ហេតុការណ៍​បាក់​ស្ពាន​អាកាស​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​១៤​នាក់​និង​រាប់សិប​នាក់​ទៀត​កប់​នៅក្នុង​គំនរ​

​កុល​កាតា​,​ឥណ្ឌា​៖ ស្ពាន​អាកាស​មួយ​ដែល​កំពុង​សាងសង់​នៅក្នុង​ទីក្រុង​កុល​កាតា​ប្រទេស​ឥណ្ឌា​បាន​បាក់​សង្កត់​លើ​យានជំនិះ​រួមទាំង​អាជីវករ​តាម​ដងផ្លូវ ដោយបាន​សម្លាប់​មនុស្ស​១៤​នាក់ និង​មនុស្ស​ជាង​១០០​នាក់​ទៀត​កប់​នៅក្នុង​គំនរ​។​

 

​អ្នកភូមិ​បាន​ព្យាយាម​រើកកាយ​ដោយ​ប្រើ​ដៃទទេ​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្រោម​គំនរ​ស៊ីម៉ង់ត៍​និង​ដែក​សរសៃ​ជាច្រើន ដែល​បាន​បាក់​ផ្នែក​នៅ​ខាងចុង​ស្ពាន ស្ថិតនៅ​តំបន់​មណ្ឌល​ពា​ណិ​ជ្ចក​ម្ម​ដ៏​សកម្ម​ក្បែរ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដៃ Girish Park​។​

 

​អ្នកភូមិ​ម្នាក់​ឈ្មោះ Ramesh Kejriwal បាន​ប្រាប់​សារព័ត៌មាន Reuters ថា ចំណុច​ដែល​បាន​បាក់​គឺ​នៅត្រង់​កន្លែង​បេតុង​ទើបតែ​បាន​ចាក់​នៅ​យប់​ថ្ងៃ​ពុធ​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ​។​

 

​វី​ឌី​អូរ​ដែល​បាន​ចាក់ផ្សាយ​តាម​ប៉ុ​ស្ត៍​ទូរទស្សន៍​នានា​បានបង្ហាញ​អំពី​កន្លែងកើតហេតុ ដោយ​ឃើញ​មាន​រថយន្ត​ឡាំប៉ា​តា និង​មនុស្ស​ជាច្រើន​បាន​កប់​នៅក្នុង​បេតុង​ដែល​សង្កត់ពីលើ​យ៉ាងច្រើន​ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​យ៉ាងខ្លាំង​។​

 

​គួរ​គូសបញ្ជាក់ថា ក្រុមហ៊ុន​ឥណ្ឌា​មួយ​ឈ្មោះ IVRCL បាន​កំពុងតែ​សាងសង់​ស្ពាន​អាកាស Vivekananda ប្រវែង​២​គីឡូម៉ែត្រ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​។​

 

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន IVRCL លោក A.G.K. Murthy បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​មិនទាន់​ច្បាស់​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​នៅឡើយ​ទេ​៕

 

ហេតុការណ៍​បាក់​ស្ពាន​អាកាស​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​១៤​នាក់​និង​រាប់សិប​នាក់​ទៀត​កប់​នៅក្នុង​គំនរ​

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS