ចិន មិន​ទទួលស្គាល់​ឡើយ​រាល់​សកម្មភាព​ណា​ដែល​គំរាម​ដល់​សន្តិសុខ​ក្រោមលេស​សេរីភាព​នាវាចរណ៍​នោះ​

​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិន​ត្រឹមតែ​ជា​បញ្ហា​រវាង​រដ្ឋ​ពាក់ព័ន្ធ​ដែល​រួមមាន​អាស៊ាន និង​ចិន​ប៉ុណ្ណោះ​នោះទេ តែ​បញ្ហា​នេះ ក៏បាន​ឲ្យ​អាមេរិក លូកដៃ​ចូល​ក្រោម​ហេតុផល​អន្តរជាតិ​ដោយមាន​ទាំង​បញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង​។ តែ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បញ្ជាក់ថា​លោក មិន​ទទួលស្គាល់ ឡើយ​ចំពោះ​ការអនុវត្ត​សិទ្ធិ​ដែនសមុទ្រ​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​នោះ​។​

​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅថ្ងៃ​ទី​៣១ ខែមីនា បាន​ថ្លែងថា ចិន នឹងមិន​ទទួលស្គាល់​រាល់​សកម្ម ភាព​បំភាន់​ភ្នែក​នៃ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ទាំងឡាយណា​ដែល​បំពាន​អធិបតេយ្យ និង​បំផ្លាញ​សន្តិសុខ​របស់ខ្លួន​ឡើយ​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​ចិន ជាមួយនឹង​សម​ភាគី​របស់លោក គឺ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ក្រុង​វ៉ា​ស៊ិន​តោន​នា​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយ​ក្លេ អ៊ែរ​។​

​លោក​ប្រធានាធិបតី ស៊ី ក៏បាន​បញ្ជាក់ដែរថា ក្រុង​ប៉េកាំង គោរព និង​រក្សា​នូវ​សេរីភាព​នៃ​ហោះហើរ និង ការធ្វើរ​នាវាចរណ៍រ​បស់​ប្រទេស​ដទៃ​ដែលជា​សកម្មភាព​ក្រោម​ច្បាប់​អន្តរជាតិ​។ តែ​លោក​សង្កត់ធ្ងន់ថា ចិន ប្រកាន់​ជំហរ​មិន​ប្រែប្រួល​ទាំង​ការការពារ​អធិបតេយ្យ​របស់ខ្លួន និង​សិ​ទិ្ធ​ពាក់ព័ន្ធ​នៅក្នុង​សមុទ្រ​ចិន ខាងត្បូង និង​ទាំង​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​យក​គោលការណ៍​ដែល​សមស្រប​ដើម្បី​ដោះ ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ជាមួយ​ភាគី​ទាមទារ​តាមរយៈ​ការប្រឹក្សា​យោបល់ និង​ចរចា​ដោយផ្ទាល់​។​

​បន្ថែម​ពីនេះ លោក ស៊ី ថា ក្រុង​ប៉េកាំង សង្ឃឹមថា អាមេរិក នឹង​គោរព​តាម​ការអះអាង​របស់ខ្លួន ដោយ​មិន​គាំទ្រ​លើ​បញ្ហា​អធិបតេយ្យ និង​បូរណភាព​ដែនដី​នៃ​ភាគី​ណាមួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង ដើរតួនាទី​ស្ថាបនា​ក្នុង​ការកសាង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ជាមួយគ្នានេះ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​បញ្ជាក់ថា ប្រទេស​ទាំងពីរ​មាន​ផលប្រយោជន៍​រួមគ្នា​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​អាមេរិក​មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​ជាមួយ​ចិន​ក្នុងការ​គ្រប់គ្រង​នូវ​ភាពខុសគ្នា​រវាង​ប្រទេស​ទាំងពីរ​នោះ​។​

​សូម​រម្លឹក​ផងដែរ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​រវាង​រដ្ឋ​អាស៊ាន​ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ រយៈពេល​ចុងក្រោយ​នេះ រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន និង ចិន មិនសូវមាន​ភាព​តានតឹង​នឹង​គ្នា​ប៉ុន្មាន​នោះទេ តែ​វា​បែរ​ទៅជា​ការតានតឹង​រវាង​ចិន និង​អាមេរិក​ដែលជា​រដ្ឋ​ខាងក្រៅ​ទៅវិញ​។​

​អាមេរិក បាន​បញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង​ទៅកាន់​តំបន់​ជម្លោះ​ដែល​ស្ថិត​ក្បែរ​កោះ​សិប្ប និម្មិត​របស់​ចិន​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​ដែនទឹក និង​អាកាស ខណៈ ចិន ចោទថា​បាន​បំពាន និង​គំរាមកំហែង​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​។ ចុងក្រោយ​នេះ ភាគី​ទាំងពីរ ក៏បាន​ចោទ​ដាក់គ្នា​ថា​កំពុង​ប្រែក្លាយ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ទៅជា​តំបន់​យោ​ធូប​នីយកម្ម​ទៀតផង​៕