ដឹង​​អត់​ថា ​ក្នុងខែមីនា មាន​​​​​មនុស្ស​ស្លាប់​ប៉ុន្មាន​​នាក់​​?

រាជធានី​ភ្នំពេញ ៖ នៅ​ខែមីនា ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស បាន​កើតឡើង​ចំនួន​២៩៦​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​១២១​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​៤៦៥​នាក់​។ បើ​ប្រៀបធៀប​ទៅ​នឹង​ខែកុម្ភៈ ឆ្នាំ​២០១៦ គឺ​មានការ​ថយ​ចុះ​ទាំង​ចំនួន​អ្នក​ស្លាប់​និង​របួស ។

ដោយឡែក គ្រោះ​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ កើតឡើង​៩៨២​លើក ស្លាប់​៤០០​នាក់ និង​របួសធ្ងន់​ស្រាល​១.១៦១​នាក់ ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស ក្នុង​រយៈពេល​មួយ​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​៣០ ខែមីនា កើតឡើង​ចំនួន​២៩៦​លើក បណ្តាល​ឲ្យ​ស្លាប់​១២១​នាក់ របួសធ្ងន់​២៨៩​នាក់  ។

មូលហេតុ​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន បើកបរ​ក្នុង​ល្បឿ​ង​លឿន​ចំនួន​១១៥​លើក បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ចំនួន​៣៦​លើក បើកបរ​ប្រជែង​គ្រោះថ្នាក់​ចំនួន​៣៣​លើក មិន​គោរព​សិទ្ធិ​៣៧​លើក មិន​ប្រកាន់​ស្តាំ​៣៧​លើក​, បត់​គ្រោះថ្នាក់​៣៣​លើក កត្តា​យានយន្ត​ចំនួន​០៦​លើក និង​ងងុយដេក​០៥​លើក ។ គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​កើតឡើង​ច្រើន​ជាងគេ​គឺ ៖

-​រាជធានី​ភ្នំពេញ កើតឡើង​ចំនួន​១៧​លើក ស្លាប់​១០​នាក់ របួសធ្ងន់​២៥​នាក់ របួសស្រាល​០៦​នាក់ ។
-​ខេត្តកណ្តាល​១៣​លើក ស្លាប់​០៨​នាក់ របួសធ្ងន់​១៣​នាក់ របួសស្រាល​០៧​នាក់ ។
-​ខេត្តកំពង់ចាម​១៤​លើក ស្លាប់​០៨​នាក់​របួសធ្ងន់​១១​នាក់ របួសស្រាល​០៧​នាក់ ។
-​ខេត្តកំពង់ស្ពឺ​១៣​លើក ស្លាប់​០៧​នាក់ របួសធ្ងន់​១៤​នាក់ របួសស្រាល​០១​នាក់ ។
-​ខេត្តតាកែវ​២០​លើក ស្លាប់​០៦​នាក់ របួសធ្ងន់​១៨​នាក់ របួសស្រាល​១៦​នាក់ ។
 -​ខេត្តកំពត​១៦​លើក ស្លាប់​០៦​នាក់ របួសធ្ងន់​២០​នាក់ របួសស្រាល​០៧​នាក់ ។
-​ខេត្តសៀមរាប​០៦​លើក ស្លាប់​០៥​នាក់​របួសធ្ងន់​០៣​នាក់ ស្រាល​០៣​នាក់ ។
-​ខេត្ត​ព្រះ​សីហ​នុ​១៩​លើក ស្លាប់​០៦​នាក់ របួសធ្ងន់​៤១​នាក់ របួសស្រាល​៤៧​នាក់ ។
-​ខេត្តកំពង់ធំ​០៩​លើក ស្លាប់​០៤​នាក់ របួសធ្ងន់​១១​នាក់ របួសស្រាល​០៣​នាក់ ។
-​ខេត្ត​ត្បូងឃ្មុំ​០៧​លើក ស្លាប់​០៦​នាក់ របួសធ្ងន់​០៤ របួសស្រាល​០១​នាក់ ។
-​ខេត្តរតនគិរី​០៩​លើក ស្លាប់​០៧​នាក់ របួសធ្ងន់​០៤​នាក់ របួសស្រាល​០៣​នាក់ ៕