ប្រាក់ សុវណ្ណារ៉ា ​ថា​ បើ​បាន​ត្រឹម​១​ពិន្ទុ​ពី​ទ័ព​គឺ​ជា​រឿង​ល្អ​បំផុត

“​នៅ​ថ្ងៃ​ស្អែក​បើ​បាន​មួយ​ពិន្ទុ ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​គឺ​ជា​រឿង​ល្អ​បំផុត​ហើយ​សម្រាប់​ក្រុម​បឹង​កេត”។ នេះ​ជា​សម្ដី​យ៉ាង​ខ្លី​ពី​លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ។

 

ប្រាក់ សុវណ្ណារ៉ា ​ថា​ បើ​បាន​ត្រឹម​១​ពិន្ទុ​ពី​ទ័ព​គឺ​ជា​រឿង​ល្អ​បំផុត

 

មុន​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​ នៅ​ថ្ងៃ​ស្អែក​ វេលា​ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​លោក ប្រាក់ សុវណ្ណារ៉ា ​បាន​បញ្ជាក់​ថា​ប៉ះ​ក្រុម​របស់​លោក ទេព ឡុងរចនា ​នេះ​គឺ​ពិត​ជា​ប្រកួត​ស្មុគស្មាញ​មែនទែន ព្រោះ​ពួកគេ​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​នៅ​រដូវ​កាល​នេះ។ មិន​ត្រឹម​តែ​លោក​ម្នាក់​នោះ​ទេ ដែល​គិត​ដូច្នេះ សូម្បី​អ្នក​ស្រលាញ់​កីឡា​បាល់ទាត់​គ្រប់​គ្នា ក៏​មើល​ឃើញ​ពី​សមត្ថភាព​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​ថា​ខ្លាំង​ប៉ុណ្ណា​ដែរ។

 

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​៖ “ថ្ងៃ​ស្អែក បើ​យើង​បាន​១​ពិន្ទុ ​ពី​ក្រុម​ក្រសួង​ការពារ​ជាតិ​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​បឹង​កេត។ ខ្ញុំ​មិន​ទាន់​ប៉ង​រហូត​ដល់​ឈ្នះ​នោះ​ទេ បាន​ត្រឹម​តែ​ស្មើ​គឺ​អាច​ចាត់​ទុក​ថា​ជោគជ័យ​ហើយ”។

 

ទន្ទឹម​គ្នា​នេះ​ដែរ ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ ក្រុម​បឹង​កេត​អង្គរ​មិន​ទាន់​ច្បាស់​​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​បាន​ចូល​លេង​ឬ​អត់​នោះ​ទេ ដោយសារ​តែ​របួស​របស់​គេ​មិន​ទាន់​ជា​សះស្បើយ ១០០​% ​នៅ​ឡើយ ហើយ​លោក ប្រាក់ សុវណ្ណារ៉ា ​ក៏​មិន​ចង់​ប្រថុយ​ដាក់​ឱ្យ​ចូល​លេង​នោះ​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ