សម្តេច​ស ខេង​ ៖ ​មន្ត្រី​ថ្នាក់​ខេត្ត​-​រាជធានី​ បើ​ធ្វើ​ និង​ពន្លឿន ​ស្លាក​លេខ​ម៉ូតូ​មិន​បាន​ គួរ​លា​ចេញពី​តំណែង​ទៅ

សម្តេច​ស ខេង​ ៖ ​មន្ត្រី​ថ្នាក់​ខេត្ត​-​រាជធានី​ បើ​ធ្វើ​ និង​ពន្លឿន ​ស្លាក​លេខ​ម៉ូតូ​មិន​បាន​ គួរ​លា​ចេញពី​តំណែង​ទៅ



ភ្នំពេញ​ ៖​ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំ​ត្រីមាស​ទី​១ ​ឆ្នាំ​២០១៦​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៣១​ ខែ​មីនា សម្តេច​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា​ «​សម្រាប់​ការផ្ទេរ​ធ្វើ ស្លាក​លេខ​ម៉ូតូ​ទៅ​ឲ្យ ថ្នាក់​ខេត្ត​-​រាជធានី​នោះ ​ប្រសិនបើ​មន្ត្រី រាជធានី​-​ខេត្ត​ណា​ម្នាក់ ធ្វើ​មិនកើត​ទេ គឺ​មន្ត្រី​ខេត្ត​រាជធានី​នោះ​ គួរ​លា​ចេញពី​តំណែង តែម្តងទៅ​»។

នៅក្នុង​ឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង បានស្នើ​រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន គួរ​ផ្ទេរ​ការងារ​ធ្វើ ស្លាក​លេខ​ម៉ូតូ​ពី​ថ្នាក់​ក្រសួង ទៅ​ឲ្យ​ថ្នាក់​រាជធានី​-​ខេត្ត ជា​អ្នកទទួលខុសត្រូវ​វិញ ដើម្បី​ពន្លឿន​ការផ្តល់ សេវា​ធ្វើ​​​ស្លាក​លេខ ម៉ូតូ​ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា និង​កាន់តែ​រហ័ស​ជាង​មុន។ សម្តេច បញ្ជាក់​ថា «​សម្រាប់​ការផ្ទេរ​ធ្វើ ស្លាក​លេខ​ម៉ូតូ​ទៅ​ឲ្យ ថ្នាក់​ខេត្ត​-​រាជធានី​នោះ ប្រសិនបើ​មន្ត្រី រាជធានី​-​ខេត្ត​ណា​ម្នាក់ ធ្វើ​មិនកើត​ទេ គឺ​មន្ត្រីខេត្ត​រាជធានី​នោះ គួរ​លា​ចេញពី​តំណែង តែម្តងទៅ​»​។ សម្តេច​បន្តថា ប្រសិនបើ​ការងារ​ផ្ទេរ​មុខងារ និង​ធនធាន​ធ្វើ​ស្លាក​លេខ​ម៉ូតូ​នេះ បាន​លឿន​ទៅ​ឲ្យ​ថ្នាក់​រាជធានី​-​ខេត្ត​នោះ ដូច្នេះ​នៅ​តាម​បណ្តា រាជធានី​-​ខេត្ត នៅ​ថ្ងៃ​ខាងមុខ នឹង​កាត់បន្ថយ​បាន លឿន​បំផុត​នូវ​ចំនួន​ម៉ូតូ ដែល​អត់​ស្លាក​លេខ នៅ​តាម​បណ្តា រាជធានី​-​ខេត្ត​ជាក់​ជាមិនខាន។

សម្តេច​ក្រឡាហោម ស ខេង បាន​ទទួល​ស្គាល់​នូវ​របាយការណ៍​នៃ​ការ​ថយចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​សម្តេច​ក្រឡាហោម​បាន​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​ក្នុងការ​បង្កើន​នូវ​សកម្មភាព​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​នេះ។ ជាមួយគ្នា​នោះ​សម្តេច​ក្រឡាហោម ស ខេង ​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​សូមមេត្តា​បង្កើន​ស្មារតី​គោរព​ប្រតិបត្តិ​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា ​និង​សូម​ផ្សព្វផ្សាយ​អប់រំ​ អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​គ្រួសារ​ញាតិមិត្ត សំដៅ​ចូលរួម​ទប់ស្កាត់​កត្តា​ហានិភ័យ ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។

សូមបញ្ជាក់ថា បើតាម​របាយការណ៍​របស់ អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ថា នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​៩៨២​លើក គឺ​បណ្តាល​មនុស្ស ស្លាប់​៤៨៨​នាក់ របួស​១៦៥៩​នាក់ ក្នុងចំណោម​នោះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ មាន​មនុស្ស​ស្លាប់​ដោយ ជិះ​ម៉ូតូ​ចំនួន​៣៩១​នាក់ ស្មើនឹង​៨០%​ក្នុង​នោះ ស្លាប់​ដោយ​ការ​មិន​ពាក់មួក​សុវត្ថិភាព មាន​៣៥២​នាក់​ស្នើ​នឹង​៩០%៕

សម្តេច​ស ខេង​ ៖ ​មន្ត្រី​ថ្នាក់​ខេត្ត​-​រាជធានី​ បើ​ធ្វើ​ និង​ពន្លឿន ​ស្លាក​លេខ​ម៉ូតូ​មិន​បាន​ គួរ​លា​ចេញពី​តំណែង​ទៅ