សាលាឧទ្ធរណ៍​កាត់ទោស​សកម្មជន​អា​រ៉ែ​ង លោក​អា​ឡិច​ហ្ស​ង់​ដ្រូ ថ្ងៃ​៥​មេសា

សាលាឧទ្ធរណ៍​កាត់ទោស​សកម្មជន​អា​រ៉ែ​ង លោក​អា​ឡិច​ហ្ស​ង់​ដ្រូ ថ្ងៃ​៥​មេសា



ភ្នំពេញ​ ៖ ​សកម្មជន​អា​រ៉ែ​ង លោក​អា​ឡិច​ហ្ស​ង់​ដ្រូ ហ្គ​ន់​សា​ឡេស ដេ​វិត​សិន (Alejandro Gonzalez Davidson) នឹងត្រូវ សាលាឧទ្ធរណ៍ បាន​បើកសវនាការ​កាត់ទោស នា​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦ ខាងមុខនេះ​ ពីបទ​សមគំនិត​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ​ បន្ទាប់ពី​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញពី​កម្ពុជា។

យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ ព្រះរាជអាជ្ញា​នៃ​មហា​អយ្យការ​អម​សាលាឧទ្ធរណ៍​លោក​ង៉ែត សា​រ៉ា​ត បាន​បង្គាប់​ឲ្យ​លោក អា​ឡិច ចូលទៅ​សាលាឧទ្ធរណ៍​នា​ថ្ងៃ​ទី​៥ ខែ​មេសា នៅ​ម៉ោង​៨​ព្រឹក នៅ​បន្ទប់​សវនាការ​ទី​៣ “​ដើម្បី​ជំនុំជម្រះ​ពី​បទ សមគំនិត​គំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ​”​។​

គួរ​បញ្ជាក់ថា កាលពីពេល​កន្លងទៅ​លោក អា​ឡិច បាន​ឲ្យ​ដឹងថា លោក​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកោះកុង លោកស្រី ឈុន ដាវី ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​គំរាមកំហែង ​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្តទៅ​នៅ​ស្រុក​បទុម​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ និង​នៅ​ថ្ងៃ​ទី​១២​ខែ​សីហា​ ឆ្នាំ​២០១៥។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា តុលាការ​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ និង​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវជ្រាវ​ចាប់​ និង​នាំខ្លួន​រូបលោក​ទៅ​ពន្ធនាគារ​កោះកុង ​ឬ​មណ្ឌល​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​កន្លែង​ចាប់ខ្លួន​។​

សកម្មជន​បរិស្ថាន​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ លោក​បាន​ណែ​នាំទៅ​មេធាវី​ឲ្យ​ស្នើ​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​លើក​ពេល​សវនាការ ដោយ​លោក​បញ្ជាក់​ថា ​ដោយសារ​លោក​នៅ​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅឡើយ។ លោក​ថា លោក​ក៏បាន​ណែនាំ​ទៅ​មេធាវី​របស់​លោក​ថា ករណី​សាលាឧទ្ធរណ៍​មិន​ព្រម​តាម​សំណើ​នេះ​ មេធាវី​មិន​ត្រូវ​ចូល​ក្នុង​សវនាការ​តំណាង​រូបលោក​នោះ​ទេ។

គួរ​បញ្ជាក់​ថា លោក អា​ឡិច បានស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង សុំ​ទិដ្ឋាការ​ចូលមក​កម្ពុជា​វិញ ​ដើម្បី​ចូលរួម​សវនាការ​បំភ្លឺ​នៅ​ខេត្តកោះកុង​។ ប៉ុន្តែ​លោក​ថា​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​មិន​ទទួល​លិខិត​នោះ៕
សាលាឧទ្ធរណ៍​កាត់ទោស​សកម្មជន​អា​រ៉ែ​ង លោក​អា​ឡិច​ហ្ស​ង់​ដ្រូ ថ្ងៃ​៥​មេសា