បាក់​ស្ពាន​អាកាស​នៅ​ឥណ្ឌា​ស្លាប់​យ៉ាងតិច​22​នាក់

មនុស្ស​យ៉ាងតិច​២២​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៣១ មីនា ដោយសារ​ការ​បាក់​ស្ពាន​អាកាស​កំពុង​សាងសង់​មួយ​នៅ​ទីក្រុង​កាល់​គូ​តា​ភាគ​ខាងកើត​ឥណ្ឌា ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ប៉ុនប៉ង​កាយ​យក​មនុស្ស​ជា​ច្រើន​សិប​នាក់​ដែល​ជាប់​ក្រោម​គំនរ​បាក់បែក ក្រោយ​គ្រោះថ្នាក់​នេះ​ដែល​ក៏​បណ្តាល​ឱ្យ​មនុស្ស​ជិត​១០០​នាក់​ទៀត​រង​របួស​ផង​ដែរ ។

ស្ពាន​អាកាស​នេះ​បាន​បាក់​ពេល​ម៉ោង​បរិភោគ​អាហារ​ពេល​ថ្ងៃត្រង់​ក្នុង​តំបន់​មាន​ប្រជាជន​ច្រើន​កុះករ​នៃ​ទីក្រុង​ឥណ្ឌា នេះ​ដោយ​សង្កត់​លើ​បណ្តា​អ្នក​ដើរ​ពីក្រោម ព្រមទាំង​រថយន្ត​ជា​ច្រើន​គ្រឿង ។

រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច លោក JAVED AHMED KHAN ថ្លែង​នា​វេលា​ល្ងាច​ថា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២២​នាក់ ។ ក្នុង​ចំណោម​អ្នក​របួស​ទាំង​៩២​នាក់ ១៧​នាក់ ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។ អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​រយ​នាក់​ប្រដាប់​ដោយ​ឧបករណ៍​កាត់​ដែក និង​ខួង ព្រមទាំង​ឆ្កែ​ហិតក្លិន​បាន​ខិតខំ​ធ្វើ​ប្រតិបត្តិការ​ទាំង​យប់​ប៉ុនប៉ង​ជួយ​សង្គ្រោះ មនុស្ស​ទាំងឡាយ​ដែល​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក ។ លោក ANIL SHEKHAWAT អ្នកនាំពាក្យ​របស់​កងកម្លាំង​អន្តរាគមន៍​ជាតិ​សម្រាប់​គ្រោះ​មហន្តរាយ NDRF បញ្ជាក់​ថា មនុស្ស​៤០០​នាក់ របស់ NDRF និង​ទាហាន​៣០០​នាក់​នៃ​កងទ័ព​ឥណ្ឌា​បាន​លើក​មក​កាន់​ទីតាំង​ជួយ​ប៉ូលិស និង​អាជ្ញាធរ​មូលដ្ឋាន ។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី បច្ចុប្បន្ន​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​បាន​សម្តែង​ពី​ការ​ក្តុកក្តួល​ចំពោះ​សោកនាដកម្ម​នេះ ។

ការ​បាក់​ស្ពាន​តែង​កើត​មាន​ញឹកញាប់​នៅ​ឥណ្ឌា ព្រោះតែ​ការ​ប្រើប្រាស់​សម្ភារ​ពុំ​មានគុណ​ភាពល្អ ហើយ​ខ្វះ​ការ​គោរព​បទដ្ឋាន​សន្តិសុខ ៕