កូរ៉េ​ខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត​ទៅ​សមុទ្រ​ជប៉ុន

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ដែល​ដកស្រង់​សម្តី​អ្នក​ទទួលខុសត្រូវ​យោធា​ម្នាក់​រាយការណ៍​ថា កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​១ មេ​សា ហាក់ដូចជា​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៅ​កាន់​សមុទ្រ​ជប៉ុន​ហៅ​សមុទ្រ​ខាងកើត ។

នាយទាហាន​កូរ៉េ​ខាងត្បូង​ម្នាក់​និយាយ​ថា មី​ស៊ី​ល​នោះ​ត្រូវ​បាញ់​នៅ​សមុទ្រ​ជប៉ុន​ចេញពី​តំបន់​មួយ​ស្ថិត​នៅ​ឆ្នេរសមុទ្រ​ខាងកើត​របស់​កូរ៉េ​ខាងជើង ។ នាយទាហាន​រូប​នេះ​បន្ត​ថា កងទ័ព​កំពុង​តែ​កំណត់​ពី​ប្រភេទ​នៃ​មី​ស៊ី​ល​នេះ ដែល​បើ​តាម YONHAP ថា​ជា​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ ។

កូរ៉េ​ខាងជើង​បាន​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ខ្លី​មួយ​ចំនួន​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ដែល​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​ក្រុង​ព្យុ​ង​យ៉ាង​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​ទណ្ឌកម្ម​ទាំងឡាយ​របស់ អ​.​ស​.​ប ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ របស់​កូរ៉េ​ខាងជើង កាលពី​ខែមករា ។

ការ​បាញ់​សាកល្បង​មី​ស៊ី​ល​លើក​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើ​ឡើង ខណៈ​ដែល​ការ​ជួប​គ្នា​កំពូល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដោយ​បញ្ហា​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ជា​ចំណុច​សំខាន់​នៃ​ការ​ជួប​គ្នា​កំពូល​នេះ ៕