រឿង​រ៉ាវ​ពាក់ព័ន្ធ​ដំណើរដើមទង​ថ្ងៃ April Fool’s Day

ប្រិយមិត្ត​​អ្នក​និយម​លេង​អ៊ីនធើណិត​ ប្រាកដ​ជា​បាន​ដឹង​អំពី​​ថ្ងៃ April Fool’s Day របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ ​ដែល​ជា​ថ្ងៃ​គេ​និយម​ប្រឌិត​រឿង​ប្លែកៗ​ និយាយ​កុហក​បោក​ប្រាស់​​អ្នក​ដទៃក្នុង​គោល​បំណង​លេង​សើច​សប្បាយ​នា​ថ្ងៃ​ទី​១ ខែ​មេសា​។ យ៉ាង​ណា​មិញ​ ដំណើរ​​​ប្រវត្តិ​ដើម​ទង​នៃ ថ្ងៃ​ April Fool’s Day ​​​ស្ថិត​នៅ​​តែ​ជា​អាថ៌កំបាំង​​ ប៉ុន្តែ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​​ទាក់​ទង​នឹង​ការ​ថ្ងៃ​​ប្រារព្ធ​ការ​លេង​សើច​​នោះ៖​​​

 

រឿង​រ៉ាវ​ពាក់ព័ន្ធ​ដំណើរដើមទង​ថ្ងៃ April Fool’s Day
 

ថ្ងៃ​នេះ​​​​​ក្នុង​ឆ្នាំ​១៧០០ ក្រុម​បញ្ឆោត​ (Pranksters) ជន​ជាតិ​អង់គ្លេស​បាន​ចាប់​ផ្ដើម​​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ស្គាល់​ ​​​April Fools’ Day និង​កាន់​តែ​ល្បី​​ឡើង​ៗ​ ដោយ​ការ​បោក​បញ្ឆោត​​​​​​កំប្លែង​លេង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ April Fools’ Day ឬ​​គេ​អាច​ហៅ​ម្យ៉ាង​ទៀត​​ថា All Fools’ Day ត្រូវ​បាន​​ធ្វើ​ឡើង​ជាង​​បី​ទៅ​បួន​សតវត្ស​​មក​ហើយ​តាម​ប្រពៃណី​នៃ​បណ្ដា​ប្រទេស​​ជា​ច្រើន។

 

នៅ​ក្នុង​ឆ្នាំ​១៥៨២ ប្រទេស​បារាំង​​បាន​​​ប្ដូរ​ប្រើ​​​ប្រតិទិន​​​Julian  (ដាក់​ឲ្យ​ប្រើ​​ដោយ​អធិរាជ​រ៉ូម៉ាំង​​ ​​Julius Caesar ក្នុង​ឆ្នាំ​៤៦​មុន​គ្រិស្តសករាជ) ទៅ​​​កាន់​ប្រតិទិន​ Gregorian (ប្រតិទិន​​បច្ចុប្បន្ន​ ឬ​ប្រតិទិន​លោក​ខាង​លិច)វិញ​។ សម្រាប់​អ្នក​ដែល​ទទួល​បាន​ព័ត៌មាន​​យឺត​​ឬ​មិន​បាន​ដឹង និង​​នៅ​តែ​ប្រារព្ធ​​​អបអរ​ឆ្នាំ​ថ្មី​នា​​​​ចុង​ខែ​មីនា​​ឆ្លង​ចូល​ថ្ងៃ​១​មេសា ជំនួស​ឲ្យ​ថ្ងៃ​​១​មករា​នោះ ក្លាយ​ជា​អ្នក​​​​​ល្ងង់​​​ បង្ក​បរិយាកាស​កំប្លែង​​​រីករាយ​​ទៅ​អ្នក​ផ្សេង​ទៀត។ នៅ​ពេល​នោះ​ផង​ដែរ ប្រជាជន​បារាំង​​​លេង​សើច​​​ដោយ​យក​រូប​ត្រី​ក្រដាស​បិត​លើ​ខ្នង​​គ្នា​និង​និយាយ​ថា “poisson d’avril”  “ត្រី​ខែ​មេសា” ដែល​មាន​ន័យ​ថា​​ជា​តំណាង​​​​ឲ្យ​​កូន​ក្មេង​ ជា​មនុស្ស​ឆាប់​ជឿ​​និង​ងាយ​បោក​ប្រាស់។

 

នៅ​មាន​រឿង​​ស្រដៀង​គ្នា​មួយ​ចំនួន​ទៀត​​ទាក់​ទងApril Fools’ Day ផង​ដែរ​​ដូច​ជា​​ការ​ប្រារព្ធ​ពិធី​បុណ្យ​ Hilaria ប្រារព្ធ​ឡើង​នា​ចុង​​ខែ​​មិនា​​ក្នុង​ទី​ក្រុង​រ៉ូម​​ប្រទេស​អ៊ីតាលី​ ដោយ​​ប្រជាជន​​​ស្លៀក​ពាក់​​​​ក្លែង​​បន្លំ​ខ្លួន។ ជា​មួយ​គ្នា​នោះ​​មាន​រឿង​ទាក់​ទង​​​និង​ April Fools’ Day​ មួយ​ទៀត​ ​​គឺ​ថ្ងៃ​​ដំបូង​នៃ​រដូវ​​​ផ្កា​រីក​នៅ​តំបន់​ភាគ​ខាង​ជើង​​​ផែន​ដី​​ ​​ដែល​ក្រោយ​មក​​ធម្មជាតិ​​បោក​បញ្ឆោត​មនុស្ស​​ភ្លាម​ៗ​​ពី​​ការ​ប្រែប្រួល​ធាតុអាកាស​​​ដែល​​​​​មិន​អាច​​ដឹង​មុន​បាន។

 

​​​​​​​​​​​​​​​​​​​​​​​​រហូត​មក​ដល់​សតវត្ស​ទី​១៨ April Fools’ Day បាន​ក្លាយ​ជា​រឿង​​ល្បី​ពាស​ពេញ​​​ប្រទេស​អង់គ្លេស​ និង​បណ្ដា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត​ដោយ​រួម​មាន​ការ​​លេង​​ពាក់​សញ្ញា “Kick Me” “ទាត់​ខ្ញុំ” និង​ដេញ​ចាប់​គ្នា​​ជា​ដើម។

 

រឿង​រ៉ាវ​ពាក់ព័ន្ធ​ដំណើរដើមទង​ថ្ងៃ April Fool’s Day
 

ក្នុង​ឆ្នាំ​​១៩៥៧ សារព័ត៌មាន​ BBC បាន​​ចេញ​ផ្សាយ​​ព័ត៌មាន​មួយ​​​ល​លេង​​អ្នក​​អាន​​ អំពី​​កសិករ​​ប្រទេស​ស្វីស​​ប្រមូល​ផល​​​ Spaghetti (មី​អ៊ីតាលី) លើ​ដើម​ឈើ​ ដោយ​មាន​បង្ហាញ​វីដេអូ​ទៀត​ផង។ ចំណែក​​​​ក្នុង​ឆ្នាំ​១៩៨៥ សារព័ត៌មាន​កីឡា​ល្បី​មួយ​នៅ​សហរដ្ឋអាមេរិក​ Sports Illustrated បាន​ផ្សាយ​ថា​មាន​​កីឡាករ​ម្នាក់​ឈ្មោះ​ Sidd Finch អាច​គប់​គ្រាប់​បាល់ Baseball ក្នុង​​ល្បឿន​​១៦៨​​ម៉ាយ (ប្រហែល​២៧០​គីឡូម៉ែត្រ​) ក្នុង​មួយ​ម៉ោង​ ដែល​នោះ​សុទ្ធ​សឹង​ជា​ការ​​បោក​បញ្ឆោត​លលេង​នឹង​អ្នក​អាន។​​​​​

 

រហូត​មក​ដល់​​សម័យ​ទំនើប April Fools’ Day បាន​បន្ត​រីក​សាយ​​​មាន​ការ​​ប្រារព្ធ​លេង​ច្រើន​ឡើង តួ​យ៉ាង​នៅ​សហរដ្ឋអាមេរិក បណ្ដា​ប្រទេស​អឺរ៉ុប ដោយ​​ពួក​គេ​លេង​​សើច​​ ​បោក​បញ្ឆោត​គ្នា ហើយ​អ្នក​រង​គ្រោះ​​ត្រូវ​គេ​ហៅ​ថា April Fools៕

ចុចអាន៖ លេង​សើច​ក្នុង​ថ្ងៃ April Fool’s Day ប្រែ​ក្លាយ​ជា​ការ​ពិត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ history, telegraph​​​​​