មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ស្នើ​អង្គ​ជំនុំជម្រះ​ពន្យារ​ពេល​សវនាការ​រឿង​មន្ទីរសន្តិសុខ​ស២១

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​អំពី​អង្គហេតុ​បោស​សម្អាត​ផ្ទៃក្នុង នៃ​កងពល​លេខ ៩២០ នៅ​ខេត្ត​មណ្ឌលគិរី កាល​ឆ្នាំ​១៩៧៧។ សវនាការ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ក៏​បន្ត​ស្នើសុំ​​អង្គ​ជំនុំជម្រះ​ជា​ថ្មី ឱ្យ​ពន្យារ​ពេល​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​ទាក់ទង​នឹង​មន្ទីរសន្តិសុខ ស២១ រហូត​ដល់​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា និង ខៀវ សំផន បាន​ស្នើសុំ​​ដោយ​ផ្ទាល់​មាត់ ឱ្យ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ពន្យារ​ពេល​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ ស២១ គឺ​ភាគី​ជនជាប់ចោទ​លើក​ហេតុផល​ថា ភាគី​ខ្លួន​មិន​អាច​ត្រៀមខ្លួន​ទាន់​ទេ សម្រាប់​ឯកសារ​ជា​ច្រើន​យក​ចេញ​ពី​សំណុំរឿង ០០៣ និង ០០៤។

មេធាវី​ជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) ក៏​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ​កោះហៅ​សាក្សី​ ដែល​ខ្លួន​ជឿជាក់​ថា មាន​សារសំខាន់​មួយ​រូប​ដែរ គឺ​សាក្សី 2TCW-916៖ «យើង​មាន​ចម្លើយ និង​ប្រតិចារឹក​ប្រហែល​បួន​ពាន់​ទំព័រ ដូច្នេះ​យើង​ខ្ញុំ​ត្រូវ​សួរ​ទៅ​សាក្សី 2TCW-916 ប្រហែល​ជា ៦០​ម៉ោង គឺ​ប្រមាណ ១៣​ថ្ងៃ។ ដោយសារ​តែ​រយៈ​ពេល​វេលា និង​ការ​កំណត់​បទដ្ឋាន​នានា ដោយ​អង្គ​ជំនុំជម្រះ។ យើង​ខ្ញុំ​សុំ​ស្នើ​ថា យើង​ខ្ញុំ​ត្រូវ​សួរ​តតាំង​ជា​មួយ​សាក្សី 2TCW-916 យ៉ាង​ហោច​ណាស់​សម្រាប់​ក្រុម​យើង​ខ្ញុំ ក៏ ៤​ថ្ងៃ​ដែរ ដើម្បី​លើក​ឡើង​គ្រប់​បញ្ហា​ទាំង​អស់ ដែល​ខ្ញុំ​ត្រូវ​សួរ​តទល់​ជាមួយ​សាក្សី​រូប​នេះ»

មេធាវី​ការពារ​ក្ដី​ក៏​ស្នើសុំ​ឱ្យ​សហ​ព្រះរាជអាជ្ញា​បង្ហាញ​ភាគី​ខ្លួន​នូវ​ភស្តុតាង​ថ្មីៗ និង​បទសម្ភាសន៍​ថ្មីៗ លើ​សាក្សី 2TCW-916 ទាក់ទង​នឹង​មន្ទីរសន្តិសុខ ស២១ មុន​ការ​ចាប់​ផ្ដើម​សួរ​សក្ខីកម្ម​ទាំង​មន្ទីរ​សន្តិសុខ ស២១ ទាំង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង។ បើ​សិន​ជា​មាន​ភស្តុតាង​ថ្មី មេធាវី​ការពារ​ក្ដី សុំ​អង្គ​ជំនុំជម្រះ​ឱ្យ​ផ្អាក​សវនាការ​ដើម្បី​យក​ពេល​វេលា​អាន​ឯកសារ​ភស្តុតាង​ទាំង​នេះ។

មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន គឺ​អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ថ្លែង​គាំទ្រ​មេធាវី​ការពារ​ក្ដី នួន ជា ថា រយៈ​ពេល ៤​ថ្ងៃ ដែល​អង្គ​ជំនុំជម្រះ​បម្រុង​ទុក​នេះ មិន​គ្រប់គ្រាន់​ទេ ព្រោះ​សវនាការ​ត្រូវ​បកប្រែ​បី​ភាសា ហើយ​សាក្សី​ជំនាញ​ត្រូវ​ការ​ពេល​វេលា​ពិនិត្យ​ឯកសារ៖ «ខ្ញុំ​គិត​ថា មេធាវី នួន ជា គាត់​សុំ​សម្រាប់​តែ​ក្រុម​គាត់​ទេ ៤​ថ្ងៃ​ហ្នឹង មិន​មែន​សម្រាប់​ទាំង​ពីរ​ក្រុម​ទេ។ អ៊ីចឹង​ខ្ញុំ​យ៉ាង​ហោច​ណាស់ ត្រូវការ​ពេល​ពីរ​ថ្ងៃ​ដែរ ដើម្បី​​សួរ​ដេញដោល​សាក្សី​រូប​នេះ ដោយសារ​តែ​មាន​ឯកសារ​គរ​ដូច​ភ្នំ ដែល​យក​មក​សួរ​ដេញដោល​​គាត់»

សហ​ព្រះរាជអាជ្ញា​មិន​ជំទាស់​នឹង​ការ​សុំ​ពេល​វេលា​បន្ថែម​ទេ ដោយ​សារ​តែ​ខ្លួន​ចាត់​ទុក​សាក្សី​រូប​នេះ​សំខាន់​ដូច​គ្នា។ សហ​ព្រះរាជអាជ្ញា​រង លោក ដេល ឡៃសាក់ (Dale Lysak) យល់​ថា ការ​ស្ដាប់​សក្ខីកម្ម​សាក្សី​រូប​នេះ មិន​ចាំបាច់​ចាប់​ផ្ដើម​ថ្មី​ឡើង​វិញ​ទាំង​អស់​ទេ ព្រោះ​គ្រប់​ភាគី​អាច​មើល​សម្អាង​ហេតុ​នៅ​តុលាការ​កំពូល ដែល​មាន​សក្ខីកម្ម​របស់​គាត់​នៅ​ក្នុង​នោះ​រួច​មក​ហើយ៖ «យើង​បង្ហាញ​នូវ​ភស្តុតាង​ដោះ​បន្ទុក។ នេះ​ជា​ភារកិច្ច​ដែល​យើង​ធ្វើ​កន្លែង​មក។ យើង​ធ្វើ​ជា​ដរាប​មក គឺ​មិន​មែន​ចេះ​តែ​ដាក់​ឯកសារ​ដែល​មិន​ពាក់ព័ន្ធ​នោះ​ទេ គឺ​យើង​ដាក់​បង្ហាញ​ឯកសារ​តាម​សេចក្ដី​បង្គាប់​របស់​តុលាការ ហើយ​យើង​បន្ត​អនុវត្តន៍​តាម​របៀប​នេះ។ ខ្ញុំ​សុំ​រំឭក​មេធាវី​ថា ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​ធ្វើ​ឡើង។ ដូច្នេះ​យើង​មិន​អាច​រង់ចាំ​រហូត​ដល់​កិច្ច​​ស៊ើបអង្កេត​នោះ​ទេ មុន​ពេល​ដែល​យើង​​ចាប់​ផ្ដើម​អង្គហេតុ​មន្ទីរ ស២១ និង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង»

សហ​ព្រះរាជអាជ្ញា​រង​បន្ត​ថា ការ​សួរ​ដេញដោល​សាក្សី 2TCW-916 រយៈ​ពេល ៤​ថ្ងៃ អាច​មាន​បញ្ហា ព្រោះ​សាក្សី​រូប​នេះ មាន​វ័យ​ចំណាស់។ លោក​ចង់​ឱ្យ​អង្គ​ជំនុំជម្រះ​ស្ដាប់​សាក្សី​រូប​នេះ​តែ​ពេល​ព្រឹក ហើយ​ពេល​រសៀល​ស្ដាប់​សាក្សី​ផ្សេង។

បញ្ហា​មួយ​ទៀត គឺ​ភាគី​សហ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នៅ​តែ​មិន​ទាន់​មាន​ឯកភាព លើ​ឯកសារ​វិភាគ​​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ហៅ​កាត់​ថា DC-Cam ទាក់ទង​នឹង​ឈ្មោះ​អ្នកទោស ១០០​នាក់ ដែល​ត្រូវ​បាន​ដោះលែង​ពី​មន្ទីរ ស២១។ ភាគី​មេធាវី​ជន​ជាប់​ចោទ​ថា អ្នក​ទោស​ទាំង​នោះ ពិត​ជា​ត្រូវ​បាន​ដោះលែង ឯ​សហ​ព្រះរាជអាជ្ញា​ថា មិន​បាន​ដោះលែង​ទេ។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង លោក​ចៅក្រម និល ណុន ថ្លែង​ថា អង្គ​ជំនុំជម្រះ នឹង​យក​សំណើ​ទាំង​នេះ​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ពិចារណា​សម្រាប់​ការ​សម្រេច។ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​ធ្វើ​សវនាការ​បន្ត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ទៀត ហើយ​អង្គ​ជំនុំជម្រះ​គ្រោង​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ទាក់ទង​នឹង​អង្គហេតុ​នៃ​ការ​ប្រព្រឹត្ត​របស់​ពួក​ខ្មែរក្រហម ទៅ​លើ​ក្រុម​គោលដៅ​ជាក់លាក់ គឺ​ជនជាតិ​ចាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។