ប្រតិភូ​មេ​គយ​កម្ពុជា​ទៅ​ប្រទេស​ថៃ ស្វែង​យល់​ពី​លំហូរ​ទំនិញ​របស់​ថៃ​ចូល​កម្ពុជា

ប្រទេស​ថៃ ៖ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ មីនា គណៈប្រតិភូ​នៃ​រដ្ឋបាល​គយ​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​ថៃ ក្នុង​គោលបំណង​ស្វែង​យល់​ពី​លំហូរ​ទំនិញ​របស់​ថៃ​នាំ​ចូល​មក​កម្ពុជា និង​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ​មក​កម្ពុជា ដោយ​ប្រើប្រាស់​កំពង់​ផែ​មួយ​ចំនួន​របស់​ថៃ ក៏​ដូច​ជា​ការ​ដឹក​តាម​ផ្លូវគោក​មក​កាន់​កម្ពុជា​ផង​ដែរ ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ​ថៃ​ប្រចាំ​កំពង់​ផែ​ឡឺម​ចា​បាង កំពង់​ផែ​ខ្ល​ង​យ៉ៃ និង​កំពង់​ផែ S.Kittawan ដែល​ជា​កំពង់​ផែ​សំខាន់​សម្រាប់​ចរាចរ​ទំនិញ​ឆ្លងកាត់​មក​ប្រទេស​កម្ពុជា​។ នៅ​តាម​កំពង់​ផែ​នីមួយ​ៗ គណៈប្រតិភូ​គយ​កម្ពុជា ត្រូវ​បាន​ទទួល​ស្វាគមន៍ និង​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​មន្ត្រី​គយ​ថៃ ស្តី​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការងារ​គយ ព្រមទាំង​នីតិវិធី​គយ​ពាក់ព័ន្ធ​នឹង​ទំនិញ​នាំ​ចេញ នាំ​ចូល និង​ឆ្លងកាត់​តាម​កំពង់​ផែ​ទាំងនោះ ។

ជា​កិច្ច​ឆ្លើយ​តប លោក​បណ្ឌិត គុណ ញឹ​ម បាន​ថ្លែងអំណរគុណ និង​លើក​ឡើង​អំពី​សារសំខាន់​នៃ​ការ​ពង្រឹង​ការ​គ្រប់គ្រង​ទំនិញ​នាំ​ចេញ នាំ​ចូល ហើយ​ថា​ប្រទេស​ថៃ គឺជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​យ៉ាង​សំខាន់​របស់​កម្ពុជា ។ ទន្ទឹម​នឹង​ទំនិញ​របស់​ថៃ​នាំ​ចូល​មក​កម្ពុជា​នេះ ក៏​មាន​ទំនិញ​មួយ​ចំនួន​នាំ​ចូល​មក​កម្ពុជា​ពី​ប្រទេស​ទី​៣ ដោយ​ឆ្លងកាត់​តាម​ប្រទេស​ថៃ​ផង​ដែរ ។ ភ្ជាប់​នឹង​របប​គយ​ឆ្លងកាត់​នេះ លោក​អគ្គនាយក​ក៏​បាន​ស្នើ​ឲ្យ​គយ​ថៃ​ជួយ​សម្រួល​ដល់​ទំនិញ​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទី​៣ ដោយ​ប្រើប្រាស់​កំពង់​ផែ​ឡឺម​ចា​បាង (​ដឹក​ឆ្លងកាត់​) និង​ជួយ​ពង្រឹង​ការ​គ្រប់គ្រង​ទំនិញ​នាំ​ចូល​មក​កម្ពុជា ដោយ​ឆ្លងកាត់​តាម​កំពង់​ផែ​ឡឺម​ចា​បាង​នេះ ។

ជាក់ស្ដែង ចំពោះ​ទំនិញ​នាំ​ចូល​មក​កម្ពុជា លោក​បណ្ឌិត​បាន​ស្នើ​កុំ​ឲ្យ​មានការ​កាត់ និង​រើ​ទំនិញ​ចេញពី​កុងតឺន័រ​នៅ​ក្នុង​ទឹកដី​ថៃ ។ ធ្វើ​ដូចនេះ គឺ​ដើម្បី​រក្សា​យ​ថា​ប្រភេទ និង​បរិមាណ​នៃ​ទំនិញ និង​ចំនួន​កុងតឺន័រ ដែល​ត្រូវ​ប្រកាស​ដើម្បី​បង់ពន្ធ​អាករ​នាំ​ចូល​ឲ្យ​បាន​ត្រឹមត្រូវ ។ លោក​អគ្គនាយក​ក៏​បាន​ចាត់តាំង​លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​អ្នក​ទំនាក់ទំនង​ដើម្បី​បន្ត​ធ្វើ​ការងារ​នេះ​ជាមួយ​គយ​ថៃ ។

គួរ​បញ្ជាក់​ដែរ​ថា តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ទ្វេភាគី​នៃ​រដ្ឋបាល​គយ​ទាំង​ពីរ កាលពី​ខែកុម្ភៈ​កន្លង​មកនេះ នៅ​ទីក្រុង​ហួ​ហ៊ី​ន ប្រទេស​ថៃ ទៅ​លើ​សេចក្តី​ព្រាង « អនុស្សរណៈ​ស្ដី​ពី​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ទ្វេភាគី និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ »  ត្រូវ​បាន​រៀបចំ​ឡើង ហើយ​គ្រោង​ចុះហត្ថលេខា​នៅ​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥-២៧ ឧសភា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ តប​តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន​ថៃ ឈ្មោះ SCG Trading Co., Ltd គណៈប្រតិភូ​គយ​កម្ពុជា ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន SCG និង​មជ្ឈមណ្ឌល​ចែកចាយ​គ្រឿងបន្លាស់​គោ​យន្ត ត្រាក់ទ័រ ម៉ាស៊ីន​ច្រូត​របស់​ក្រុមហ៊ុន Siam Kubota Corporation ដែល​មាន​សាខា​នៅ​កម្ពុជា​ផង​ដែរ ។ នៅ​ទីនោះ តំណាង​ក្រុមហ៊ុន​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទិដ្ឋភាព​ទូទៅ ប្រវត្តិ រចនាសម្ព័ន្ធ​បេសកកម្ម និង​ទស្សនវិស័យ​រួម​នៃ​ក្រុមហ៊ុន SCG និង​ក្រុមហ៊ុន​នានា​ជា​បុត្រ​សម្ព័ន្ធ ដែល​បច្ចុប្បន្ន​នេះ មាន​៨​ក្រុមហ៊ុន​កំពុង​មាន​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​នៅ​កម្ពុជា ។

លោក​ប្រធាន​គណៈប្រតិភូ​គយ​កម្ពុជា ក៏​បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ផង​ដែរ ហើយ​ណែនាំ​ឲ្យ​ភាគី​ក្រុមហ៊ុន​បន្ត​កិច្ចសហការ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​គយ​កម្ពុជា តាម​រយៈ​យន្តការ​ភាព​ជា​ដៃគូ​គយ និង​ផ្នែក​ឯកជន ដែល​មាន​អនុ​ក្រុមការងារ​ចំនួន​៣ សម្រាប់​ដោះស្រាយ​បញ្ហា​តាម​វិស័យ ៕