ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​ណាហ្គា​វើ​ល​ល្ងាច​នេះ​

សុក សំណាង ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង​ក្រោយ​សម្រាក​ជិត​មួយខែ ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ បន្ត​បើក​ការប្រកួត​សប្តាហ៍​ទី​៤​របស់ខ្លួន​នា​ល្ងាច​ម៉ោង​៦ ថ្ងៃទី​១ ខែមេសា នេះ ដោយ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង បើក​កីឡដ្ឋាន​របស់ខ្លួន ទទួលភ្ញៀវ​ណាហ្គា​វើ​ល​។

​ស្វាយរៀង​នឹង​ប្រឹង​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​របស់ខ្លួន ហើយ​ការទទួលបាន​៣​ពិន្ទុ​បន្ថែមនឹង​នាំ​ឲ្យ​ពួកគេ​ឡើងឈរ​លើ​កំពូល​តារាង​បណ្តោះអាសន្ន ខណៈ​ណាហ្គា​វើ​ល​ក៏​រំពឹង​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ផងដែរ បន្ទាប់ពី​ពួកគេ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១ កាលពី​សប្តាហ៍​ទី​បី​។​

​បច្ចុប្បន្ន​ព្រះខ័ន​រាជ​ស្វាយរៀង ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣​ដោយមាន​៧​ពិន្ទុ ខណៈ​ក្រុម​លេខ​មួយ​បឹង​កេង​អង្គរ និង​ក្រសួងការពារជាតិ មាន​៩​ពិន្ទុ​។ ណាហ្គា​វើ​ល ស្ថិតនៅ​លេខ​៥ ដោយមាន​៤​ពិន្ទុ​ស្មើ​ក្រុម​លេខ​៤ ភ្នំពេញ​ក្រោ​ន​។ ជំនួប​ចុងក្រោយ​កាលពី​រដូវ​កាល​មុន ស្វាយរៀង​បាន​យកឈ្នះ​ណាហ្គា​វើ​ល ៤-២ ៕