តើកំពុង​មានអ្វីកើត​ឡើង នៅ​​ក្នុង​ខេត្ត​មណ្ឌលគិរី?

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ​នៅ​ខេត្តមណ្ឌលគិរី ​អាកាសធាតុ​កំពុង​តែ​មាន​កម្តៅខ្លាំង​​ប្រមាណ​​ជាង​មួ​យ​ស​ប្តា​ហ៍​​មក​ហើយ ខណៈ​ដែល​ខេត្ត​នានា​ក្នុង​ទូ​ទាំង​ប្រទេស ​ក៏​បាន​រង​នូវ​ការ​រំខាន​ពី​​សីតុណ្ហភាព​ក្តៅនេះផងដែរ ដែល​ស្ទើរតែ​មិន​ធ្លាប់​​កើត​មាននៅ​ក្នុង​​ប្រទេស​​កម្ពុជា ​។

ជា​​​​ការ​​​ចាប់​​អារ​ម្ម​ណ៍​ អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្ល​ង​​មក​ហើយ ខេត្តមណ្ឌលគិរី​ មិន​ដែល​មាន​សីតុណ្ហភាព​​លើស​ពី​៣០ ​ទៅ​៣៥​អង្សា​នោះ​​ទេ តែ​នៅ​ឆ្នាំ​២០១៦​នេះ​ ខេត្តមណ្ឌលគិរី បាន​រង​នូវ​សីតុណ្ហភាព​ក្តៅ​ខ្លាំង ​ចាប់ពី​៣៨​ ទៅ​៤០​អង្សា​នា​ពេល​ថ្ងៃ ​នៅ​ពេល​យប់​ធ្លាក់​ចុះ​ត្រឹម​២៥​ ទៅ​២៧​អង្សា​។

ការ​ប្រែប្រួល​អាកាសធាតុ​ខុស​ប្លែក​ពី​ធម្មតា​​នេះ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​បរិស្ថាន​និយាយ​ថា កត្តា​ចម្បង​​ដែល​បណ្តាល​ឱ្យ​​កើត​​មាន​បាតុភូត​​បែប​​នេះ គឺ​មក​ពី​ល្បឿន​នៃ​ការ​បាត់បង់​ព្រៃឈើ​មាន​សភាព​លឿន​ពេក ហើយ​ការ​បំផ្លាញ​ព្រៃឈើ​ ដែល​ជា​ប្រភព​រក្សា​លំនឹង​ធម្ម​ជាតិ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ជា​រៀងរាល់ថ្ងៃ​ ។​ មណ្ឌលគិរី​ គឺជា​ខេត្ត​នា​ភូមិភាគ​ឦសាន ដែល​ល្បីល្បាញ​ពី​អាកាសធាតុ​ដ៏​សែន​ត្រជាក់ និងសំបូរ​តំបន់​ទេសភាព​​ធម្មជាតិ​រាប់​មិន​​អស់ បច្ចុប្បន្ន​ក៏​បាន​ក្លាយទៅជា​ទីវាល​​ដ៏​ក្តៅ​ក្រោម​ពន្លឺព្រះអា​ទិត្យ ដោយសារ​តែ​ដី​ព្រៃ​ឈើ​​រាប់​សែន​ហិច​តា​ ត្រូវ​គេ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កសិកម្ម ​។​ 

លោក វ៉ា​ន់ ទិ​ត្យ ដែល​បាន​មក​រស់នៅ​ខេត្តមណ្ឌលគិរី​តាំងពី​ឆ្នាំ​១៩៨៤​បាន​ឱ្យដឹង​ថា កាលពី​ឆ្នាំ​នោះ​(១៩៨៤)​ គ្រួសារ​របស់​លោក​បាន​ចាក​ចេញពី​ខេត្តស្វាយរៀង ដែល​ជា​ស្រុក​កំណើត មក​រស់នៅ​ក្នុង​ក្រុង​សែ​មនោ​រម្យ ខេត្តមណ្ឌលគិរី​ ។ ​លោក​បាន​បន្ត​ថា កាល​ពេល​​មក​រស់​ទី​នេះ​ដំបូង គ្រួសារ​របស់​លោក​ពិតជា​ពិបាក​ខ្លាំង​ណាស់ ព្រោះតែ​អាកាសធាតុ​នៅ​ខេត្ត​នេះ ត្រជាក់​ខ្លាំង​ជាង​ស្រុក​កំណើត​​​របស់​គាត់ ​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ សូ​ម្បី​ពេល​ថ្ងៃ មិន​ថា​រដូវប្រាំង​រដូវវស្សា​នោះ​ទេ ស្ទើរ​រក​ថ្ងៃ​ហាល​ខោអាវ​បាន​ផង គឺ​មាន​ខ្យល់​​សើម​ជា​និច្ច​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត