វៀតណាម​កំណត់​កម្ចី​អាក្រក់​ដើម្បី​ជំរុញ​ទីផ្សារ​ក្នុងស្រុក

ប្រទេស​វៀតណាម ៖ សារាចរ​កំណត់​លើ​ឥណទាន​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ភាគហ៊ុននឹង​ធ្វើ​ឲ្យ​ទីផ្សារ​ក្នុងស្រុក​មាន​ស្ថិរភាព ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ដូ បាវ​ង៉ុ​ក អ្នកជំនាញ​ភាគហ៊ុន​ជាន់ខ្ពស់​មក​ពី​ក្រុមហ៊ុន​មូល​ប​ត្រ MBS ។

លោក ដូ បាវ​ង៉ុ​ក ឱ្យ​ដឹង​ថា ៖ « សារាចរ​លេខ 07/2016/ TT-BTC បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៥ មីនា​នេះ ។ សារាចរ​នេះ នឹង​បញ្ឈប់​ក្រុមហ៊ុន​មូល​ប​ត្រ និង​វិនិយោគិន​ទាំងឡាយ​ពី​ការ​ប្រើប្រាស់​ឥណទាន​ភាគី​ទី​៣​រវាង​ពួក​គេ និង​បណ្តា​ធនាគារ ដើម្បី​កំណត់​ហានិភ័យ​លើ​វិស័យ​វិនិយោគ » ។

ការ​ផ្តល់​កម្ចី​ជា​មូលដ្ឋាន គឺជា​ឥណទាន​រវាង​ក្រុមហ៊ុន​មូល​ប​ត្រ​និង​វិនិយោគិន ដែល​អនុញ្ញាត​ដោយ​គណៈកម្មការ​មូល​ប​ត្រ​របស់​រដ្ឋ និង​ទីផ្សារ​ហ៊ុន ពោល​គឺ​មាន​៨០% នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​សរុប ខណៈ​ដែល​ប្រាក់​កម្ចី​រង គឺជា​កម្ចី​នៅ​ក្រោម​ក្រុមហ៊ុន​មូល​ប​ត្រ ដែល​បាន​ប្រើប្រាស់​ប្រាក់​របស់​វិនិយោគិន​ធ្វើ​ជា​ប្រាក់​បញ្ញើ​ក្នុង​ការ​ទាញ​យក​ឥណទាន​ពី​ធនាគារ ។

គួរ​បញ្ជាក់​ថា ការ​ផ្តល់​កម្ចី​ជា​មូលដ្ឋាន គឺ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ក្រុមហ៊ុន​មូល​ប​ត្រ​ធំ​ៗ ជាមួយនឹង​ដើមទុន ភាគហ៊ុន និង​មូល​ប​ត្រ​បំណុល ក្នុង​ការ​ទាញ​យកសារ​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​កម្ចី​ទ្រង់ទ្រាយ​ធំ ។ ចំណែក​ក្រុមហ៊ុន​មូល​ប​ត្រ​តូច​ៗ មាន​សក្តានុពល​ទាប​ជាង​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បន្ថែម ។ រីឯ​ក្រុមហ៊ុន​មូល​ប​ត្រ​មួយ​ចំនួន​ទៀត​បាន​អនុញ្ញាត​ឲ្យ​វិនិយោគិន​របស់​ខ្លួន​ប្រើប្រាស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹងស្តុក ដោយ​មិន​រាប់​បញ្ចូល​ទាំង​ការ​អនុញ្ញាត និងផ្តល់​ប្រាក់​កម្ចី​ច្រើន​ជាង​៥០%​ឡើយ។

លោក ដូ បាវ​ង៉ុ​ក បន្ថែម​ថា ៖ « តាម​សារាចរ​នេះ ឈ្មួញកណ្តាល​ត្រូវ​តែ​ដក​វត្ថុ​បញ្ចាំ​របស់​ពួក​គេ​ពី​ធនាគារ ខណៈ​វិនិយោគិន​ត្រូវ​បិទ​គណនី​របស់​ពួក​គេ និង​មិន​ទទួល​ប្រាក់​បន្ថែម​ពី​ធនាគារ​ទៀត​ឡើយ ។ ករណី​នេះ វិនិយោគិន​មួយ​ចំនួន​ត្រូវ​តែ​លក់​ភាគហ៊ុន​បញ្ចាំ​របស់​ពួក​គេ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជាមួយ​ធនាគារ ។ ការ​ធ្វើ​បែប​នេះ អាច​កំណត់​នូវ​លំហូរ​សាច់ប្រាក់​ចូល​ទីផ្សារ ខណៈ​វា​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ភាគហ៊ុន និង​ផ្តល់​នូវ​កាលានុវត្តភាព​បន្ថែម​ដល់​វិនិយោគិន​ដទៃ​ទៀត » ។

សារាចរ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​វិនិយោគិន​ក្នុងស្រុក​អាច​ត្រឡប់​ទៅ​រក​កម្ចី​មូលដ្ឋាន ដើម្បី​បង្កើន​ទីផ្សារ​ភាគហ៊ុន​ក្នុងស្រុក ៕