បាក់​រណ្ដៅ​រ៉ែ​មាស ​នៅ​ស្រុក​ភ្នំព្រឹក​ សង្កត់​មនុស្ស​ស្លាប់​ម្នាក់

បាក់​រណ្ដៅ​រ៉ែ​មាស ​នៅ​ស្រុក​ភ្នំព្រឹក​ សង្កត់​មនុស្ស​ស្លាប់​ម្នាក់



បាត់ដំបង ​៖ ​បើ​គិត​មក​ទល់​នឹង​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦​​នេះ ​សព​បុរស​វ័យ​ចំណាស់​ម្នាក់​មិនទាន់​ត្រូវ​បាន​យកចេញ​ពី​រណ្ដៅ​រ៉ែ​មាស​នៅឡើយ​ទេ បន្ទាប់ពី​ពួកគេ​បាន​នាំ​គ្នា​ចុះទៅ​ក្នុង​រណ្ដៅ​ដើម្បី​រុករក​រ៉ែ​មាស ដែល​ជា​តំបន់​ហាមឃាត់​របស់​អង្គភាព​ជំនាញ នា​ពេល​កន្លងមក។

តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​បញ្ជាក់​ថា នៅ​វេលា​​​ម៉ោង​​ប្រមាណ​ជា​០០​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែ​មេសា​នេះ ​ មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​​ ដែល​រស់នៅ​ភូមិ​អូរ​ល្ហុង​ ឃុំ​អូរ​រំដួល​ ​ស្រុក​ភ្នំព្រឹក ​ ​ខេត្ត​បាត់ដំបង​ បាន​នាំគ្នា​រុក​ព្រៃ​ចូល​ទៅ​កាន់​តំបន់​រុករក​រ៉ែ​មាស ដែល​មាន​ទីតាំង​ទល់មុខ​នឹង​ភូមិ​ថ្នល់​បត់​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក។

ក្នុងការ​រុករក​នេះ ពួកគេ​បានចាប់ផ្តើម​ចុះទៅ​ក្នុង​រណ្តៅ​ចាស់​ ដែល​ត្រូវគេ​បោះបង់​ដើម្បី​ធ្វើការ​គាស់កកាយ​យក​រ៉ែ​មាស​ចេញពី​រណ្តៅ។ នៅពេល​នោះដែរ​គឺ​ជនរងគ្រោះ​ឈ្មោះ នួន ទ្រា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្ហុង ជា​អ្នក​ចុះទៅ​ក្នុង​បាត​រណ្តៅ​ ដែលមាន​ជម្រៅ​ជ្រៅ​បង្គួរ។

មួយសន្ទុះ​ក្រោយមក​ក៏​មាន​ការ​ឆោឡោ​ឡើង ដោយសារតែ​រណ្តៅ ​ដែល​ជនរងគ្រោះ​កំពុង​ចុះ​នោះ​បាន​បាក់​ដី​យ៉ាង​ធំ​សង្កត់​ទៅលើ​ជនរងគ្រោះ​ ដែល​កំពុង​អង្គុយ​ក្នុង​បាត​រណ្តៅ​ធ្វើឲ្យ​មាន​ការ​ថប់​ដង្ហើម​ស្លាប់​ភ្លាមៗ​ផង​ដែរ ​ ហើយ​ក្រុម​បក្ខពួក​ដែល​នៅ​សេសសល់​ចំនួន​៣​នាក់ បាន​ខំ​ប្រឹងប្រែង​ជួយ​ជីក​កកាយ​ដើម្បី​ទាញ​យក​ជនរងគ្រោះ​ឲ្យ​ចេញ​ផុត​ពី​បាត​រណ្ដៅ ​ប៉ុន្តែ​ពួកគេ​មិន​អាច​ទាញ​យក​បាន​ឡើយ​ គឺ​រហូតដល់​ព្រឹក​ទើប​យក​សព​បាន។

លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​លើកឡើងថា កន្លងមក​លោក​បានចេញ​សារាចរ​ណែនាំ​ម្តង​ជា​ពីរដង​រួចមកហើយ ដើម្បីឲ្យ​សមត្ថកិច្ច​ក៏ដូចជា​អាជ្ញាធរ​នៅតាម​តំបន់​នោះ​ជួយ​រារាំង និង​ទប់ស្កាត់​រាល់​បទល្មើស​នៃ​ការរុករក​រ៉ែ​មាស​នេះ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ។

លោក​បាន​បន្ថែមថា លោក​តែងតែ​សួរ​ទៅខាង​អាជ្ញាធរ​ជារឿយៗ​អំពី​បញ្ហា​នេះ ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​ឆ្លើយ​ថា បច្ចុប្បន្ន​គឺ​មាន​សភាព​ស្ងប់ស្ងាត់​ដោយ​មិន​មាន​នរណា​ម្នាក់​ធ្វើ​សកម្មភាព​តទៅទៀត​ឡើយ តែ​អ្វី​ដែល​បាន​បញ្ជាក់​នា​ពេល​នេះ​គឺ មាន​ជនរងគ្រោះ​បាន​ស្លាប់​នៅ​ក្នុង​រណ្តៅ​រ៉ែ​មាស ដូច្នេះ​មានន័យថា ការរុករក​នៅតែ​បន្ត​ដដែល​ ដោយមាន​ការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ទើប​ពួកគេ​អាច​ដំណើរការ​បាន​បែបនេះ។

ប៉ុន្តែ​ទន្ទឹមនឹងនេះ​ក៏មាន​ប្រភព​ជាច្រើន​បាន​សង្កត់ធ្ងន់​ទៅលើ​មន្ទីរ​ជំនាញ ដោយ​គេ​បាន​ចោទ​ប្រកាន់​ថា ការ​ឃុបឃិត​នេះ​ក៏​មាន​ក្រុម​មន្ទីរ​ជំនាញ​មួយ​ចំណែក​ដែរ ទើប​អាជ្ញាធរ​ហ៊ាន​បើកដៃ​យ៉ាង​នេះ ​ដោយ​បច្ចុប្បន្ន​សព​ជនរងគ្រោះ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​លំនៅឋាន​ហើយ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

បាក់​រណ្ដៅ​រ៉ែ​មាស ​នៅ​ស្រុក​ភ្នំព្រឹក​ សង្កត់​មនុស្ស​ស្លាប់​ម្នាក់

បាក់​រណ្ដៅ​រ៉ែ​មាស ​នៅ​ស្រុក​ភ្នំព្រឹក​ សង្កត់​មនុស្ស​ស្លាប់​ម្នាក់