Cambodia All Stars នឹង​ជូន​បាច់​​ផ្កា​ដល់​សម្តេច​ ហ៊ុន សែន​ ​ថ្ងៃ​ទី​៤​ មេសា​

ក្រុម​​តារា​ឆ្នើម​ Cambodia All Stars នឹង​ជូន​កន្ត្រក​ផ្កា​​ដល់​សម្តេច​តេជោ​ ហ៊ុន សែន ក្នុង​​ឱកាស​ដែល​សម្តេច​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​រៀប​ចំ​ពិធី​​ទទួល​ភោជនាហារ​ដល់​អត្តពលិក​​កម្ពុជា​​​នា​ថ្ងៃ​ទី​៤​ ខែ​មេសា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​កោះពេជ្រ។

Cambodia All Stars នឹង​ជូន​បាច់​​ផ្កា​ដល់​សម្តេច​ ហ៊ុន សែន​ ​ថ្ងៃ​ទី​៤​ មេសា​

ក្រុម Cambodia All Stars

 

អត្តពលិក​កម្ពុជា​ក្នុង​នោះ​មាន​កីឡាករ​ កីឡា​ការិនី គ្រូ​បង្វឹក​ ​និង​ថ្នាក់​ដឹក​នាំ​​ស្ថាប័ន​កីឡា​នានា​ប្រមាណ​៣៤០០​នាក់​ទទួល​បាន​មហា​កិត្តិយស​ដែល​​សម្តេច​តេជោ​ ហ៊ុន សែន​​រៀប​ចំ​ពិធី​ទទួល​ទាន​អាហារ​​ជុំ​គ្នា​ជា​មហា​គ្រួសារ​កីឡា​ខ្មែរ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​កោះ​ពេជ្រ។

 

កាល​ពី​ល្ងាច​ម្សិល​មិញ​ ឯកឧត្តម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថ​ ​ពិធី​ទទួល​ទាន​អាហារ​ជា​មហា​គ្រួសារ​​កីឡា​ខ្មែរ​​គឺ​ចំ​ថ្ងៃ​ខួប​កំណើត​របស់​សម្តេច​តេជោ​ ហ៊ុន សែន។ ក្នុង​ឱកាស​នេះ​​ ក្រុម​កីឡា​បាល់ទាត់​ Cambodia All Stars នឹង​ជូន​បាច់​ផ្កា​ដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី។ ក្រៅ​ពី​នោះ​ក៏​មាន​ក្រុម​អ្នក​កីឡា​​ចាស់​​ព្រឹទ្ធាចារ្យ​ ក្រុម​កីឡា​ពិការ​ឆ្នើម​ ក្រុម​កីឡា​ឆ្នើម​ និង​ក្រុម​យុវជន​​បាល់ទាត់​ត្រៀម​ស៊ីហ្គេម​២០២៣​ក៏​ជូន​បាច់​ផ្កា​ដល់​សម្តេច​ ហ៊ុន​ សែន​ដែរ។

 

ក្រុម​កីឡា​បាល់ទាត់​ Cambodia All Stars ​ទទួល​បាន​​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បន្ទាប់​ពី​គេ​បាន​ស្វែង​រក​ជ័យជម្នះ​បាន​៣​ប្រកួត​ជាប់​គ្នា​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​​​ជូន​ជាតិ​ក្នុង​នោះ​ឈ្នះ​​ក្រុម​ជើង​ឯក​ថៃ​ Buriram United ឈ្នះ​ក្រុម​ជើង​ឯក​រង​ថៃ​ Muangthong United និង​ ឈ្នះ​ក្រុម​ Lao All Stars។ សម្តេច ហ៊ុន សែន​ បាន​ទាំង​ឧបត្ថម្ភ​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ Cambodia All Stars ជា​បន្ត​បន្ទាប់។

 

ការ​រៀប​ចំ​ពិធី​ទទួល​ទាន​អាហារ​​ជា​មហា​គ្រួសារ​ខ្មែរ​របស់​ប្រមុខ​ដឹក​នាំ​កម្ពុជា​នេះ​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​កម្ពុជា​​ដើម្បី​ត្រៀម​ខ្លួន​​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​(ស៊ីហ្គេម)​លើក​ទី​៣៣ ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ៕​

 

អត្ថបទ៖ ជាន ចាន់រ៉ា