លោក ហង្ស ពុទ្ធា ថា ពលរដ្ឋ​ចំណាកស្រុក​អាច​បោះឆ្នោត​នៅ​កន្លែង​រស់នៅ​ថ្មី​បាន

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា នៅ​អាណត្តិ​ក្រោយនេះ ប្រជាពលរដ្ឋ​ដែល​ចំណាកស្រុក​នៅក្នុង​ប្រទេស​អាច​បោះឆ្នោត នៅ​គ្រប់​ទីកន្លែង​ស្នាក់នៅ​ថ្មី​របស់​ពួកគេ​បាន ដោយ​មិនចាំបាច់​ចំណាយពេល​ទៅ​ទីកន្លែង​កំណើត​ដូច​មុន​ឡើយ។

ក្រោយ​ការជួបពិភាក្សា​ពី​កិច្ចការ​បោះឆ្នោត​រវាង គ.ជ.ប និង​ឯកអគ្គរាជទូត​សហភាព​អឺរ៉ុប នៅ​ព្រឹក​នេះ​លោក ហង្ស ពុទ្ធា បាន​បន្ថែមថា ពលរដ្ឋ​ដែល​មិន​ចង់​ចំណាយ​ពេលវេលា និង​ចំណាយ​ថវិការ​ធ្វើដំណើ​ទៅ​បោះឆ្នោត​នៅ​កន្លែងចាស់​នោះ ពួកគេ​អាច​សុំ​ការបញ្ជាក់​ទីលំនៅ​ថ្មី​ពី​មេភូមិ ឬ​សង្កាត់ ដោយ​យក​លិខិត​នោះ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណប័ណ្ណ ហើយ​ពួកគេ​អាច​បោះឆ្នោត​នៅ​ទី​ស្នាក់នៅ​ថ្មី​នេះ​បាន។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា៖«ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មកពី​ខេត្ត​មក​រស់នៅ​ភ្នំពេញ នៅពេលដែល​ពួកគេ​មា​នទី​សំណាក់​ហើយ ពួកគេ​មានបំណង​ចង់​បោះឆ្នោត​លោក​អាចធ្វើ​ការចុះឈ្មោះ​នៅក្នុង​ឃុំ​សង្កាត់​នោះបាន។ ដូច្នេះ​ពួកគាត់​គ្រាន់តែ​ស្នើសុំ​ទៅ​អាជ្ញាធរ ដើម្បី​ឲ្យ​បញ្ជាក់​លិខិត​ទី​សំណាក់​ដែល​គាត់​ស្នាក់នៅ​នេះ បូក​ជាមួយ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ គាត់​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន​ហើយ»។

តែ​យ៉ាងណា​លោក ហង្ស ពុទ្ធា បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ចំណាកស្រុក​ទៅ​រស់នៅ និង​ធ្វើការ​នៅក្រៅ​ប្រទេស​នោះ ក្នុង​ច្បាប់ គ.ជ.ប មិន​អនុញ្ញាតិ​និង​ជួយ​សម្រួល​ឲ្យ​ពួកគេ​អាច​បោះឆ្នោត​បាន​ដូច​ពលរដ្ឋ​ចំណាកស្រុក​នៅក្នុង​ប្រទេស​ឡើយ។ អ្នកនាំពាក្យ​រូបនេះ ក៏​អំពាវ​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​ក្រៅប្រទេស​ទាំងអស់ ដែល​ចង់​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ក្រោយនេះ គប្បី​ធ្វើដំណើរ​មក​ចុះឈ្មោះ​បោះឆ្នោត​នៅពេល​ខាងមុខនេះ ដោយ គ.ជ.ប អាចជួយ​ពន្យា​ពេល​បី​ខែ​សម្រាប់​ពួកគេ។

សម្រាប់​លោក ហង្ស ពុទ្ធា ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខនេះ​នឹង​អាច​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ និង​គ្មាន​ឧបសគ្គ​អ្វី​ឡើយ ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​សហភាព​អឺរ៉ុប និង​ជប៉ុន​កន្លងមកនេះ។ បើតាម​លោក ហង្ស ពុទ្ធា សហភាព​អឺរ៉ុប​បានផ្ដល់​ជំនួយ​ថវិកា ប្រមាណ​ជា៦,៧ លាន​ដុល្លារ​ហើយ សម្រាប់​ការរៀបចំ​ការបោះឆ្នោត​នេះ៕