ប្រៃសណីយ៍​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណេញ​5​ឆ្នាំ​ជាប់​គ្នា​ពី​ការ​ផ្តល់​សេវាជូន​អតិថិជន

រាជធានី​ភ្នំពេញ ៖ តាម​ការ​ធ្វើ​អាជីវកម្ម​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ប្រៃសណីយ៍​កម្ពុជា​បាន​បង្កើន​នូវ​ប្រាក់​ចំណូល​ពី​២.១៦៤.០០០​ដុល្លារ​នៅ​ឆ្នាំ​២០១០ កើនឡើង​៥.៤៥៧.៥០៧​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ជា​រៀង​រាល់​ឆ្នាំ ។ ជាក់ស្តែង ចំណូល​នៅ​ឆ្នាំ​២០១៥ សរុប​ចំនួន​៥.៤៥៧.៥០៧​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៤ ស្មើនឹង​៥.១៩៨.៥០៧​ដុល្លារ បាន​កើនឡើង​៤,៩៨% ខណៈ​ប្រាក់​ចំណេញ​មាន​១៩៨.៤៦៤​ដុល្លារ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក អោ​ក បូ​រ៉ា ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០១៦ នៅ​ប្រៃសណីយ៍​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ។

លោក អោ​ក បូ​រ៉ា មាន​ប្រសាសន៍​បន្ត​ថា ៖ « ក្រោយ​ពី​បាន​ក្លាយ​ខ្លួន​ជា​សហគ្រាស​សាធារណៈ​នៅ​ឆ្នាំ​២០១១​មក ប្រៃសណីយ៍​កម្ពុជា​បាន​កែទម្រង់​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​អាជីវកម្ម និង​គណនេយ្យ ដោយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា ICT ក្នុង​ការ​បង្កើន​គុណភាព​សេវា​កសាង​ទំនុកចិត្ត ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន និង​លើក​ស្ទួយ​ជីវភាព​របស់​និយោជិត​។ សម្រាប់​រយៈពេល​៥​ឆ្នាំ ប្រៃសណីយ៍​កម្ពុជា​បាន​រក​ប្រាក់​ចំណេញ​លើ​វិស័យ​ប្រៃសណីយ៍​សរុប​ចំនួន​១.៥១៨.០៦៩​ដុល្លារ នេះ​ពុំ​ទាន់​គិត​ពី​ប្រាក់​ចំណេញ​៥% ដែល​បាន​មក​ពី​ការ​ចូល​ហ៊ុន​ជាមួយ​ធនាគារ​កា​ណា​ឌី​យ៉ា នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​ធនាគារ​រក​ប្រាក់​ចំណេញ​បាន​ចំនួន​៤.១៦០.០០០​ដុល្លារ » ។

លោក​បន្ថែម​ថា ៖ « ទន្ទឹម​នឹង​លទ្ធផល​សម្រេច​បាន​ខាងលើ​នេះ ប្រៃសណីយ៍​កម្ពុជា​បាន​ប្រែក្លាយ​ការ​បម្រើសេវា​ប្រៃសណីយ៍​បែប​ប្រពៃណី ទៅ​ជា​ការ​បម្រើសេវា​ដោយ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា ICT និង​បង្កើត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បញ្ញើ​ផ្ទាល់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព និង​រហ័ស​ទាន់ចិត្ត ព្រមទាំង​សិក្សា​ស្វែងរក​សេវា​ថ្មី​ៗ ដោយ​បំពាក់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម និង​ខិតខំ​ស្វែងរក​ដៃគូ​វិនិយោគ​រួម​គ្នា​បន្ថែម​ទៀត » ។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​មាន​ប្រសាសន៍​ថា ៖ « ជោគជ័យ​ដែល​យើង​ទទួល​បាន​ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា គឺ​ភាគច្រើន​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​ប្រៃសណីយ៍​បែប​ប្រពៃណី ដូច​ជា​ការ​ផ្ញើ​សំបុត្រ​ជាដើម ។ ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​បច្ចេក​វិទ្យា សេដ្ឋកិច្ច សង្គម និង​ការ​ប្រែប្រួល​ថ្មី​នៃ​តម្រូវការ ក៏​ដូច​ជា​ការ​ប្រែប្រួល​ឥរិយាបថ​របស់​មនុស្ស គឺ​ទាមទារ​ឱ្យ​ប្រៃសណីយ៍​កម្ពុជា​ធ្វើខ្លួន និង​ឆ្លើយ​តប​ឱ្យទាន់​ការ​ប្រែប្រួល​ទាំងនេះ ទាំង​ក្នុង​ការ​ដឹកនាំ​ការងារ​គ្រប់គ្រង​ធនធានមនុស្ស និង​ការ​គ្រប់គ្រង​ខ្សែ​សង្វា​ក់​ការងារ ។ ការ​គិតគូរ​លើ​ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ ឧបករណ៍​ទំនើប​ៗ​ដូច​ជា SMS HUB, Mobile Payment, courier service on demand និង​ផល​ដែល​នឹង​ទទួល​បាន​មក​វិញ​ពី​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ៗ​នោះ » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖ « ទន្ទឹម​នឹង​នេះ ការ​ពង្រឹង និង​ពង្រីក​សេវា​ដែល​មាន​ស្រាប់ ក៏​ចាំបាច់​ត្រូវ​គិតគូរ​ផង​ដែរ​ដូច​ជា ត្រូវ​ស្វែងរក​ដៃគូ​វិនិយោគ និង​ដៃគូ​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​បំពេញតម្រូវការ និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន ។ ការ​ពង្រាយ​សាខា​ឱ្យ​បាន​គ្រប់​ទីកន្លែង ឬ​ការ​ដាក់​បញ្ជរ​ជាមួយ​គ្នា​នៅ​ទីតាំង​លក់ទំនិញ ឬ​អគារ​ផ្ដល់​សេវា​ផ្សេង​ៗ ដើម្បី​ធ្វើ​យ៉ាងណា បង្ខិត​សេវា​ប្រៃសណីយ៍​ឱ្យទៅ​ជិត និង​នៅ​រួម​ជាមួយ​ទីតាំង​ផ្ដល់​សេវា​ផ្សេង​ទៀត ដែល​នេះ​គឺជា​ការ​ចង់បាន​របស់​អតិថិជន​ភាគច្រើន ហើយ​ក៏​អាច​កាត់​បន្ថយ​ក្នុង​ការ​ចំណាយ​សាងសង់​សាខា​ថ្មី និង​ការ​ចំណាយ​មូលដ្ឋាន​ផង​ដែរ » ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ៖ « យើង​ត្រូវ​គិតគូរ​ប្រមើល​មើល​ពី​ប្រៃសណីយ៍​កម្ពុ​ជានា​ពេល​អនាគត ក្នុង​ស្ថានភាព​មួយ​ដែល​មានការ​ប្រកួតប្រជែង​ជាមួយ​ប្រតិបត្តិ​ករ​ដទៃ​ទៀត ដែល​កាន់តែ​មាន​ភាព​តានតឹង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស ពេល​កម្ពុជា​យើង​ចូល​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ឆ្នាំ​២០១៦​នេះ​។ ការ​ប្រកួតប្រជែង​អាច​ជា​ការ​ប្រឈម និង​ជា​ការ​គំរាមកំហែង តែ​ក៏​អាច​ជា​ឱកាស​របស់​ប្រៃសណីយ៍​កម្ពុជា​ផង​ដែរ ប្រសិនបើ​យើង​បាន​ត្រៀមខ្លួន​រឹង​មាំ​ក្នុង​ការ​ប្រកួតប្រជែង​នោះ​។ ដើម្បី​សម្រេច​បាន​តាម​ការ​លើក​ឡើង​នេះ ប្រៃសណីយ៍​កម្ពុជា​ត្រូវ​មាន​ធនធានមនុស្ស​មាន​សមត្ថភាព និង​ប្រកបដោយ​ឥរិយាបថ​ជា​អ្នក​ធ្វើ​អាជីវកម្ម ឬ​ជា​អ្នក​រកស៊ី និង​ជា​អ្នកបម្រើ​សេវា​សាធារណៈ​ផង​ដែរ » ៕