​បន្ត​ថា៖ «​វា​ឆាប់​រហ័ស​ពេក​ក្នុង​ការ​ប្រាប់​ថា​តើ​កម្រិត​កំណើន​នាពេល​ថ្មីៗ​នេះ​នឹង​បង្ហាញ​ពី​ស្ថិរភាព​នោះ»។

ទន្ទឹម​នឹង​នោះ​ដែរ​លោកស្រី​ Yellen បាន​​ឲ្យ​ដឹង​ថា​ធនាគារ​កណ្តាល​អាមេរិក​នៅ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល និង​វិបត្តិ​ទីផ្សារ​នៅ​ពេល​ធនាគារ​កណ្តាល​មួយ​នេះ​សម្រេច​លើ​គោល​នយោបាយ។

លោកស្រី​បាន​លើក​ឡើង​ជាពិសេស​ចំពោះ​​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ប្រទេស​ចិន និង​កម្រិត​​ដែល​ភាព​មិន​ប្រាកដប្រជា​នោះ​អាច​បង្ក​ជា​បញ្ហា​ព្រម​ទាំង​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​របស់​​​ចិន​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍