លោក ហ៊ុន សែន ប្រកាស​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​អភិរក្ស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ប្រកាស​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​ព្រៃ​អភិរក្ស ក្នុង​នោះ​ក៏​មាន​តំបន់​ព្រៃឡង់ ដែល​ក្រុម​សហគមន៍​តែង​ទាមទារ​អោយ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ការពារ​ផង​ដែរ។

លោក ហ៊ុន សែន លើក​ឡើង​ថា ការ​សម្រេច​នេះ គឺ​បន្ទាប់​ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន។ តំណាង​សហគមន៍​ការពារ​ព្រៃឡង់ សាទរ​ចំពោះ​ការ​សម្រេច​នេះ ប៉ុន្តែ​បាន​ស្នើ​អោយ​មាន​ការ​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ។

តំណាង​បណ្ដាញ​ការពារ​ព្រៃឡង់ ទាមទារ​អោយ​រដ្ឋាភិបាល​ដាក់​បញ្ចូល​តួនាទី​របស់​សហគមន៍​ទៅ​ក្នុង​គម្រោង​ដាក់​ព្រៃឡង់ ជា​ព្រៃ​អភិរក្ស​នោះ​ផង ដោយ​ពួកគេ​អះអាង​ថា ការ​ចូលរួម​របស់​សហគមន៍​ជា​មធ្យោបាយ​មួយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឡង់។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ លោក ខេង សុខហេង មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​ជា​តម្រូវ​ការ​របស់​សហគមន៍​ដែល​បាន​ទាមទារ​ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​នេះ។ លោក​សំណូម​ពរ​អោយ​មាន​ការ​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង និង​ពង្រឹង​កិច្ចសហការ​រវាង​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន។

លោក សុខហេង បារម្ភ​ថា ប្រសិនបើ​ពុំ​មាន​វិធានការ​ជាក់លាក់​បន្ថែម​ទេ ការ​ដាក់​ព្រៃឡង់ ជា​ព្រៃ​ការពារ​នឹង​ពុំ​មាន​ប្រសិទ្ធភាព៖ «»។

ការ​ទាមទារ​នេះ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ថា លោក​សម្រេច​ដាក់​ព្រៃឡង់ និង​​ព្រៃ​នៅ​តំបន់​ភ្នំ​ក្រវាញ ជា​ព្រៃ​ការពារ៖ «»។

ស្រប​គ្នា​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដក​ហូត​យក​ព្រៃ​សម្បទាន​ទាំង​ឡាយ​យក​មក​គ្រប់គ្រង​វិញ៖ «»។

ព្រៃឡង់ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ព្រៃ​ធំ​ចុង​ក្រោយ​មាន​ទំហំ ៣.៦០០​គីឡូម៉ែត្រក្រឡា មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​៤ គឺ​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ។ តំណាង​បណ្ដាញ​ការពារ​ព្រៃឡង់ បញ្ជាក់​ថា មាន​សហគមន៍​ចំនួន​ជិត ២០០ កំពុង​ចូលរួម​ការពារ​ព្រៃ​នេះ​ដោយ​ចុះ​ល្បាត​ការពារ​ព្រៃ​ជា​ប្រចាំ។ សហគមន៍​ទាំង​នេះ​មាន​សកម្មជន​ដែល​ជន​បង្គោល​ប្រមាណ ៤០០​នាក់ និង​សមាជិក​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត កំពុង​ការពារ​ព្រៃ​ដោយ​ស្ម័គ្រចិត្ត។

លោក ហ៊ុន សែន ឲ្យ​ឈើ​ដែល​រឹបអូស​បាន​ទៅ​ក្រសួង​អប់រំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ក៏​បាន​ប្រកាស​ប្រគល់​ឈើ​ទាំង​អស់​ដែល​រឹបអូស​ពី​ក្រុមហ៊ុន​ជួញដូរ​ឈើ​ខុស​ច្បាប់ ទៅ​អោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា។

លោក ហ៊ុន សែន បញ្ជាក់​ថា ឈើ​ទាំង​នោះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន អាច​យក​ទៅ​ចាត់​ចែង​ប្រើប្រាស់​តាម​តម្រូវ​ការ រួម​មាន​ជួសជុល​សាលារៀន ធ្វើ​តុ ទូ ឬ​សាងសង់​ផ្ទះ​គ្រូ​ជា​ដើម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​ដឹក​នាំ​ដោយ​លោក សៅ សុខា ចុះ​ធ្វើ​យុទ្ធនាការ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​កន្លង​ទៅ​នោះ បាន​រឹបអូស​​ឈើ​ខុស​ច្បាប់​ប្រមាណ ៣ ទៅ ៤​ម៉ឺន​ម៉ែត្រ​គូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។