ជនជាតិអាមេរិកកាំង ដេកស្លាប់ ក្នុងផ្ទះសំណាក់

កំពត៖ ជនជាតិអាមេរិចកាំងម្នាក់ ត្រូវបានប្រទះឃើញ ដេកស្លាប់ ក្នុងផ្ទះសំណាក់ "ខេមរា" ស្ថិតក្នុង ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីបុគ្គលិកផ្ទះសំណាក់ ធំក្លិនស្អុយ ចេញពីក្នុងបន្ទប់។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីមន្រ្តីជំនាញ ធ្វើកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារ ជំងឺខ្យល់គ ហើយសពនេះ បានស្លាប់ចន្លោះពី ២ថ្ងៃ ទៅ៣ថ្ងៃ។ ជនរងគ្រោះឈ្មោះ ROBERTS JOE KENT ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិ អាមេរិចកាំង។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ បុគ្គលិកផ្ទះសំណាក់ បានទៅសំអាតបន្ទប់ ជនរងគ្រោះ ហើយមានធំក្លិនស្អុយ ដោយសង្ស័យ ក៏បើកទ្វារបន្ទប់មើល ស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់ ផ្កាប់មុខ ដោយខ្លួនអាក្រាត មានហៀរទឹក លាយឈាម។

បើតាមអ្នកគ្រប់គ្រងផ្ទះសំណាក់ ខេមរា បានឲ្យដឹងថា លោក Joe Kent បានមកជួលបន្ទប់ស្នាក់ នៅក្នុងផ្ទះសំណាក់ រយៈពេលពេញ ១ខែមកហើយ បើគិតមកដល់ថ្ងៃនេះ។ សពជនរងគ្រោះ ក្រោយធ្វើកោសល្យវិច្ច័យហើយ ត្រូវបានដឹកតាមរថយន្ត សាមុយ នាំយកទៅតំកល់ នៅឯមន្ទីរពេទ្យរុស្សី នៃរាជធានីភ្នំពេញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត