សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ចប់អាណត្តិ ជូបសវនាការ និងជម្រាបលា

ភ្នំពេញ:

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ លោកហុង គីជុល (Hong Ki Chol) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបសវនាការនេះ ឯកឧត្តម ហុង គីជុល បានលើកឡើងពីចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានកើតមានជាយូរមកហើយ ក្រោមព្រះរាជកិច្ចដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រកម្ពុជា គឺសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងឯកឧត្តមសេនាប្រមុខ គឹម យុងអ៊ីល ។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងរបស់សម្តេចប្រធានរដ្ឋសភា ក្នុងការពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសរដ្ឋសភានៃប្រទេសទំាងពីរ កម្ពុជានិងសាធារណរដ្ឋប្រជាមានិតប្រជា ធិបតេយ្យកូរ៉េ ឲ្យមានការរីកចម្រើនជាលំដាប់។
លោកហុង គីជុល បានមានប្រសាសន៍លើកឡើងពីការគិតគូររបស់ សម្តេចប្រធាន ក្នុងការពង្រឹងទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរនេះ ដូចជា នៅក្នុងឱកាសដែលសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៨ សភាតំបន់អាស៊ី (APA) នាខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ សម្តេចប្រធាន បានឆ្លៀតពេលដ៏មមាញឹក ទទួលជួបសវនាការនិងពិភាក្សាការងារជាមួយ គណៈប្រតិភូរដ្ឋសភាសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលនេះ ជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់របស់សម្តេច ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពរដ្ឋសភាប្រទេសទំាងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត របស់ឯកឧត្តម ហុង គីជុល នៅក្នុងអាណត្តិកន្លងមកនេះ ដែលបានខិតខំពង្រឹងទំនាក់ទំនង ជាប្រពៃណីនៃប្រទេសទំាងពីរ ឲ្យមានការរីកចម្រើន។ សម្តេចមានសង្ឃឹមថា ចំណងមិត្តភាពដ៏យូរលង់នេះ នឹងបន្ត ថែរក្សា តាមរយៈបេសកកម្មការទូត របស់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អាណត្តិក្រោយៗទៀត។
តាមរយៈលោកឯកអគ្គរដ្ឋទូតចប់អាណត្តិ សម្តេចប្រធានរដ្ឋសភា បានគោរពអញ្ជើញរដ្ឋសភាប្រជាជនសាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលរួមមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ម្តងទៀតនាចុងឆ្នាំ២០១៦នេះ៕
សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ចប់អាណត្តិ ជូបសវនាការ និងជម្រាបលា

សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ចប់អាណត្តិ ជូបសវនាការ និងជម្រាបលា