លោក​អូ​បា​ម៉ា សន្យា​ការពារ​ខ្លួន​ប្រឆាំង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ព្រមទាំង​សម្ព័ន្ធមិត្ត​ជប៉ុន និង​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​៣១ មីនា បាន​សន្យា​ការពារ​ខ្លួន​ប្រឆាំង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​ស្តី​ពី​នុយក្លេអ៊ែរ​ដែល​លោក​អូ​បា​ម៉ា ក៏​លើក​ពី​បញ្ហា​នេះ​ដែរ​ជាមួយ​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង ។

ម្យ៉ាងវិញទៀត សេណា​រី​យ៉ូ គ្រោះ​មហន្តរាយ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នុយក្លេអ៊ែរ​តាម​រយៈ​គ្រាប់បែក​កខ្វក់​ធ្លាក់​ក្នុង​ដៃ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក៏​ជា​ចំណុច​សំខាន់​នៃ​ការ​ជួប​គ្នា​កំពូល​របស់​មេដឹកនាំ​បរទេស​៥០​រូប រយៈពេល​២​ថ្ងៃ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ជុំវិញ​លោក​អូ​បា​ម៉ា ដើម្បី​ពិភាក្សា​គ្នា​ពី​សន្តិសុខ​នុយក្លេអ៊ែរ​ដែរ ។

ក្រោយ​ការ​ជួប​គ្នា​ត្រីភាគី​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ​អា​បេ លោក​អូ​បា​ម៉ា បាន​សន្យា​ពី​ឯកភាព​របស់​សម្ព័ន្ធមិត្ត​ទាំង​៣ ពង្រឹង​កិច្ច​ការពារ​ខ្លួន ប្រឆាំង​ការ​បង្កហេតុ​នានា​របស់​កូរ៉េ​ខាងជើង ។ មេដឹកនាំ​ទាំង​៣​សន្យា​អនុវត្ត​បណ្តា​វិធានការ​ខ្លាំង​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប គឺ​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ថ្មី​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។

ទោះបី​យ៉ាងណា គន្លឹះ​នៃ​សំណុំរឿង​កូរ៉េ​ខាងជើង​ស្ថិត​ក្នុង​ដៃ​ចិន ។ ចិន​ពិតជា​បាន​បោះ​ឆ្នោត​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់ អ​.​ស​.​ប ក៏​ប៉ុន្តែ​សហរដ្ឋអាមេរិក​ចង់ឱ្យ​ចិន​ធ្វើការ​គាបសង្កត់​លើស​ម្ព័​ន្ទ​មិត្ត​កូរ៉េ​ខាងជើង ដើម្បី​ឱ្យ​ប្រទេស​នេះ​សម្រប​ខ្លួន ។ ក្នុង​ទិស​ដៅ​នោះ ហើយ​ទើប​លោក​អូ​បា​ម៉ា បាន​រៀបចំ​ការ​ជួប​ទល់មុខ​គ្នា​ជាមួយ​ប្រធានាធិបតី​ចិន។ ពេល​ជួប​គ្នា​នេះ លោក​អូ​បា​ម៉ា មាន​ប្រសាសន៍​ថា លោក​ប្រធានាធិបតី​ស៊ី និង​រូប​ខ្ញុំ​យើង​ប្តេជ្ញា​ធ្វើ​ឱ្យ​សម្រេចការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ឱ្យ​មានការ​អនុវត្ត​ពេញលេញ​បណ្តា​ទណ្ឌកម្ម​របស់ អ​.​ស​.​ប ។

លោក​ស៊ី បាន​សម្តែង​ការ​អបអរ​ចំពោះ​ការ​សម្របសម្រួល​គ្នា និង​ការ​ទាក់ទង​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព​មួយ​ជាមួយ​សហរដ្ឋអាមេរិក​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ ។

ចំពោះ​បញ្ហា​ចម្រូងចម្រាស់​ជា​ច្រើន​រវាង​មហាអំណាច​ពិភពលោក​ទាំង​២ ប្រធានាធិបតី​អា​​មេ​រិ​ក​សន្យា​ធ្វើការ​ផ្លាស់​ប្តូរ​គ្នា ដោយ​ស្មោះសរ​ក្នុង​វិស័យ​នានា ដែល​មានការ​ខ្វែង​គំនិត​គ្នា​ដូច​ជា​បញ្ហា​សិទ្ធិ​មនុស្ស ការ​លួច​ខាង​ព័ត៌មានវិទ្យា ឬ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ជាដើម ។

ការ​ជួប​គ្នា​កាំ​ពូ​ល​ស្តី​ពី​នុយក្លេអ៊ែរ​លើក​នេះ សម្រាប់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​ក្រុង​ព្រុ​ច​សែ​ល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣២​នាក់ និង​របួស​៣៤០​នាក់ ក្នុង​ពេល​មាន​ព័ត៌មាន​នានា​ស្តី​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នុយក្លេអ៊ែរ តាម​រយៈ​ការ​ប្រើ​គ្រាប់បែក​កខ្វក់​វិទ្យុសកម្ម​ដែល​អាច​ផលិត​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕