វាយប្រហារ​បំផ្ទុះ​រថយន្ត​នៅ​តួ​ក​គី​ស្លាប់​ប៉ូលិស​7​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​ពាក់កណ្តាល​ផ្លូវការ​តួ​ក​គី ANADOLU រាយការណ៍​ថា ប៉ូលិស​៧​នាក់ ស្លាប់​កាលពី​ថ្ងៃ​ទី​៣១ មីនា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​ប្រឆាំង​រថយន្ត​ពាស​ដែក​មួយ​គ្រឿង​របស់​ប៉ូលិស​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី ។

យោង​តាម ANADOLU ថា ចំណែក​មនុស្ស​២៧​នាក់​ទៀត ក្នុង​នោះ​មាន​ប៉ូលិស​១៣​នាក់ រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ​ដែល​កើត​មាននៅ​ជិត​ស្ថានីយ​រថយន្ត​បឺស​មួយ​ក្នុង​ទីក្រុង DIYARBAKIR ។ រថយន្ត​បាន​ផ្ទុះ​ពេល​រថយន្ត​ប៉ូលិស​បើក​កាត់​ជិត​ស្ថានីយ​រថយន្ត​បឺស ។ រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ ខណៈ​ប៉ូលិស​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​យោធា​ក្រុង DIYARBAKIR ។

ចំណែក​ទូរទស្សន៍​តួ​ក​គី CNN TURK រាយការណ៍​ថា ការ​ផ្ទុះ​ពិតជា​ខ្លាំង​ដោយ​បង្អួច​ផ្ទះ​ទាំងឡាយ​នៅ​ជុំវិញ​ត្រូវ​បែក​កញ្ចក់ ហើយ​រថយន្ត​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត ។

នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក AHMET DAVUTOGLU បាន​មក​កាន់​ទីក្រុង DIYARBAKIR នា​ថ្ងៃ​ទី​១ មេ​សា ។ រថយន្ត​ពាស​ដែក​រង​ការ​វាយប្រហារ​នេះ​ដឹក​បណ្តា​អ្នក​ទទួលខុសត្រូវ​របស់​ប៉ូលិស​ដែល​បញ្ជូន​ទៅ​កាន់​ទីក្រុង DIYARBAKIR ដើម្បី​ពង្រឹង​សន្តិសុខ​ថែម​ទៀត ។

កងកម្លាំង​សន្តិសុខ​តួ​ក​គី​បាន​ធ្វើ​យុទ្ធនាការ​យ៉ាង​ធំ​មួយ​ប្រឆាំង​ក្រុម​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK នៅ​ភាគ​អាគ្នេយ៍​ប្រទេស ។ រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​បំរាម​គោចរ​ក្នុងស្រុក​ជា​ច្រើន​នៃ​ខេត្ត DIYARBAKIR ។ សមាជិក​កងកម្លាំង​សន្តិសុខ​តួ​ក​គី​ជាង​៣០០​នាក់ និង​សមាជិក​ក្រុម PKK ជា​ច្រើន​ពាន់​នាក់​ស្លាប់​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៥ មក ក្នុង​ការ​ប្រយុទ្ធ​គ្នា​នានា​នៅ​តួ​ក​គី ព្រមទាំង​នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ៕