មេ​ដុះ​កន្ទុយ​មាន​ច្រើន​ណាស់ មិនមែន​មាន​តែ​មួយ​នេះ​ទេ

មេ​ដុះ​កន្ទុយ​មាន​ច្រើន​ណាស់ មិនមែន​មាន​តែ​មួយ​នេះ​ទេ



រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក យឹ​ម ហួង ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ និង​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ដុះ​ស្លែ​ដ៏​ធំ​មួយ​កន្លែង ដែល​ជ្រក​ក្រោម​ស្លាក​ប្តូរ​ប្រាក់​យីហោ ហ៊ី ច​ន្ធី ដោយ​ឃាត់ខ្លួន​ទាំង​មេ​និង​អ្នក​ចាក់​បាន​ចំនួន​៥​នាក់​(​ស្រី​៤​នាក់​) និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី ៣០ ខែមីនា ។

លោក យឹ​ម ហួង ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌចំការមន បានឱ្យ​ដឹង​ថា មេ​កន្ទុយលេខ និង​អ្នក​ញៀន​ល្បែង​កន្ទុយលេខ​ទាំង​៥​នាក់​នេះ​មាន ៖
១-​ឈ្មោះ ហ៊ី ច​ន្ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មេ​កន្ទុយលេខ ស្នាក់​នៅផ្ទះ​លេខ​១១៣ ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ជា​ហាង​មាន​យីហោ​ប្ដូរ​ប្រាក់ ។
២-​ឈ្មោះ អន តារា ភេទ​ស្រី អាយុ​៦០​ឆ្នាំ
៣-​ឈ្មោះ ហឹ​ង ផុល ភេទ​ស្រី អាយុ​៦០​ឆ្នាំ
៤-​ឈ្មោះ ឯក ច​ន្ថា ភេទ​ស្រី អាយុ ៦២​ឆ្នាំ
៥-​ឈ្មោះ​ប្រាក់ កំសាន្ត ភេទ​ស្រី អាយុ​២៧​ឆ្នាំ ។ ៤​នាក់​ខាងលើ​នេះ​ជា​អ្នក​ចាក់ ។

នគរបាល​ដែល​ទើប​នឹកឃើញ​ចេញ​ចាប់​បាន​និយាយ​ថា ឆ្លងកាត់​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​នគរបាល​ខណ្ឌចំការមន អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ បាន​ពិនិត្យ​ឃើញ​ថា ទីតាំង​ខាងលើ​មាន​លួច​បង្កប់​កត់​កន្ទុយលេខ​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ ដោយ​ជ្រក​ក្រោម​ស្លាក​យីហោ​ប្តូរ​ប្រាក់​នេះ ។

តាម​ប្រភព​ដដែល បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ដឹង​ថា មាន​លួច​បង្កប់​ល្បែងស៊ីសង​នេះ​ច្បាស់​ហើយ ក៏​បាន​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា​ឆ្មក់​ចុះ​បង្ក្រាប​តែ​ម្តង ដោយ​បាន​ឃាត់ខ្លួន​ទាំង​មេ​និង​អ្នក​ញៀន​ល្បែង​កន្ទុយលេខ​សរុប​ចំនួន​៥​នាក់ និង​បាន​ដកហូត​ប្រាក់​មួយ​ចំនួន រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​កត់​កន្ទុយលេខ​មួយ​ចំនួន​ទៀត ។

ការ​ចេញ​បង្ក្រាប​នៅ​ទីតាំង ដែល​នៅ​សម្បុក​ប្តូរ​ប្រាក់​បែប​នេះ​សមត្ថកិច្ច​គួរតែ​ធ្វើ​សកម្មភាព​រក្សា​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ឱ្យ​បាន​ខ្ពស់ ព្រោះ​ភ្នែក​មនុស្ស​ដូច​ភ្នែកម្នាស់ ។ ប៉ុន្តែ​ឆ្ងល់​ណាស់ យូរហើយ​ម៉េច​ទើប​បង្ក្រាប ? ម៉េច​មិន​ណែនាំ​អប់រំ​មុន​ផង ? រឿង​កន្ទុយលេខ​មិនមែន​មាន​តែ​មួយ​កន្លែង​នេះ​ទេ ៕