ចោរប្លន់​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​បាន​១៤​ឆ្នាំ

ចោរប្លន់​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​បាន​១៤​ឆ្នាំ



ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​«​ប្លន់​ប្រដាប់​អាវុធ​»​កាលពី​១៤​ឆ្នាំ​មុន ហើយ​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ ទើបត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា តាម​អំណាច​ដីកា​ចាប់​ខ្លួន​របស់​តុលាការខេត្ត​បាត់ដំបង គ្រា​ដែល​ជន​នេះ​បាន​គេចខ្លួន​ទៅ​សម្ងំ​ធ្វើ​ចំការ​នៅ​ក្បែរ​តំបន់​ភ្នំ​មួយ​កន្លែង ក្នុងភូមិ​សួរ​ស្ដី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

មន្ត្រី​ផ្នែក​អនុវត្ត​ដីកា​នៃ​ស្នងកា​រា​ដ្ឋា​ន​ឲ្យ​ដឹង​ថា  ជនជាប់ចោទ​ឈ្មោះ​ទឹម ភុ​ន ហៅ​ប៉ូច អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ប៉ុន្តែ​ក្រោយ​ពី​ប្រ​ព្រិ​ត្ត​អំពើ​ប្លន់ ជន​នេះ​បាន​គេចខ្លួន ទៅ​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​ធ្វើ​ចំការ​នៅ​ខេត្ត​ប៉ៃលិន រហូត​ដល់​ពេល​នេះ ។

មន្ត្រី​ដដែល​ថា ឧ​ក្រិ​ដ្ធ​ជន​រូប​នេះ ត្រូវ​បាន​ចាប់ខ្លួន​តាម​អំណាច​ដីកា​ស្វែងរក​ចាប់ខ្លួន​លេខ​១៩ របស់​លោក​និល ណុ​ន ប្រធាន​តុលាការខេត្ត​បាត់ដំបង ចុះ​ថ្ងៃ​ទី​០៦ ឧសភា ២០០៤ ។ បើ​យោង​តាម​ដីកា​នេះ ឈ្មោះ​ទឹម ភុ​ន ហៅ​ប៉ូច ជាប់ចោទ​ពី​បទ «​ប្លន់​ប្រដាប់​អាវុធ​» ដែល​ប្រ​ព្រិ​ត្ត​កាលពី​យប់​ថ្ងៃ​ទី​៣១ មិ​នា ២០០២ នៅ​ចំណុច​អូរ​តា​ឃ្នួ​ច ស្ថិត​ក្នុងភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។ បើ​គិត​ត្រឹម​ថ្ងៃ​ចាប់ខ្លួន មាន​រយះ​ពេល​១៤​ឆ្នាំ​គត់ ។ តុលាការ​បាន​បើក​សវន​ការ ជំនុំ​ជំ​រះ​កំបាំង​មុខ ដោយ​ផ្តន្ទាទោស​ឧ​ក្រិ​ដ្ធ​ជន​រូប​នេះ ដាក់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន​បាន ។

ជនជាប់ចោទ​ឈ្មោះ​ទឹម ភុ​ន ហៅ ប៉ូច បាន​សារភាព​ទ​ទូល​កំហុស ពេល​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​ដល់​ស្នងការ​ដ្ធា​ន​ខេត្ត ។ ជន​នេះ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើ «​ប្លន់​» នោះ​មែន ជាមួយនឹង​បក្សពួក​ប្រមាណ​៥​នាក់​ទៀត ។ កាលនោះ​ខ្លួន​ស្រវឹង ហើយ​ស្គាល់គ្នា​ស្រ​ពឹ​ច​ស្រពិល ជាមួយ​គួរ​កន​ដែល​រួមគំនិត​គ្នា​ប្លន់ ។ ជន​នេះ​បញ្ជាក់​ថា បើ​តាម​ខ្លួន​ចាំ​ពេល​ប្លន់​នោះ ដូច​ជា​មិន​បានទ្រព្យ​សម្បត្តិ​អ្វី​ដុំ​កំ​ភូ​ន​ទេ ។ កាលនោះ​មាន​គ្នា​ដូច​ជា​៦​នាក់ មាន​ទាំង​អាវុធ​ផង បាន​ធ្វើ​សកម្មភាព​ប្លន់ ក្រោយ​ពី​ផឹកស៊ី​រួច ។  ក្រោយ​កើតហេតុ​បក្សពួក​មួយ​ចំនួន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន  រីឯ​មួយ​ចំនួន​រត់ចោលស្រុក ចំណែក​ខ្លួន​ក៏​គេច​ទៅ​សម្ងំ​ធ្វើ​ចំការ​នៅ​ខេត្ត​ប៉ៃលិន តាំងពី​ពេល​នោះ​មក​ដែរ ។  លុះ​នៅ​ព្រលឹម​ថ្ងៃ​ទី​៣១ មិ​នា​២០១៦ មិន​ទាន់​បើកភ្នែក​ផង សមត្ថកិច្ច​ទៅ​ដល់​ផ្ទះ​ក្របួច​.​ក​ជាប់​ល្មម ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសា​ស​ដែរ​ថា ជាង​១០​ឆ្នាំ​ហើយ ដែល​សមត្ថកិច្ច​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​ជនជាប់ចោទ​រូប​នេះ ។ លោក​ថា ជន​នេះ​បានរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​យ៉ាង​សុខសាន្ត នៅ​ក្បែរ​តំបន​ព្រៃ​ភ្នំ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន  តែ​ដោយសារ​កិច្ច​ប្រឹងប្រែង​របស់​សមត្ថកិច្ច ទើប​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​បាន​តែ​ម្ដង ។ មន្ត្រី​ផ្នែក​អនុវត្ត​ដីកា បាន​បញ្ជូន​ឧ​ក្រិ​ដ្ធ​រូប​នេះ​ទៅ​ប្រគល់​ឲ្យ​តុលាការ​ហើយ ដើម្បី​អនុវត្ត​ទោស​ចំនួន​៨​ឆ្នាំ តាម​អំណាច​សាលក្រម​ស្ថាព​របស់​តុលាការ ៕